ដោយទុករឿងលុយសង់ជញ្ជាំងមួយឡែក ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ព្រមចុះហត្ថលេខាលើច្បាប់ផ្តល់កញ្ចប់ថវិកាសំដៅបើករដ្ឋាភិបាលទាំងស្រុងឡើងវិញក្នុងរយៈពេលបីសប្តាហ៍សិន។ ក្នុងពេលនេះ អ្នកនយោបាយទាំងពីរបក្សចាប់ផ្តើមពិភាក្សាគ្នាលើកិច្ចព្រមព្រៀងជនអន្តោប្រវេសន៍ និងសន្តិសុខព្រំដែន។ លោក ត្រាំ ចង់បានជញ្ជាំង ឬរនាំងដែកថែបនៅក្នុងកិច្ចព្រមព្រៀងសន្តិសុខព្រំដែននេះ។
ក្រោយបិទអស់រយៈពេល ៣៥ថ្ងៃ ដែលជារយៈពេលវែងជាងគេក្នុងប្រវត្តិសាស្ត្រអាមេរិក រដ្ឋាភិបាលសហព័ន្ធទាំងស្រុងត្រូវបើកដំណើរការឡើងវិញ។ ការបើកឡើងវិញនេះធ្វើឡើងក្រោយពេលដែលលោក ដូណាល់ ត្រាំ ព្រមចុះហត្ថលេខាលើវិធានការផ្តល់កញ្ចប់ថវិកាដល់ទីភ្នាក់ងារដែលត្រូវបិទដំណើរការ ដោយទុករឿងលុយថ្លៃជញ្ជាំង ៥,៧ពាន់លានដុល្លារមួយឡែកសិន។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP ថ្វីបើរដ្ឋាភិបាលទាំងស្រុងចាប់ផ្តើមដំណើរដំណើរការជាប្រក្រតីក៏ពិតមែន កញ្ចប់ថវិកាកំណត់ក្នុងដំណោះស្រាយដែលមានការឯកភាពគ្នានេះ មានរយៈពេលប្រើប្រាស់បណ្តោះអាសន្នប៉ុណ្ណោះពោលគឺត្រឹមថ្ងៃ ១៥ ខែកុម្ភៈ។
លោក ត្រាំ បានទាមទារថវិកា ៥,៧ ពាន់លានដុល្លាសម្រាប់សង់ជញ្ជាំព្រំដែនជាមួយម៉ិកស៊ិកជាថ្នូរនឹងការបើករដ្ឋាភិបាលទាំងស្រុងឡើងវិញ។ ប៉ុន្តែដល់ចុងសប្តាហ៍ប្រធានាធិបតីរូបនេះហាក់ប្តូរជំហរបន្តិចដោយព្រមអនុញ្ញាតឲ្យមានការអនុវត្តវិធានការបណ្តោះអាសន្ននេះដើម្បីបើកផ្លូវឲ្យមានចរចា។
ក្នុងពេលបើករដ្ឋាភិបាលទាំងស្រុងបណ្តោះអាសន្ននេះ សមាជិកសភាទាំងពីរបក្សប្រញាប់ប្រញាល់ជជែកពិភាក្សាគ្នាពីកិច្ចព្រមព្រៀងសមស្របមួយសម្រាប់គ្រប់គ្រងបញ្ហាជនអន្តោប្រវេសន៍។ សភាអាមេរិកនឹងបង្កើតគណៈកម្មការចម្រុះមួយដែលមានសមាជិកសភាតំណាង និងព្រឹទ្ធសភាមកពីបក្សទាំងពីរដើម្បីរកដំណោះស្រាយរួមលើបញ្ហាសន្តិសុខព្រំដែននេះផង។
យ៉ាងណាក៏ដោយ លោក ត្រាំ នៅតែលើកឡើងជាថ្មីពីការទាមទារជញ្ជាំងព្រំដែន ឬយ៉ាងហោចណាស់មានការសង់រនាំងដែកថែប ហើយលោកក៏គំរាមឲ្យមានការបិទរដ្ឋាភិបាលដោយផ្នែកឡើងវិញទៀត ឬក៏អាចប្រកាសដាក់រដ្ឋក្នុងភាពអាសន្នតែម្តង បើសិនជាសភាមិនអាចបង្កើតកិច្ចព្រមព្រៀងដែលលោក ចង់បានទេនោះ។
ដោយឡែកការព្រមទទួលយកចំណាត់ការបើករដ្ឋាភិបាលទាំងស្រុងបណ្តោះអាសន្ននេះធ្វើឲ្យមានពាក្យរិះគន់ប្រធានាធិបតី ដ្បិតថាលោកអះអាងជារឿយៗថាលោកមិនចុះហត្ថលេខលើវិធានការនេះទេ បើមិនបានលុយសង់ជញ្ជាំង។ អ្នកខ្លះចាត់ទុកថា សកម្មភាពនេះបង្ហាញថា លោក ត្រាំ លើកទង់ជ័យសហើយ។
ឃើញការរិះគន់ លោក ត្រាំ ប្រញាប់សរសេរសារបង្ហោះតាមគណនី twitter ខ្លួនភ្លាមតែម្តងដោយទាត់ចោលរាល់ការរិះគន់ថាលោក បរាជ័យ និងព្រមចុះចាញ់រឿងទារលុយសង់ជញ្ជាំង។ លោក ត្រាំ អះអាងដូច្នេះ៖« វាមិនមែនជាការចុះចាញ់ឡើយ។ វាជាការយកចិត្តទុកដាក់លើមនុស្សរាប់លាននាក់ដែលកំពុងរងការឈឺចាប់ខ្លួនដោយសារការបិទរដ្ឋាភិបាល ហើយគេគួរយល់ថា ២១ថ្ងៃទៀត បើសិនជាគ្មានកិច្ចព្រមព្រៀងមួយសមស្របទេ រឿងល្អមើលនឹងចាប់ផ្តើមជាថ្មីទៀត»។
«យើងពិតជាគ្មានជម្រើសផ្សេងទៀតឡើយ ក្រៅពីសង់ជញ្ជាំងមហិមារ ឬក៏រនាំងដែកថែប»។ លោកត្រាំ បន្តបែបនេះ។
សូមបញ្ជាក់ថា ការបិទរដ្ឋាភិបាលសហព័ន្ធបណ្តោះអាសន្នដោយផ្នែកនេះជាការបិទដំណើរការមួយវែងជាងគេក្នុងប្រវត្តិសាស្ត្រអាមេរិក។ការបិទដំណើរការនេះប៉ះពាល់ដល់ក្រសួងចំនួនប្រាំបួនក្នុងចំណោមក្រសួង ១៥ និងទីភ្នាក់ងារសំខាន់ៗចំនួនច្រើនជាងដប់ដែលត្រូវផ្អាកដំណើរការ។ បុគ្គលិកប្រហែល ៨០ម៉ឺននាក់ដែលរងផលប៉ះពាល់ដោយសារការបិទរដ្ឋាភិបាលសហព័ន្ធដោយផ្នែកនេះ ហើយរាល់ការអូសបន្លាយនឹងបង្កផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ៕