លោក ខិ​ន​រ៉ូ អ៊ី​ស៊ុ​៖«​មន្ទីរពេទ្យ​កុមារ​អង្គរ ជា​ចំណែក​នៃ​ជីវិត​របស់ខ្ញុំ​»
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ខិ​ន​រ៉ូ អ៊ី​ស៊ុ​៖«​មន្ទីរពេទ្យ​កុមារ​អង្គរ ជា​ចំណែក​នៃ​ជីវិត​របស់ខ្ញុំ​»
11, Feb 2019 , 11:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ នៅ​ថ្ងៃទី​២៥ មករា ឆ្នាំ​២០១៩ មន្ទីរពេទ្យ​កុមារ​អង្គរ បាន​ប្រារព្ធ​ខួប​២០​ឆ្នាំ នៃ​ការបង្កើត​មន្ទីរពេទ្យ​ដែល​ព្យាបាល​កុមារ​មិន​គិតថ្លៃ​មួយ​នេះ​។ ស្ថាបនិក​មន្ទីរពេទ្យ លោក ខិ​ន​រ៉ូ អ៊ី​ស៊ុ ដែល​បាន​ផ្តួចផ្តើម​កៀងគរ​បង្កើត​បានចាត់ទុក​មន្ទីរពេទ្យ​មួយ​នេះ​ថា​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់លោក​។ ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់លោក ដោយសារ​ក្ដី​ស្រមៃ​ដែល​លោក​ចង់ឃើញ​កុមារ​កម្ពុជា​ទទួលបាន​ការថែទាំ ព្យាបាល​ប្រកបដោយ​គុណភាព ដោយ​ក្ដីមេត្តា និង​ចាត់ទុក​អ្នកជំងឺ​ដូច​គ្រួសារ​របស់ខ្លួន បាន​អនុវត្តន៍​ត្រឹមត្រូវ​ក្នុង​មន្ទីរពេទ្យ​នេះ​។


 
​សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកស្រី អ៊ី​សា រ៉​ហា​នី អ្នកសារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប និង​លោក ខិ​ន​រ៉ូ អ៊ី​ស៊ុ ដោយមាន​ការ​ប្រែ​សម្រួល​ដោយ អ្នកស្រី ស៊ិន​កេ​ត អរុណ ប្រធាន​ផ្នែក​ទំនាក់ទំនង​កិច្ចការ​សាធារណៈ នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ ដូចតទៅ​៖



 
​មកដល់​ឆ្នាំនេះ មន្ទីរពេទ្យ​កុមារ​អង្គរ​មានកំណើត ២០​ឆ្នាំ​ក៏ពិតមែន តែបើ​រាប់​តាំងពី​ពេល​ផ្តួចផ្តើម​បង្កើត​មក គឺមាន​រយៈពេល ២៤​ឆ្នាំ​ហើយ​។ លោក ខិ​ន​រ៉ូ អ៊ី​ស៊ុ ស្ថាបនិក​មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​រម្លឹកថា គោលបំណង​នៃ​ការបង្កើត​មន្ទីរពេទ្យ​នេះ ដំបូង​មានតែ​មួយគត់ គឺ​លោក​ចង់ឱ្យ​កុមារ​កម្ពុជា​ទាំងអស់​ទទួលបាន​ការ​ថែទាំ ការព្យាបាល​ប្រកបដោយ​គុណភាព និង​ក្ដី​មេ​ត្ដា​ស្មើៗ​គ្នា​។ បទពិសោធន៍​ជូរជត់​មួយ​ដែល​លោក ខិ​ន​រ៉ូ ចាំ​មិន​ភ្លេច និង​បង្កើត​គំនិត​បង្កើត​មន្ទីរពេទ្យ​មួយ​នេះ គឺ​ក្មេងស្រី​កម្ពុជា​ម្នាក់​បាន​ស្លាប់​នៅ​ចំពោះមុខ​លោក ដោយសារ​គ្រួសារ​មិនមាន​លុយ​ឱ្យ​គ្រូពេទ្យ​ចំនួន​២​ដុល្លារ  ដោះដូរ​នឹង​លក្ខខណ្ឌ​មុនពេល​ព្យាបាល​។ ពេលនោះ​លោក​គិតថា លុយ​អាចយ​កបាន​នៅពេល​ក្រោយ តែ​ជីវិត​ក្មេងស្រី​នោះ​មិនអាច​រក​វិញ​បានទេ​។​


 
​ជាមួយនឹង​ការផ្តល់សេវា​ព្យាបាល​ដល់​កុមារ​ដោយ​ឥតគិតថ្លៃ​ហើយ​នោះ ក្នុងនាម​ជា​ស្ថាបនិក​មន្ទីរពេទ្យ​លោក ខិ​ន​រ៉ូ បាន​អះអាងថា ក្រុមគ្រូពេទ្យ​ក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ​ទាំងអស់ គឺមាន​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ខ្ពស់ ដោយ​អនុវត្តន៍​តាម​ប្រព័ន្ធ «​ការថែទាំ និង​ព្យាបាល​ដោយ​គុណភាព​ខ្ពស់ និង​ចាត់ទុក​អ្នកជំងឺ​ដូច​ក្រុមគ្រួសារ​របស់ខ្លួន​ដូច្នោះ​ដែរ​»​។ សម្រាប់​លោក ខិ​ន​រ៉ូ ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​មានកា​រ​រីកចម្រើន​គួរឱ្យកត់សម្គាល់ ប៉ុន្តែ​លោក​ចង់ឃើញ​គ្រូពេទ្យ​មានការ​ថែទាំ និង​ព្យាបាល​អ្នកជំងឺ​ប្រកបដោយ​វិជ្ជាជីវៈ ការយកចិត្តទុកដាក់ ពិសេស​ស្វាគមន៍​អ្នកជំងឺ​ដោយ​ភាព​រាក់ទាក់ និង​កក់ក្ដៅ​៕




 

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម