សមត្ថកិច្ចខេត្តព្រះសីហនុ ទទួលស្គាល់ថា ពិតជាមានការបាញ់កាំភ្លើង ហើយបណ្តាលឲ្យប្រជាពលរដ្ឋម្នាក់ រងរបួសមែន ពេលប្រជាពលរដ្ឋ និង សមត្ថកិច្ច កំពុងផ្ទុះជម្លោះដាក់គ្នា ក្នុងការតវ៉ារឿងដីធ្លី។ ប៉ុន្តែ សមត្ថកិច្ច បកស្រាយថា គ្រាប់កាំភ្លើង ដែលបាញ់ត្រូវប្រជាពលរដ្ឋនោះ មិនមែនជាគ្រាប់កាំភ្លើងរបស់សមត្ថកិច្ចទេ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានយករបាយការណ៍អំពីជម្លោះដីធ្លីរវាងប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ និង ឧកញ៉ា ស៊ីវ គង់ទ្រីវ ដែលប្រធានមន្ទីរព័ត៌មានក្នុងខេត្តនេះ បានផ្ញើឲ្យ ទៅបង្ហោះលើទំព័រហ្វេសប៊ុក។ តាមរយៈរបាយការណ៍នោះ ប្រធានមន្ទីរព័ត៌មាន បានប្រាប់លោក ខៀវ កាញារីទ្ធ ថា ពិតជាមានប្រជាពលរដ្ឋ រងរបួសដោយសារតែការបាញ់កាំភ្លើងមែន។
ក៏ប៉ុន្តែ ប្រធានមន្ទីរព័ត៌មាននោះ បានច្រានចោលថា គ្រាប់កាំភ្លើងដែលរកឃើញនោះ ពុំមែនជាគ្រប់កាំភ្លើងរបស់សមត្ថកិច្ចទេ។ ប្រធានមន្ទីរមន្ទីរព័ត៌មាន ប្រាប់រដ្ឋមន្ត្រីរបស់ខ្លួនថា គ្រាប់កាំភ្លើងនោះ ប្រហែលជារបស់ជនទីបី ដែលឆ្លៀតឱកាសលួចបាញ់ ក្នុងពេលហេតុការណ៍ កំពុងកើតឡើង។
ប្រធានមន្ទីរព័ត៌មានខាងលើ បានរៀបរាប់យ៉ាងដូច្នេះថា៖«ក្បាលគ្រាប់ដែលបៀមជាប់ក្នុងខ្លួនជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញរកឃើញថា ជាប្រភេទគ្រាប់ឡុក ដែលសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ ដោយហេតុថា ក្នុងពេលប្រតិបត្តិការ សមត្ថកិច្ចបានបាញ់ឡើងលើដើម្បីរារាំងកុំឲ្យក្រុមអ្នកតវ៉ា គប់ដបសាំង និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ដែលជាហេតុនាំឲ្យមានមហន្តរាយខ្លាំងថែមទៀត ហើយសមត្ថកិច្ច ក៏មិនបានប្រើប្រាស់កាំភ្លើងម៉ាកឡុកនេះ ក្នុងពេលនោះដែរ»។
ប្រធានមន្ទីរព័ត៌មាន បានសរសេរក្នុងរបាយការណ៍នោះទៀតថា៖«លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ បានញ្ជាក់ថា សមត្ថកិច្ចបានដាក់ការសង្ស័យថា អាចមានជនទីបី លួចបន្លំប្រើកាំភ្លើងម៉ាកឡុកនេះ ដោយបាញ់ចេញពីក្នុងព្រៃ នៃគោលដៅណាមួយក្នុងឱកាសដែលក្រុមអ្នកតវ៉ារត់ប្រសេចប្រសាច»។
