អន្តរជាតិ
មូលហេតុអ្វីម៉ាកាវក្លាយជាទីក្រុងកាស៊ីណូដ៏ធំលើពិភពលោក?
× ទីក្រុងម៉ាកាវធ្លាប់ជាទឹកដីអាណានិគមរបស់ប្រទេសព័រទុយហ្គាល់ក្នុងអំឡុងពាក់សតវត្សទី១៦។ ក្នុងឆ្នាំ១៩៩៩ ទីក្រុងមួយនេះត្រូវបានព័រទុយហ្គាល់ប្រគល់ឲ្យចិនគ្រប់គ្រងវិញក្នុងស្ថានភាពជាតំបន់រដ្ឋបាលពិសេស។ បច្ចុប្បន្ន ម៉ាកាវក៏ជាទីក្រុងតែមួយគត់ក្នុងប្រទេសចិនដែលមានការបើកទូលាយសម្រាប់ការលេងល្បែងស៊ីសង និងទីក្រុងកាស៊ីណូធំបំផុតលើលោកដែរ។
មុនឆ្នាំ១៩៩៩ ម៉ាកាវគឺជាទីក្រុងដែលសម្បូរទៅដោយក្រុមសង្គមងងឹត ហើយកាលនោះ មានតែភ្ញៀវពិសេសភាគច្រើនជាអ្នកមានលុយស្តុកស្តម្ភប៉ុណ្ណោះដែលមានលទ្ធភាពចូលលេងល្បែងបាន។ មហាជនធម្មតាមិនអាចចូលលេងកំសាន្តក្នុងកាស៊ីណូធំៗបាននោះឡើយ។
ហេតុដូចនេះហើយបានជាម៉ាកាវគឺជាទីក្រុងល្បែងមួយ ដែលមានលក្ខណៈពិសេសជាងទីក្រុងល្បែងដទៃៗទៀត។ ដល់ឆ្នាំ២០០១ ដោយសារឥទ្ធិពល និងផលចំណេញរបស់ទីក្រុងមួយនេះក្នុងវិស័យល្បែង រដ្ឋាភិបាលចិនក៏បានអនុញ្ញាតឲ្យក្រុមហ៊ុនធំៗជាច្រើនខ្នាតអន្តរជាតិចូលវិនិយោគតែម្តង។
ក្នុងនោះមានក្រុមហ៊ុនដែលមកពីសហរដ្ឋអាមេរិក អូស្ត្រាលី និងទីក្រុងហុងកុង។ ពួកគេសង្កត់ធ្ងន់ក្នុងការសាងសង់សណ្ឋាគារកាស៊ីណូ និងផ្សារទំនើបធំៗជាច្រើន។ នៅក្នុងឆ្នាំ១៩១២ ទីក្រុងម៉ាកាវគឺជាទីក្រុងដែលមានផ្ទៃដីតូចមួយ គឺ ត្រឹមតែ ១១គីឡូម៉ែត្រការ៉េប៉ុណ្ណោះ។ ក្នុងឆ្នាំ២០១០ ទីក្រុងនោះមានពង្រីកផ្ទៃរហូតដល់ក្បែ៣០គីឡូម៉ែត្រការ៉េ។
ទោះបីជាទីក្រុងមួយនេះបានរកចំណូលពីល្បែងកាស៊ីណូក៏ពិតមែន ចំណូលដែលបានពីវិស័យទេសចរណ៍ក៏នៅជាកត្តាសំខាន់សម្រាប់សេដ្ឋកិច្ចតំបន់មួយនេះ។ គេមិនភ្លេចទេថា ការប្រឆាំងអំពើពុករលួយអនុវត្តដោយប្រធានាធិបតី ស៊ី ជិនភីង ជួយឲ្យទីក្រុងម៉ាកាវខាត់បង់ប្រាក់ចំណូលបន្តិចបន្តួចប៉ុណ្ណោះ។
គោលនយោបាយកណ្តាប់ដៃដែកកម្ចាត់ពុករលួយនេះ បានជំរុញឲ្យអ្នកលេងល្បែងមួយចំនួន ជ្រើសរើសកន្លែងផ្សេងដូចជា កាស៊ីណូនៅសិង្ហបុរី និងនៅហ្វីលីពីនវិញ។ ប៉ុន្តែដោយពឹងផ្អែកលើហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជាស្ពាន ផ្លូវថ្នល់ និងអាកាសយាន្តដ្ឋាន ទីក្រុងម៉ាកាវ នៅតែបន្តរកចំណូលជាច្រើនពីការលេងល្បែង និងទិសដៅវិស្សមកាលរបស់អ្នកទេសចរអន្តរជាតិដដែល។
© រក្សាសិទ្ធិដោយ thmeythmey.com