ជាតិ
២៥ខេត្ត/រាជធានី
​រដ្ឋមន្ត្រី​កសិកម្ម មាន​វិធានការណ៍​៤​ចំណុច​ក្នុង​ការពង្រឹង​ផលិតផល​ស្រូវ​-​អង្ករ​ខ្មែរ​
26, Jan 2019 , 2:45 pm        
រូបភាព
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រូបបានពីទំព័រហ្វេសប៊ុក ក្រសួងកសិកម្ម)
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រូបបានពីទំព័រហ្វេសប៊ុក ក្រសួងកសិកម្ម)
​ភ្នំពេញ​៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានដាក់​វិធានការ​សំខាន់​៤​ចំណុច ក្នុងការ​លើកកម្ពស់​ផលិតកម្ម និង​ធុរកិច្ច​ស្រូវ​អង្ករ ដើម្បី​ជំរុញ​លទ្ធភាព​នៃ​ប្រកួតប្រជែង​នាំចេញ​។ ការដាក់​វិធានការ​នេះ ធ្វើឡើង​ក្រោយ សហភាព​អឺរ៉ុប ប្រកាស​យកពន្ធ​អង្ករ​នាំចូល​ពី​កម្ពុជា រយៈពេល​បី​ឆ្នាំ​ជាប់​គ្នា ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១​។

 
​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងកសិកម្ម វិធានការ​សំខាន់​ទាំង​៤​ចំណុច ដែល​ត្រូវ​អនុវត្តតាម​នោះ​មាន ចំណុច​១ មន្ត្រី​ជំនាញ​របស់​ក្រសួង ត្រូវ​បន្ត​ការស្រាវជ្រាវ និង​បញ្ចេញ​ប្រភេទ​ពូជស្រូវ​ក្រអូប​ប្រណិត និង​ផលិតកម្ម​គ្រាប់​ពូជស្រូវ​ក្រអូប​សុទ្ធ តាមរយៈ​ការផលិត​នៅ​ថ្នាក់​សហគមន៍ និង​ក្រុម​កសិករ​ផលិត​គ្រាប់ពូជ​។ បន្តធ្វើ​យ៉ាងណា​ឱ្យមាន​គ្រាប់ពូជ​គ្រប់គ្រាន់ និង​តម្លៃ​សមរម្យ ដើម្បី​ពង្រីក​ផលិតកម្ម​ស្រូវ​ក្រអូប​។ ជាមួយគ្នានេះ​ស្នើ​វិស័យ​ឯកជន ចូលរួម​ដាក់ទុន​វិនិយោគ​ក្នុង​ការផលិត​គ្រាប់​ពូជស្រូវ​ក្រអូប ដែលមាន​គុណភាព​ខ្ពស់​ស្របតាម​ស្តង់ដារ និង​តម្រូវការ​ទីផ្សារ​អន្តរជាតិ​។​
 
​ចំណុច​២៖ ត្រូវ​ព្យាយាម​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម ណា​ដែល​មិនចាំបាច់ ហើយ​ត្រូវ​ជំរុញ​ឱ្យបាន​ខ្លាំង​បន្ថែម នូវ​វិធានការ​បច្ចេកទេស​ផលិតកម្ម ដែល​ទទួលបាន​ទិន្នផល​ខ្ពស់ និង​ចំណាយ​តិច រួម​ជាមួយនឹង​ការអនុវត្ត​ទំនើបភាវូបនីយកម្ម​ក​សិ​កម្ម​។ អគ្គនាយកដ្ឋាន​កសិក​ម្ម ត្រូវ​សម្រួល​ដល់​ការនាំ​ចូល​ជី​កសិកម្ម ថ្នាំ​កសិកម្ម និង​សម្ភារ​កសិកម្ម​ដទៃទៀត ដោយ​ធានាបាន​ពី​គុណភាព​ស្របតាម​ស្តង់ដារ​កំណត់ ឱ្យបាន​លឿន និង​មាន​ប្រសិទ្ធភាព​ជាង​មុន ដើម្បី​សម្រួល​ដល់​ការផលិត​ស្រូវ​បាន​កាន់​ប្រសើរ​។​
 
