ជាតិ
សេដ្ឋកិច្ច
ជប៉ុន​ផ្តល់ជំនួយ​២​លាន​ដុល្លារ ជួយ​ព​ន្លឿ​ន​ការបញ្ចប់​អំពើហិង្សា​គ្រប់​ទម្រង់​លើ​កុមារ​នៅ​កម្ពុជា​
27, Jan 2019 , 9:29 am        
រូបភាព
រូបភាពពីAKP
រូបភាពពីAKP
​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​ជប៉ុន បានផ្តល់​ជំនួយឥតសំណង​ចំនួន ២​លាន​ដុល្លារ សម្រាប់​គម្រោង​បង្ការ និង​ឆ្លើយតប​អំពើហិង្សា​លើ​កុមារ​នៅ​កម្ពុជា​។ ជា​គម្រោង​ដែលមាន​មាន​គោលដៅ​ព​ន្លឿ​ន​ចំណាត់ការ ដើម្បី​បញ្ចប់​រាល់​គ្រប់​ទម្រង់​នៃ​អំពើហិង្សា​លើ​កុមារ​ក្នុងប្រទេស​កម្ពុជា​។ ជំនួយ​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ លោក ហ៊ី​ដេ​ហ៊ី​សា ហូ​រី​ណូ​អ៊ុ​ជិ  ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​លោកស្រី ណា​តា​ឆា ផា​ឌី​សុន ប្រធានស្តីទី​នៃ​មូលនិធិ​សហប្រជាជាតិ​ដើម្បី​ប្រចាំ​កម្ពុជា នៅ​ទីស្តីការក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នា​ថ្ងៃទី​២២ មករា ឆ្នាំ​២០១៩​។



​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា គម្រោង​នេះ នឹង​ជួយ​បង្កើន​សមត្ថភាព​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​ព​ន្លឿ​ន​ការអនុវត្ត​ផែនការ​សកម្មភាព​ដើម្បី​ទប់ស្កាត់ ព​ន្លឿ​ន​ចំណាត់ការ​ក្នុងការ​បញ្ចប់​រាល់​ទម្រ​ង់​អំពើហិង្សា និង​ដើម្បី​ឆ្លើយតប​ចំពោះ​អំពើហិង្សា​លើ​កុមារ​ឆ្នាំ​២០១៧-២០២១​។ 
 
​នៅក្នុង​ប្រទេស​កម្ពុជា កុមារ​ជាង​ពាក់កណ្តាល​នៃ​កុមារ​ទាំងអស់ បាន​រង​អំពើហិង្សា​យ៉ាងហោចណាស់​មួយ​ទម្រង់ មុន​ពួកគេ​ឈានដល់​អាយុ​១៨​ឆ្នាំ​។ នេះ​បើតាម​ប្រកាស​ព័ត៌មាន​ដដែល ដោយ​បន្ត​បញ្ជាក់ទៀតថា បើទោះជា​មាន​បញ្ហា​ធ្ងន់ធ្ងរ​ជាច្រើន​ទាក់ទង​នឹង​កិច្ចការពារ​ដែល​កុមារ​បាន​ជួបប្រទះ​ក៏ដោយ ប្រព័ន្ធ​កិច្ចការពារ​កុមារ​របស់​កម្ពុជា​ភាគច្រើន មិន​ទទួលបាន​មូលនិធិ​គាំទ្រ​គ្រប់គ្រាន់​នៅឡើយ​។​
 
​លោក ហ៊ី​ដេ​ហ៊ី​សា ហូ​រី​ណូ​អ៊ុ​ជិ  ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា មានប្រសាសន៍​ក្នុង​ពិធី​ចុះហត្ថលេខា​នោះ​ថា ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​នេះ គឺ​ដើម្បី​គាំទ្រ​ដល់​ក្រសួង​ពាក់ព័ន្ធ​ក្នុងការ​អនុវត្ត​សកម្មភាព​កិច្ចការពារ​កុមារ​។ «​ខ្ញុំ​ជឿថា​ហិរញ្ញប្បទាន​ឥត​សំណង​នេះ មាន​សារៈប្រយោជន៍​សម្រាប់​ការអភិវឌ្ឍ​មួយ​ដ៏​ល្អ​ដល់​ស្មារតី​កុមារ​ជាច្រើន ដែល​ពួកគេ​នឹង​រួមចំណែក​អភិវឌ្ឍ​អនាគត​របស់​ប្រទេស​កម្ពុជា​»​។ លោក ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បន្ថែម​ដូច្នេះ​។​
 
​លោក វង សូត្រ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​ដែល​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​នោះ បញ្ជាក់ថា ដើម្បី​រួមចំណែក​ដល់​ការសម្រេច​ឲ្យ​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព ក្រសួង​សង្គមកិច្ច​កំពុង​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​នៅ​ថ្នាក់ជាតិ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​កិច្ចការពារ​កុមារ​។ 
 
​ក្នុងឱកាស​នោះដែរ លោកស្រី ណា​តា​ឆា ផា​ឌី​សុន ប្រធានស្តីទី​នៃ​មូលនិធិ​សហប្រជាជាតិ​ដើម្បី​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា គម្រោង​នេះ នឹង​បន្ត​ពង្រឹងសមត្ថភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ឱ្យមាន​ប្រព័ន្ធ​កិច្ចការពារ​កុមារ​មួយ​ដែល​ដំណើរការ និង​មាន​សម្របសម្រួល​ល្អ ដើម្បី​អាច​បង្ការ និង​ឆ្លើយតប​ទៅនឹង​អំពើហិង្សា​លើ​កុមារ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ តាម លោកស្រី​ណា​តា​ឆា ផា​ឌី​សុន តាមរយៈ​គម្រោង​នេះ​កុមារ​ងាយ​រងគ្រោះ​ជាង​១​លាន​នាក់ នឹង​ទទួលបាន​កិច្ចការពារ​កាន់តែ​ប្រសើរ​ពី​អំពើហិង្សា តាមរយៈ​ក្របខ័ណ្ឌ​ស្ថាប័ន និង​ក្របខ័ណ្ឌ​ច្បាប់​ដែល​ល្អ​ជាង​មុន សេវា​កិច្ចការពារ​កុមារ​ប្រកបដោយ​គុណភាព  និង​បរិយាកាស​សហគមន៍​ដែល​ផ្តល់​កិច្ច​គាំទ្រ​។ ទន្ទឹមនឹងនេះ លោកស្រី​ក៏​អំពាវនាវ​ឲ្យ​គ្រប់​អ្នកពាក់ព័ន្ធ​ធ្វើការ​រួមគ្នា ដើម្បី​ឲ្យ​គម្រោង​នេះ​បាន​ជោគជ័យ ហើយ​ជគ​ជ័យ​នេះ នឹង​នាំ​កម្ពុជា​ក្លាយជា​ប្រទេស​ឈានមុខ​គេ​ក្នុង​តំបន់ សម្រាប់​ការប្រយុទ្ធប្រឆាំង​ដើម្បី​បញ្ចប់​អំពើហិង្សា​លើ​កុមារ​៕
 

Tag:
 ជំនួយ​
 ​អំពើហិង្សា​
 ​កុមារ​
 ​យូ​នី​សេ​ហ្វ​
 ​ស្ថានទូត​ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com