អន្តរជាតិ
តើ​នាឡិកា​ដែល​យើង​ប្រើប្រាស់​សព្វថ្ងៃ​មាន​ប្រវត្តិ​និង​ដើមកំណើត​ដូចម្តេច​?
27, Jan 2019 , 8:29 pm        
រូបភាព
​នាឡិកា​ជា​ឧបករណ៍​មួយ​ដែល​បង្ហាញ​ពី​ការរីកចម្រើន​របស់​ប្រវត្តិសាស្ត្រ​មនុស្ស​ក្នុង​រយៈពេល​រាប់រយឆ្នាំ​។ វា​ជា​ឧបករណ៍​ដ៏​ចាំបាច់​ក្នុងការ​បញ្ជាក់​ពី​ពេលវេលា ពីព្រោះថា​ពេលវេលា​មាន​សារៈសំខាន់​ក្នុងការ​កត់ត្រា និង​បកស្រាយ​ពី​ព្រឹត្តិការណ៍​អ្វីមួយ​ជាក់លាក់​ក្នុង​ប្រវត្តិសាស្ត្រ​។

 
​គេហទំព័រ historyofwatch.com បាន​ឲ្យ​ដឹងថា នាឡិកា​ត្រូវបាន​អាណាចក្រ Babylon (​សព្វថ្ងៃ​ប្រទេស​ក្នុង​អាស៊ី​កណ្តាល​) បង្កើតឡើង​ក្នុង​លំនាំ​ជា​នាឡិកា​ព្រះអាទិត្យ​តាំងពី​ជាង​២០០០​ឆ្នាំមុន​ម្លេះ​។ 
 
​នាឡិកា​ព្រះអាទិត្យ​នេះ ជា​ប្រភេទ​នាឡិកា​ដែល​ប្រើប្រាស់​ចង្អុល​ដែក​នៅលើ​សសរថ្ម​មួយ​។ គេ​ដា​ក់វា​នៅ​ពីក្រោម​ពន្លឺព្រះអាទិត្យ​។ នៅពេលដែល​ព្រះអាទិត្យ​រះ​ពី​កើ​តទៅ​លិច ស្រមោល​របស់​ចង្អុល​ដែក​នោះ នឹង​ផ្ដេក​តាម​ចន្លោះ​ក្រិត​ដែល​គេ​បាន​គូស​។​
 
 នេះ​គឺជា​លំនាំ​ដំបូង​គេ​បង្អោះ​ក្នុងការ​ប្រាប់​ពី​ពេលវេលា​។ ក្រោយមក អាណាចក្រ​រ៉ូម និង​ប្រទេស​ក្រិ​ក​ក៏បាន​យក​លំនាំ​នេះ​មកប្រើប្រាស់​ជាមួយ​ផងដែរ​។ ក្រោយមក ក្នុង​សតវត្ស​ន៍ទី​១២ និង​ទី​១៣ ការរុករក​តាមផ្លូវ​ទឹក​ក៏បាន​ចាប់ផ្តើម​មានការ​រីកចម្រើន​កាន់តែខ្លាំង​ឡើង​។​
 
 ហេតុដូចនេះ គេ​ពិតជា​ត្រូវការ​នាឡិកា​ដែលមាន​ភាពត្រឹមត្រូវ មិន​ងាយ​យឺត​ម៉ោង ដើម្បី​កត់ត្រា​ដំណើរ​តាម​ផ្លូវទឹក​ឲ្យ​មាន​ភាពជាក់លាក់ និង​ច្បាស់លាស់​។ កាលពី​ពេលនោះ ប្រទេស​ចិន​ក៏បាន​បង្កើត​នាឡិកា​ដើរ​ដោយ​ចរន្តទឹក​ដែរ តែ​មិនមាន​ភាពប្រសើរ​ប៉ុន្មាន​ឡើយ​។ ប៉ុន្តែ​វា​ក៏បាន​ធ្វើ​ឲ្យ​ប្រជាជន​អឺរ៉ុប​ភ្ញាក់ផ្អើល និង​ចាប់ផ្តើម​ធ្វើតាម​ផងដែរ​។​
 
