ជាតិ
ក្រសួងការពារជាតិ៖ រាល់សកម្មភាពដែលគាំទ្រការអំពាវនាវរបស់លោក សម រង្ស៊ី ជាអំពើខុសច្បាប់ សម្តេចទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពិធីរំលឹកខួបលើកទី ២០ ឆ្នាំ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក
× ភ្នំពេញ៖ ក្រសួងការពារជាតិ តាមរយៈអ្នកនាំពាក្យរបស់ខ្លួន បានប្រកាសខ្លួនថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះការអំពាវនាវរបស់ លោក សម រង្ស៊ី ដែលមានគំនិតប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌ បំផ្លិចបំផ្លាញសុខសន្តិភាពប្រជាជន ដោយប្រឆាំងរដ្ឋាភិបាលស្របច្បាប់។
យោងតាមសេចក្តីប្រកាសព័ត៌មានមួយដែលធ្វើឡើងនៅថ្ងៃទី២៦ មករា ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ បានសរសេរយ៉ាងដូច្នេះ «កងយោធពលខេមរភូមិន្ទ គោរព និងអនុវត្តម៉ឺងម៉ាត់ដាច់ខាតនូវបទបញ្ជា និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដើម្បីវាយកម្ទេចជនក្បត់ជាតិ ដែលប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌ បំផ្លិចបំផ្លាញសុខសន្តិភាពរបស់ប្រជាជន។ កងយោធពលខេមរភូមិន្ទ ត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីអនុវត្តនូវដីការបស់តុលាការនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការចំពោះជនដែលតុលាការតាមចាប់ខ្លួន»។
សេចក្តីថ្លែងការណ៍ដដែលបានបន្តថា «កងយោធពលខេមរភូមិន្ទ សូមអំពាវនាវដល់ជនរួមជាតិទាំងអស់ កុំជឿតាមការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី។ យើងចាត់ទុកថា រាល់សកម្មភាពណាដែលគាំទ្រទៅនឹងការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី គឺជាអំពើខុសច្បាប់។ យើងទាំងអស់គ្នាប្តេជ្ញាចិត្តបង្ក្រាបដាច់ខាត ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសន្តិភាពជូនជាតិមាតុភូមិ»។
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ អតីតគណបក្សប្រឆាំង បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួន នៅសហរដ្ឋអាមេរិក ដោយមានការចូលរួមផ្ទាល់ពីលោក សម រង្ស៊ី និងថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនទៀត ដូចជា អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង និងលោក អ៊ូ ច័ន្ទឫទ្ធិ ជាដើម ដើម្បីកំណត់ផែនការជាក់លាក់ពីការធ្វើមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី។ ផែនការដ៏សំខាន់មួយ ដែលអតីតគណបក្សប្រឆាំង បានដាក់ចេញ គឺការបង្កើតក្រុមការងារ ដើម្បីរៀបចំកម្លាំង ត្រៀមទទួលលោក សម រង្ស៊ី។
យ៉ាងណា អតីតគណបក្សប្រឆាំង ពុំបានបញ្ជាក់ពីពេលវេលាច្បាស់លាស់នៃការវិលត្រឡប់របស់លោកសម រង្ស៊ី ឡើយ។ ប៉ុន្តែ លោក សម រង្ស៊ី ខ្លួនឯង ធ្លាប់ប្រកាសថា លោក នឹងមកកម្ពុជាវិញ នៅឆ្នាំ២០១៩នេះ៕
Tag:
ជាតិ
នយោបាយ
បដិវត្តន៍ពណ៌
សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com