សង្គមអន្តរជាតិ
អន្តរជាតិ
ភោជនីយដ្ឋានសម្រាប់អតិថិជន «ស្រាត» នៅបារាំងត្រូវបិទទ្វារព្រោះមិនសូវកាក់កប
× ភោជនីយដ្ឋានតែមួយគត់នៅក្រុងប៉ារីស ប្រទេសបារាំង សម្រាប់អតិថិជន «ស្រាត» ត្រូវបិទទ្វារជាផ្លូវការនៅថ្ងៃទី១៦ ខែកុម្ភៈ ខាងមុខនេះ។ បើតាមការផ្សាយរបស់ Le Parisien ម្ចាស់ភោជនីយដ្ឋានត្អូញត្អែថា មិនសូវមានអតិថិជនឡើយ។
បើកទ្វារកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ ភោជនីយដ្ឋាន O’naturel ដែលបម្រើអាហារសម្រាប់អតិថិជនគ្មានសម្លៀកបំពាក់ ត្រូវបិទទ្វារជាផ្លូវការនៅថ្ងៃទី១៦ ខែកុម្ភៈ។ Mike និង Stephane Saada បងប្អូនភ្លោះ ដែលជាសហស្ថានិកភោជនីយដ្ឋាន បានលើកហេតុផលថា បណ្តាលមកពីបញ្ហាសេដ្ឋកិច្ច។
ក្រៅពីអាហារសម្បូរបែប O’naturel មានសេវាកម្មផ្សេងៗទៀត ជាពិសេសអាងហែលទឹក និងទីតាំងជប់លៀង សម្រាប់ក្រុមមនុស្សដែលស្រឡាញ់ការធ្វើខ្លួនបែបធម្មជាតិ ពោលគឺការមិនស្លៀកពាក់អ្វីទាល់តែសោះ។ ប៉ុន្តែមិនមានអតិថិជនច្រើននោះឡើយដែលទៅកាន់ភោជនីយដ្ឋាននេះ។
«យើងមានគម្រោងអាជីវកម្មច្បាស់លាស់ ប៉ុន្តែយើងមិនបានសម្រេចគោលដៅនោះឡើយ»។ ម្ចាស់ហាងទាំងពីរបានរៀបរាប់យ៉ាងខ្លីដូច្នេះ ដោយរំលឹកថា កាលពីពេលបើកដំបូង ពួកគេទទួលបានភ្ញៀវជាច្រើន ជាពិសេសភ្ញៀវបរទេស ក្រោយការផ្សាយយ៉ាងផុសផុលពីបណ្តាសារព័ត៌មាននានាលើពិភពលោក។
សម្រាប់អតិថិជនក្នុងស្រុកវិញ ភោជនីយដ្ឋាន O’naturel រកមិនឃើញម៉ូយប្រចាំរបស់ខ្លួននោះឡើយ ហើយចំនួនកាន់តែតិចទៅៗ ដែលជាហេតុធ្វើឲ្យម្ចាស់ភោជនីយដ្ឋានបង្ខំចិត្តត្រូវបិទទ្វារ និងប្តូរអាជីវកម្មផ្សេងទៀត។
លោក Cedric Amato អនុប្រធានសមាគមអ្នកធម្មជាតិប្រចាំក្រុងប៉ារីស (ANP) បានលើកឡើងថា សមាគមលោកមានសមាជិកដែលនិយមស្រាតប្រមាណ៨៨ ០០០នាក់ ប៉ុន្តែនៅវិស្សមកាល ពួកគេចូលចិត្តទៅលេងឆ្នេរ ទៅជំរុំ មិនមែនទៅចូលភោជនីយដ្ឋាននោះឡើយ។ លោកជឿថា ម្ចាស់ភោជនីយដ្ឋាន មិនបានសិក្សាលំអិតលើទីផ្សារនោះឡើយ ៕
© រក្សាសិទ្ធិដោយ thmeythmey.com