 ក្នុងអំឡុង​សតវត្សរ៍​ទី​១៦ នាឡិកា​មួយចំនួន​ត្រូវបាន​អ្នកជំនាញ​ផលិតឡើង ដើម្បី​ប្រើប្រាស់ ប៉ុន្តែ​វា​មិន​ងាយស្រួល​ឡើយ​។ នាឡិកា​ទាំងនោះ​ត្រូវការ​ថាមពល​ច្រើន មាន​ទម្ងន់​ធ្ងន់ និង​ងាយ​យឺត​ពេលវេលា​។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយមក នាឡិកា​ត្រូវបាន​គេ​ផលិត​ឲ្យ​កាន់តែ​តូច ងាយស្រួល​ប្រើប្រាស់​។ ការបង្កើត​«​គ្រាប់​ខ្ចៅ​»​តូចៗ​ក៏បាន​ជំរុញ​ឲ្យ​អ្នកធ្វើ​នាឡិកា​អាច​ផលិត​នាឡិកា​កាន់តែ​តូច​ផងដែរ​។​
 
​ក្នុង​ឆ្នាំ​១៦០០ នាឡិកា​ត្រូវបាន​គេ​ឲ្យ​តម្លៃ​ថា​ជា​វត្ថុ​សម្រាប់​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​។ អ្នក​ផលិត​នាឡិកា​បាន​ឆ្លាក់ និង​តុបតែង​លំអ ផលិតផល​របស់ខ្លួន​ក្នុងការ​ទាក់ទាញ​ចំណាប់អារម្មណ៍​មនុស្ស​។ ក្នុងពេល​ដដែល​នោះ ប្រទេស​អ៊ីតាលី​បាន​ញែក​ផ្ទៃ​នាឡិកា​ជា​១២​ចំណុច ឬ​១២​ម៉ោង​។ ក្រោយមក លំនាំ​នេះ​ត្រូវបាន​គេ​យកតម្រាប់​តាម​ជុំវិញ​ពិភពលោក​។ 
 
​ក្នុងអំឡុង​ឆ្នាំ​១៧០០ នាឡិកា​មាន​ភាពច្បាស់លាស់​ជាង​មុន ក្រោយពី​ការបង្កើត​កូន​បាល់​រំយោល (Pendulum) ដែល​គេ​បំពាក់​ក្នុង​នាឡិកា​។ បាល់​រំយោល​នោះ យោល​ក្នុង​រយៈពេល​មួយ​វិនាទី​ម្តង​។ ក្នុងពេល​ដដែល នាឡិកា​ដាក់​តាម​ខ្លួន​ក៏​កំពុង​បង្ហាញខ្លួន​ក្នុង​ទីផ្សារ​ផងដែរ​។​
 
 ក្នុង​រយៈពេល​ពីរ​ទៅ​បី​រយ​ឆ្នាំ​ក្រោយមក នាឡិកា​ក៏​ចាប់ផ្តើម​មាន​លក្ខណៈ​កាន់តែ​ទំនើប និង​មាន​ភាពច្បាស់លាស់​ក្នុងការ​កំណត់ពេល​វេលា​។ គេ​ប្រើ​វា​ក្នុង​ការធ្វើ​នាវាចរណ៍ ក្នុង​អាកាសចរណ៍ និង​គណនា​រយៈ​ពេលដែល​អង្គ​នានា​ក្នុង​លំហ​ធ្វើដំណើរ​។ 
 
​ក្រោយ​ឆ្នាំ​១៩០០ នាឡិកា​ល្អ​មាន​ទំហំ​តូច​ដែល​មនុស្ស​អាច​ពាក់​លើ​ដៃ​បាន​យ៉ាង​ស្រួល ហើយ​វា​បាន​ក្លាយជា​ផ្អែក​មួយ​ក្នុងការ​តែង​លំអ​ខ្លួនប្រាណ​ផងដែរ​។ នៅ​ក្នុងសម័យ​បច្ចេកវិទ្យា​នេះ នាឡិកា​ត្រូវបាន​គេ​បំពាក់​ក្នុង​ផ្កាយរណប ក្នុង​កុំព្យូទ័រ​ទំនើបៗ និង​ទីពិសោធន៍​ធំៗ​ជាច្រើន​។ 
 
​នាឡិកា​អា​តូ​មិច (Atomic Clock) ជា​បច្ចេកវិទ្យា​នាឡិកា​ចុះ​ក្រោយ​គេ​របស់​មនុស្ស​ក្នុងពេល​បច្ចុប្បន្ន​។ វា​មាន​ភាពជាក់លាក់ និង​មិន​ងាយ​យឺត​ពេលវេលា​នោះទេ​។ គេ​ប្រើ​រំ​ញ័រ​របស់​អាតូម សេ​ស្យូ​ម​ក្នុង​ការកំណត់​ពេលវេលា​៕

© រក្សាសិទ្ធិដោយ thmeythmey.com