ប្រធានមន្ទីរព័ត៌មាន រាយការណ៍ទៀតថា បច្ចុប្បន្ន ជនរងគ្រោះម្នាក់ ដែលរងរបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ ហើយក៏បានធូរស្បើយហើយដែរ។ លើសពីនេះ ប្រធានមន្ទីរព័ត៌មាន ក៏បានបដិសេធដែរថា ពុំមានប្រជាពលរដ្ឋណាម្នាក់ បានស្លាប់ដោយសារតែការផ្ទុះអាវុធ ដូចប្រព័ន្ធផ្សព្វផ្សាយ និង អ្នកលេងហ្វេសប៊ុកខ្លះ អះអាងនោះទេ។
អ្នកស្រី ជាប សុធារី មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះថា អ្នកស្រី ពុំបានដឹងឡើយថា សមត្ថកិច្ចឬអ្នកណាផ្សេង ដែលប្រើកាំភ្លើងបាញ់ប្រជាពលរដ្ឋ។ អ្នកស្រី ប្រាប់ថា អ្នកស្រី ពុំបានស្ថិតក្នុងហេតុការណ៍នោះទេ ពេលប្រជាពលរដ្ឋនិងសមត្ថកិច្ច កំពុងផ្ទុះជម្លោះជាមួយគ្នា។ រហូតដល់សភាពការណ៍ ស្ងៀមស្ងាត់ ទើបអ្នកស្រី បានចូលទៅសង្កេតមើលនៅកន្លែងកើតហេតុ។
យ៉ាងណាក៏ដោយ អ្នកស្រី យល់ថា សមត្ថកិច្ច ពុំគួរដកខ្លួនចេញពីការទទួលខុសត្រូវទេ ព្រោះសមត្ថកិច្ច ជាអ្នកគ្រប់គ្រងសភាពការណ៍នាពេលនោះ។ អ្នកស្រី បញ្ជាក់បែបនេះថា៖«ដូចវីដេអូ ដែលគេបង្ហោះហ្នឹង គឺយើងបានឃើញហើយថា សមត្ថកិច្ច មានកាំភ្លើងក្នុងដៃ តែបាញ់ឬមិនបាញ់ខ្ញុំអត់ឃើញទេ តែពួកគាត់ ត្រូវទទួលខុសត្រូវ ហើយត្រូវស្វែងរកអ្នកប្រព្រឹត្តឲ្យឃើញ។ សមត្ថកិច្ច មានធម្យោបាយច្រើនក្នុងការស្វែងរក វាមិនពិបាកទេ ព្រោះសមត្ថកិច្ច បានបង្ហោះត្រូនដែរ អ៊ីចឹង អាចមើលឃើញ អ្នកណា ជាអ្នកប្រព្រឹត្ត»។
មន្ត្រីសង្គមស៊ីវិលរូបនេះ ក៏អះអាងដូចប្រធានមន្ទីរព័ត៌មានដែរថា ពុំមានអ្នកណាសា្លប់ ដោយសារការបាញ់ប្រហារនេះទេ។ ម្យ៉ាងទៀត អ្នកស្រី បានប្រាប់ថា ប្រជាពលរដ្ឋ៤-៥នាក់ ដែលត្រូវបានចាប់ខ្លួន ត្រូវបានដោះលែងវិញអស់ហើយ។
ការប្រឈមដាក់គ្នារវាងសមត្ថកិច្ចនិងប្រជាពលរដ្ឋ បានកើតឡើងតាំងពីប៉ុន្មានថ្ងៃមុនមកម្ល៉េះ ហើយមកដល់ពេលនេះ ការតវ៉ា មិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ។ ប្រជាពលរដ្ឋប្រមាណ២០០នាក់ បាននាំគ្នាទៅតវ៉ា នៅពេលតុលាការកំពូល ចេញសាលដីកាស្ថាពរ ដោយសម្រេចឲ្យឧកញ៉ា ស៊ីវ គង់ទ្រីវ ឈ្នះក្តីពួកគាត់ លើរឿងដីធ្លី។
សមត្ថកិច្ច បកស្រាយថា ការរារាំងប្រជាពលរដ្ឋមិនឲ្យតវ៉ា គឺជាការអនុវត្តតាមសាលដីការបស់តុលាការកំពូល។ យ៉ាងណា ប្រជាពលរដ្ឋ តវ៉ាថា វា ជារឿងអយុត្តិធម៌សម្រាប់ពួកគាត់។ ជម្លោះដីធ្លីនេះ កើតឡើងនៅភូមិគគីរ ឃុំបិតត្រាង ស្រុក ព្រៃនប់ខេត្តព្រះសីហនុ