ខ្ញី ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃឱសថបុរាណរាប់ឆ្នាំមកហើយតាមរយៈសមាសធាតុសំខាន់ៗដែលវាមានផ្ទុក។ ហើយអ្នកនឹងទទួលបានអត្ថប្រយោជន៍ពីបន្លែមើមនេះទ្វេដង ប្រសិនបើព្យាយាមទទួលទានរាល់ថ្ងៃ។ ចំពោះអ្នកដែលមិនចូលចិត្តទទួលទានខ្ញីវិញ ក៏ប្រហែលជានឹងប្ដូរចិត្តដែរក្រោយអានអត្ថបទនេះរួច!
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យនៃការទទួលទានខ្ញី ៖
១. បង្កើនសុខភាពបេះដូង
ការទទួលទានខ្ញីអាចជួយបញ្ចុះកម្រិតនៃកូឡេស្តេរ៉ូលមិនល្អដែលជាសត្រូវធំបំផុតរបស់បេះដូង។ កម្រិតនៃកូឡេស្តេរ៉ូលទាបនឹងកាត់បន្ថយហានិភ័យនៃជំងឺលើសឈាម, ជំងឺដាច់សរសៃឈាមខួរក្បាល ជាពិសេសនោះ គឺជំងឺបេះដូង។
២. ព្យាបាលទប់ស្កាត់ជំងឺផ្ដាសាយ
ប្រសិនបើអ្នកទទួលទានខ្ញីរាល់ថ្ងៃ អ្នកនឹងមិនងាយកើតជំងឺផ្ដាសាយឡើយ។ ខ្ញី មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងលក្ខណៈសម្បត្តិប្រឆាំងការរលាក រួមបញ្ចូលទាំងសមាសធាតុសកម្មបំផុតហៅថា gingerols ជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ។
៣. បំបាត់អាការៈចង្អោរចង់ក្អួត
មិនថាអ្នកកំពុងមានផ្ទៃពោះ ឬក៏អត់ គឺការទទួលទានខ្ញីជួយបំបាត់អាការៈចង្អោរចង់ក្អួតបានយ៉ាងប្រសើរ។
៤. បំបាត់បញ្ហាផ្សេងៗទាក់ទងនឹងក្រពះ
រាល់បញ្ហាទាក់ទងនឹងក្រពះចាប់ពីហើមពោះដល់ពិបាករំលាយអាហារ គឺខ្ញីអាចជួយដោះស្រាយបានទាំងអស់។ ការទទួលទានខ្ញីក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺក្រពះពោះវៀន និងរាគរូសផងដែរ។
៥. ព្យាបាលអាការៈឈឺក្បាលប្រកាំង
ប្រសិនបើអ្នកឧស្សាហ៍ជួបប្រទះអាការៈឈឺក្បាលប្រកាំង នោះឱសថព្យាបាលបែបធម្មជាតិដ៏ល្អបំផុត គឺជាខ្ញីនេះឯង។ ខ្ញី ជួយទប់ស្កាត់សមាសធាតុដែលបង្កការរលាកក្នុងសរសៃឈាមនៃខួរក្បាល។
៦. ជួយអោយស្រកទម្ងន់ឆាប់រហ័ស
ខ្ញី មានសមត្ថភាពបង្កើនការរំលាយអាហារ និងពន្លឿនការដុតរំលាយអាហារក្នុងរាងកាយដែលប្រសើរបំផុតជួយក្នុងការសម្រកទម្ងន់។ ការទទួលទានខ្ញី ឬទឹកខ្ញីនៅពេលព្រឹកជួយកាត់បន្ថយចំណង់អាហារគួរឱ្យកត់សម្គាល់។
ក្រៅពីអត្ថប្រយោជន៍ដែលបានរៀបរាប់ខាងលើនេះ ខ្ញី ក៏អាចជួយបង្កើនចំណង់ផ្លូវភេទ, ធ្វើឲ្យខ្យល់ដង្ហើមស្រស់ថ្លា និងកាត់បន្ថយបញ្ហាដំណេកផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh