ជាតិ
ជប៉ុន ប្រគល់​នាវា​ល្បាត​គយ​២​គ្រឿង​តម្លៃ​៤,៥​លាន​ដុ​លា្ល​រ ដល់​កម្ពុជា​
26, Jan 2019 , 10:59 pm        
រូបភាព
រូបបានពី AKP
រូបបានពី AKP
​ភ្នំពេញ​៖ នាវា​ល្បាត​គយ (Customs patrol boats) ពីរ​គ្រឿង ដែលមាន​តម្លៃ​សរុប ៤,៥​លាន​ដុល្លារ ត្រូវបាន​រដ្ឋាភិបាល ជប៉ុន ជូន​ដល់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដើម្បី​ពង្រឹងសមត្ថភាព មន្ដ្រី​គយ ក្នុងការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​នៅក្នុង​ភូមិសាស្ត្រ​សមុទ្រ និង​តំបន់ឆ្នេរ​កម្ពុជា​។ នេះ​បើ​សារព័ត៌មាន​ជាតិ AKP​។​

 
​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​នាវា​ល្បាត​គយ​ពីរ​គ្រឿង កាលពី​ថ្ងៃទី ២៥ មករា ឆ្នាំ​២០១៩ នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​មានប្រសាសន៍ថា នាវា​ល្បាត​គយ ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន ក្រោម​កម្មវិធី​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​នេះ នឹង​រួមចំណែក​យ៉ាងសំខាន់​បន្ថែមទៀត ដល់​ការពង្រឹង​សមត្ថភាព និង​ប្រសិទ្ធភាព ក្នុង​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​នៅក្នុង​ភូមិសាស្ត្រ​សមុទ្រ និង​តំបន់ឆ្នេរ​កម្ពុជា​។ លើសពីនេះ​សម្រាប់​ចូលរួម​ក្នុងការ​ពង្រឹង​សន្តិសុខ​លំហរ​សមុទ្រ​កម្ពុជា​។​


 
​លោក បាន​បន្ដថា នាវា​ល្បាត​នីមួយៗ​មាន​បំពាក់​ប្រព័ន្ធ​រ៉ា​ដា វិទ្យុទាក់ទង កែវ​យឺត និង​បរិក្ខារ ទំនើបៗ ដែល​អាច​បម្រើ​ដល់​ប្រតិបត្តិការ​លើ​ផ្ទៃសមុទ្រ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​
 
​ពិធី​ប្រគល់​ធ្វើឡើង​ក្រោម​អធិបតីភាព លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក HORINOUCHI Hidehisa ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ៕
 
 

Tag:
 ជាតិ​
  សេដ្ឋកិច្ច​
 ​នាវា​
 ​គយ​
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com