ជាតិ
ពីនេះ ពីនោះ
តើសារព័ត៌មានមានដើមកំណើតមកពីណា?
× សារព័ត៌មានគឺជាលំនាំនៃការប្រមូល រៀបចំ ចងក្រង និងផ្សព្វផ្សាយព័ត៌មានទៅកាន់មហាជនទូទៅ តាមរយៈវិធីសាស្ត្រផ្សព្វផ្សាយផ្សេងៗ។ តើសារព័ត៌មានមានប្រវតិ្តឬដើមកំណើតយ៉ាងដូចម្តេច?
បើយោងតាមគេហទំព័រ universalclass.com ក្រោមចំណងជើងថា «A Brief History of Journalism: How We Arrived to Where We Are» លំនាំសារព័ត៌មានដំបូងគេបង្អស់ត្រូវបានអ្នកបុរាណវិទ្យាសំដៅទៅកាន់ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ក្នុងឆ្នាំ៥៩ មុនគ្រិស្តសករាជ ឬជាង២០០០ឆ្នាំមុន។
ក្នុងសម័យបុរាណ ព័ត៌មានត្រូវបានគេសរសេរនៅលើក្តារបន្ទះរាងចតុកោណកែង ចងពន្យួរនៅតាមទីក្រុងផ្សេងៗក្នុងទីក្រុងសម្រាប់ប្រជាជនទូទៅអាន។ ក្តារបន្ទះទាំងនោះត្រូវបានគេហៅថា Acta Diurna ។
ក្នុងឆ្នាំ១៦០៩ ប្រទេសអាល្លឺម៉ង់បានផលិតលំនាំព័ត៌មានដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងព័ត៌មានបច្ចុប្បន្នដែរ។ កាសែតនោះត្រូវបានគេដាក់ឈ្មោះថា Weekly Newes ដែលសរសេរជាភាសាអង់គ្លេសបុរាណ។
ចាប់តាំងពីពេលនោះមក វិស័យសារព័ត៌មានត្រូវបានមហាជនឲ្យតម្លៃ និងប្រជាប្រិយភាពរបស់វិស័យមួយនេះកើនឡើងជារៀងរាល់ឆ្នាំ។ ការបង្កើតម៉ាស៊ីនបោះពុម្ភដំបូងក្នុងអំឡុងសតវត្សន៍ទី១៩បានធ្វើឲ្យសារព័ត៌មានបោះជំហានឡើងក្នុងការចែកចាយដំណឹង និងអត្ថបទនានាទៅកាន់អ្នកអានក្នុងតម្លៃធូរថ្លៃ និងចំណាយពេលតិច។
ប៉ុន្តែជារឿយៗ ដំណឹងទាំងអស់នោះមិនសូវជាទទួលបានការគាំទ្រពីសំណាក់រដ្ឋាភិបាល ឬអ្នកមានអំណាចឡើយ។ ក្នុងសម័យនោះ អ្នកមានអំណាចតែងដាក់ពន្ធ និងពេលខ្លះគាបសង្កត់សេរីភាពក្នុងការផ្សព្វផ្សាយព័ត៌មាន និងការបញ្ចេញមតិ។ ក្នុងពេលជាមួយគ្នានោះ ទស្សនាវដ្តីក៏ត្រូវបានគេបង្កើតឡើង ដើម្បីផ្គត់ផ្គង់តម្រូវព័ត៌មានពីសំណាក់ប្រជាជនជាច្រើន។ ក្រោយមក ការរីកលូតលាស់នៃប្រព័ន្ធអេឡិចត្រូនិច ដែលមានដូចជា ខ្សែតេលេក្រាម រលកវិទ្យុ ទូរគមនាគមន៍ និងប្រព័ន្ធអ៊ីនធឺណេតបានបង្កើតភាពងាយស្រួលបន្ថែមទៀតសម្រាប់អ្នកយកព័ត៌មាននិងអ្នកអាន និងទទួលបានផលិតផលព័ត៌មានយ៉ាងស្រួលទាំងអស់គ្នា។
ដោយសារតែហេតុនេះហើយ ទើបសារព័ត៌មាននេះបានក្លាយជាវិស័យមួយយ៉ាងសំខាន់មិនអាចខ្វះបានក្នុងប្រទេសមួយចំនួនលើពិភពលោក។ មុនដល់សព្វថ្ងៃ សារព័ត៌មានបានវិវត្តខ្លួនអស់រយៈពេលជាច្រើនឆ្នាំ ដោយចាប់ផ្តើមពីការចែកចាយដំណឹងជាប្រចាំរបស់ប្រជាជនទីក្រុងរ៉ូម រហូតដល់ក្លាយទៅជាផ្នែកមួយដ៏សំខាន់នៃការផ្សព្វផ្សាយនិងចែករម្លែកចំណេះដឹងសកល៕
Tag:
សារព័ត៌មាន
ប្រវតិ្តសាស្ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com