អន្តរជាតិ
បក្ស​អតីត​នាយករដ្ឋមន្ត្រី​ថៃ អាប់​ភី​ស៊ីត មាន​សមាជិក​សកម្ម​ច្រើនជាងគេ​ក្នុងចំណោម​បក្ស​ជាង​១០០
27, Jan 2019 , 6:29 pm        
រូបភាព
ដោយ:
​ទោះបីជា​ការបោះឆ្នោត​ថៃ មានការ​ប្រែប្រួល​ជា​បន្តបន្ទាប់​ក៏ដោយ​ក្តី បក្សនយោបាយ​ថៃ នៅតែ​បន្ត​យុទ្ធនាការ​ស្វែងរក​សមា​ជិ​ក និង​អ្នកគាំទ្រ​របស់ខ្លួន​ដដែល​។ គួរ​ឲ្យ​កត់សម្គាល់​នោះ តាម​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត​ថៃ បក្សនយោបាយ​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក អាប់​ភី​ស៊ីត វ៉េ​ចា​ជីវ៉ា  (Abhisit Vejjajiva) មាន​ចំនួន​សមាជិក​ច្រើនជាង​ច្រើន​។​

 
​គិត​ត្រឹម​ថ្ងៃ​២១ មករា មាន​បក្សនយោបាយ​ថៃ​ចំនួន ១០៤ ហើយ បាន​ចុះបញ្ជី​តាម​នីតិវិធី​ច្បាប់​ដើម្បី​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​លើកដំបូង​របស់​រាជាណាចក្រ​ថៃ បន្ទាប់ពី​រដ្ឋប្រហារ​យោធា​ឆ្នាំ​២០១៤​មក​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត​ថៃ ដែល​បាន​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ថៃ Nation ។​
 
​តា​មគណៈកម្ម​រៀបចំ​កា​របោះ​ឆ្នោត​ថៃ ក្នុងចំណោម​បក្សនយោបាយ​ជាង ១០០ នោះ បក្ស​ប្រជាធិបតេយ្យ​របស់​អតីត​នាយករដ្ឋមន្ត្រី លោក អាប់​ភី​ស៊ីត មាន​សមាជិក​ជាង​១២​ម៉ឺន​នាក់ ដែល​ចំនួន​នេះ ធ្វើ​ឲ្យ​បក្ស​ប្រជាធិបតេយ្យ ក្លាយជា​បក្ស​ដែលមាន​សមាជិក​ច្រើនជាងគេ ខណៈ បក្ស តៃ​រ៉ា​ក់​ថាំ មាន​សមាជិក ៤៩៧២១, បក្ស​ទើប​បង្កើត​ថ្មី​របស់​អ្នកនយោបាយ​ជំនាន់​ក្រោយ​អនាគត​ឆ្ពោះទៅមុខ  ៤៣២០១, បក្ស​អំណាច​ប្រជាជន​ថៃ​ក្នុង​តំបន់ ៣០០៧២ និង​បក្ស ភុំ​ចៃ​ថៃ ៣០០៣១ នាក់​។ 
 
​សម្រាប់​បក្ស​ភឿ​ថៃ ដែល​ធ្លាប់​គ្រប់គ្រង​ដោយផ្ទាល់​ដោយ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ត្រកូល ស៊ីណា​វ៉ា​ត់​វិញ តាម​ប្រភព​ដដែល​នោះ មាន​សមាជិក​របស់ខ្លួន ជាង​ពីរម៉ឺន​នាក់ ហើយ​បក្ស Palang Pracharat ដែល​ទើបតែ​បង្កើត​ថ្មី និង​ត្រូវបាន​គេ​ស្គាល់​ថា​ជាប​ក្សមាន​ទំនោរ​ទៅរក​របប​សឹក​ថៃ​របស់លោក​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ មាន​សមាជិក​របស់ខ្លួន​ប្រមាណ ជាង​បួន​ពាន់​នាក់​ប៉ុណ្ណោះ​។ 
 
​យ៉ាងណាក៏ដោយ ចំនួន​នេះ មិនអាច​ក្លាយជា​ហេតុផល​គួរ​ជឿទុកចិត្ត​សម្រាប់​ការវាស់វែង​លទ្ធភាព​នៃ​ជ័យជម្នះ​នៃ​ការបោះឆ្នោត​ថៃ​បានឡើយ​។ តែ​អ្វីដែល​គួរ​ចាប់អារម្មណ៍​នោះ បក្សនយោបាយ​ដែល​ទើបតែ​បង្កើត​ថ្មី ជាក់ស្តែង​នោះ បក្ស​អនាគត​ឆ្ពោះទៅមុខ​របស់​អ្នកនយោបាយ​ជំនាន់​ក្រោយ ហាក់​មានការ​ទទួល​ការគាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ​។ 
 
​សូម​ជម្រាប​ផងដែរ គិត​ចាប់ពី​រដ្ឋប្រហារ​យោធា​ទម្លាក់​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ នៅ​ថ្ងៃ​២២ ឧសភា ឆ្នាំ​២០១៤​មក រាជាណាចក្រ​ថៃ ពុំទាន់​មានការ​បោះឆ្នោត​ឡើយ​។ ក្រោម​ការដឹកនាំ​របស់​របប​សឹក ដែលមាន​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ អូ​ចា ជា​ប្រមុខ ផែនការ​នៃ​ការបោះឆ្នោត ត្រូវបាន​គ្រោង​រៀបចំ​តាំងពី​ឆ្នាំ​២០១៥​មក​ម៉េះ ក៏ប៉ុន្តែ​ក៏ត្រូវ​បាន​ពន្យារពេល​ជា​បន្ទាប់​។​
 
​ថ្មីៗ​នេះ បន្ទាប់ពី​ប្រកាស​រំសាយ​ផែនការ​បោះឆ្នោត​នៅ​ខែកុម្ភៈ​ឆ្នាំនេះ ព្រះមហាក្សត្រ​ថៃ បានចេញ​ព្រះរាជក្រឹត្យ​មួយ​ដើម្បី​កំណត់​ពី​កាល​បរិ​ចេ្ឆ​ទ​ថ្មី និង​ត្រូវបាន​គេ​សង្ឃឹមថា​ជា​កាលបរិច្ឆេទ​ចុងក្រោយ​ដោយ​កំណត់​ថ្ងៃ​បោះឆ្នោត​នៅ​ថ្ងៃ​២៤ មីនា វិញ​៕ 

Tag:
 ថៃ​
  អាស៊ាន​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com