​ចំណុច​៣៖ អ្នកប្រមូល​ទិញស្រូវ​ពី​អ្នក​ផលិត ត្រូវ​បន្ត​ទំនាក់ទំនង​ជាមួយ​ធនាគារ​អភិវឌ្ឍ​ជនបទ ដើម្បី​ទទួលបាន​ឥណទាន ប្រមូល​ទិញស្រូវ​ពី​កសិករ សហគមន៍​កសិកម្ម ដោយ​មិន​ត្រូវយក​ហេតុផល​នៃ​ការដាក់​វិធានការ​ការពារ​ទីផ្សារ​របស់​សហគមន៍​អឺរ៉ុប មក​ទម្លាក់​ថ្លៃ​ទិញស្រូវ​ពី​កសិករ​ឡើយ​។ ក្រុមហ៊ុននាំចេញ​អង្ករ ត្រូវ​ពិនិត្យ​និង​ធានា​គុណភាព​អង្ករ​ក្រអូប​ឱ្យបាន​សុទ្ធ​ល្អ​មិនត្រូវ​លាយ​បន្លំ​អង្ករ​ប្រភេទ​ផ្សេង ដែលនាំឱ្យ​អតិថិជន​បាត់បង់​ជំនឿ​លើ​គុណភាព​អង្ករ​ក្រអូប​កម្ពុជា​។​
 
​ចំណុច​៤៖ សហព័ន្ធ​ស្រូវ អង្ករ​កម្ពុជា គួរ​យកចិត្តទុកដាក់​ជំរុញ​ឱ្យ​សមាគមន៍​ម៉ាស៊ីនកិនស្រូវ ខិតខំ​បង្កើន​សមត្ថភាព​កែច្នៃ​អង្ករ ឱ្យមាន​គុណភាព​បន្ថែមទៀត សម្រាប់​បម្រើឱ្យ​ទីផ្សារ​អន្តរជាតិ​។ ពិសេស​ទីផ្សារ​ប្រទេស​ចិន ដែលមាន​រហូតដល់​៤០​ម៉ឺន​តោន ក្នុង​ឆ្នាំ​២០១៩​។ លើសពីនេះ​ទៀត សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា គួរ​ពិគ្រោះ​យោបល់​គ្នា  ដើម្បី​ពិនិត្យ​លើ​ប្រឈម ពី​ផលប៉ះពាល់ នៃ​ការដាក់​វិធានការ​ការពារ​ទីផ្សារ​អង្ករ​របស់​សហគមន៍​អឺរ៉ុប រួច​លើកសំណើ ឬ​សំណូមពរ​មក​ក្រុមការងារ​ផ្នែក​ស្រូវ​-​អង្គរ នៃ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន ពិនិត្យ​និង​រក​ដំណោះស្រាយ​តាម​ការចាំបាច់​។ 
 
​ឆ្នាំ​២០១៧-២០១៨ កម្ពុជា​ផលិត​ស្រូវ​បាន​ជាង​១០,៥​លាន​តោន និង​មាន​ភាព​លើស​(​អតិរេក​)​ស្បៀង​ជា​អង្ករ​ចំនួន​៣,៥៥​លាន​តោន ឬ​៥,៥៦​លាន​តោន​ស្រូវ សម្រាប់​បម្រើឱ្យ​ការប្រើប្រាស់​ឧស្សាហកម្ម​ស្បៀង​ក្នុងស្រុក និង​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​។ ក្នុងនោះ​ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​សហគមន៍​អឺរ៉ុប​មាន​ជិត ២៧​ម៉ឺន​តោន ស្មើនឹង​៧,៥​ភាគរយ នៃ​ចំនួន​អង្ករ​សរុប ក្នុងប្រទេស និង​ស្មើ​ជិត​៤៣​ភាគរយ នៃ​ចំនួន​នាំ​ចេញទៅ​ទី​អន្តរជាតិ​សរុប​។ 
 
​សូម​រម្លឹកថា សហគមន៍​អឺរ៉ុប បានសម្រេច​យកពន្ធ​លើ​ការនាំចេញ​អង្ករ​របស់​កម្ពុជា ចាប់ពី​ថ្ងៃទី​១៨ មករា ឆ្នាំ​២០១៩ ដែលជា​ឆ្នាំ​ទីមួយ មានតម្លៃ​១៧៥​អឺរ៉ូ ក្នុង​មួយ​តោន ហើយ​ធា្ល​ក់​ចុះ​១៥០​អឺរ៉ូ ក្នុង​ឆ្នាំ​២០២០ ជា​ឆ្នាំ​ទី​ពីរ និង​ឆ្នាំ​ទី​បី​នៅត្រឹម​១២៥​អឺរ៉ូ ក្នុង​ឆ្នាំ​២០២១៕

Tag:
 ជាតិ​
  សេដ្ឋកិច្ច​
  ស្រូវ​-​អង្ករ​
  ផលិតកម្ម​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com