អន្តរជាតិ
មូលហេតុ​អ្វី​ម៉ា​កាវ​ក្លាយជា​ទីក្រុង​កាស៊ីណូ​ដ៏​ធំ​លើ​ពិភពលោក​?
26, Jan 2019 , 6:29 pm        
រូបភាព
​ទីក្រុង​ម៉ា​កាវ​ធ្លាប់ជា​ទឹកដី​អាណានិគម​របស់​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​ក្នុងអំឡុង​ពាក់​សតវត្ស​ទី​១៦​។ ក្នុង​ឆ្នាំ​១៩៩៩ ទីក្រុង​មួយ​នេះ​ត្រូវបាន​ព័រ​ទុយ​ហ្គា​ល់​ប្រគល់​ឲ្យ​ចិន​គ្រប់គ្រង​វិញ​ក្នុងស្ថានភាព​ជា​តំបន់​រដ្ឋបាល​ពិសេស​។ បច្ចុប្បន្ន ម៉ា​កាវ​ក៏​ជាទី​ក្រុង​តែមួយគត់​ក្នុងប្រទេស​ចិន​ដែលមាន​ការបើក​ទូលាយ​សម្រាប់​ការលេង​ល្បែងស៊ីសង និង​ទីក្រុង​កាស៊ីណូ​ធំ​បំផុត​លើ​លោក​ដែរ​។​

 
​មុន​ឆ្នាំ​១៩៩៩ ម៉ា​កាវ​គឺជា​ទីក្រុង​ដែល​សម្បូរ​ទៅដោយ​ក្រុមសង្គមងងឹត ហើយ​កាលនោះ មានតែ​ភ្ញៀវ​ពិសេស​ភាគច្រើន​ជា​អ្នកមាន​លុយ​ស្តុកស្តម្ភ​ប៉ុណ្ណោះ​ដែលមាន​លទ្ធភាព​ចូល​លេងល្បែង​បាន​។ មហាជន​ធម្មតា​មិនអាច​ចូល​លេង​កំសាន្ត​ក្នុង​កាស៊ីណូ​ធំៗ​បាន​នោះឡើយ​។​
 
​ហេតុដូចនេះ​ហើយ​បានជា​ម៉ា​កាវ​គឺជា​ទីក្រុង​ល្បែង​មួយ ដែលមាន​លក្ខណៈពិសេស​ជាង​ទីក្រុង​ល្បែង​ដទៃៗ​ទៀត​។ ដល់​ឆ្នាំ​២០០១ ដោយសារ​ឥទ្ធិពល និង​ផលចំណេញ​របស់​ទីក្រុង​មួយ​នេះ​ក្នុង​វិស័យ​ល្បែង រដ្ឋាភិបាល​ចិន​ក៏បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធំៗ​ជាច្រើន​ខ្នាត​អន្តរជាតិ​ចូល​វិនិយោគ​តែម្តង​។​
 
 ក្នុងនោះ​មាន​ក្រុមហ៊ុន​ដែល​មកពី​សហរដ្ឋអាមេរិក អូស្ត្រាលី និង​ទីក្រុង​ហុងកុង​។ ពួកគេ​សង្កត់ធ្ងន់​ក្នុងការ​សាងសង់​សណ្ឋាគារ​កាស៊ីណូ និង​ផ្សារ​ទំនើប​ធំៗ​ជាច្រើន​។ នៅក្នុង​ឆ្នាំ​១៩១២ ទីក្រុង​ម៉ា​កាវ​គឺជា​ទីក្រុង​ដែលមាន​ផ្ទៃដី​តូច​មួយ គឺ ត្រឹមតែ ១១​គីឡូម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ​។ ក្នុង​ឆ្នាំ​២០១០ ទីក្រុង​នោះ​មាន​ពង្រីក​ផ្ទៃ​រហូតដល់​ក្បែ​៣០​គីឡូម៉ែត្រ​ការ៉េ​។​
 
 ទោះបីជា​ទីក្រុង​មួយ​នេះ​បាន​រក​ចំណូល​ពី​ល្បែង​កាស៊ីណូ​ក៏ពិតមែន ចំណូល​ដែល​បាន​ពី​វិស័យ​ទេសចរណ៍​ក៏​នៅ​ជា​កត្តា​សំខាន់​សម្រាប់​សេដ្ឋកិច្ច​តំបន់​មួយ​នេះ​។ គេ​មិន​ភ្លេច​ទេ​ថា ការប្រឆាំង​អំពើពុករលួយ​អនុវត្ត​ដោយ​ប្រធានាធិបតី ស៊ី ជិន​ភីង ជួយ​ឲ្យ​ទីក្រុង​ម៉ា​កាវ​ខាត់​បង់ប្រាក់​ចំណូល​បន្តិច​បន្តួច​ប៉ុណ្ណោះ​។ 
​គោលនយោបាយ​កណ្តាប់ដៃ​ដែក​កម្ចាត់​ពុករលួយ​នេះ បាន​ជំរុញ​ឲ្យ​អ្នក​លេងល្បែង​មួយចំនួន ជ្រើសរើស​កន្លែង​ផ្សេង​ដូចជា កាស៊ីណូ​នៅ​សិង្ហ​បុរី និង​នៅ​ហ្វីលីពីន​វិញ​។ ប៉ុន្តែ​ដោយ​ពឹង​ផ្អែកលើ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ ដូចជា​ស្ពាន ផ្លូវថ្នល់ និង​អាកាស​យាន្ត​ដ្ឋា​ន ទីក្រុង​ម៉ា​កាវ នៅតែ​បន្ត​រក​ចំណូល​ជាច្រើន​ពី​ការលេង​ល្បែង និង​ទិសដៅ​វិស្សមកាល​របស់​អ្នកទេសចរ​អន្តរជាតិ​ដដែល​។ 

Tag:
 ម៉ា​កាវ​
  កាស៊ីណូ
© រក្សាសិទ្ធិដោយ thmeythmey.com