សាឡា​ត់ ស្រី​ឡាង​៖ ផ្លូវ​ជីវិត​ខ្ញុំ​មិន​ខុសពី​ផ្លូវ​ឡើង​កំពូលភ្នំ​ឱ​រ៉ា​ល់​នោះឡើយ​
ជាតិ
សាឡា​ត់ ស្រី​ឡាង​៖ ផ្លូវ​ជីវិត​ខ្ញុំ​មិន​ខុសពី​ផ្លូវ​ឡើង​កំពូលភ្នំ​ឱ​រ៉ា​ល់​នោះឡើយ​
28, Jan 2019 , 11:11 am        
រូបភាព
​កញ្ញា សាឡា​ត់ ស្រី​ឡាង មើលឃើញថា ដំណើរ​ជីវិត​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​។ ឆ្លៀតពេល​ទំនេរ​ពី​ការសម្តែង តារា​វ័យក្មេង​ដ៏​ស្រស់ស្អាត​រូបនេះ បាន​ឆ្លង​ផុត​ការ​ប្រឈម​មួយ​ដែល​ពលរដ្ឋ​ខ្មែរ​រាល់គ្នា​គួរតែ​ធ្វើ​។ នោះ​គឺ​ការ​ឡើងដល់​កំពូលភ្នំ​ឱ​រ៉ា​ល់​ដ៏​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​។​

 
«​ខ្ញុំ​បានមក​ដល់​កំពូលភ្នំ​ដែល​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​ហើយ​។ ញើស​ហូរ​ជោគ​ខ្លួន​តែមាន​កម្លាំងចិត្ត​ឈានទៅ​មុខ ទោះបី​ខ្លួន​ខ្ញុំ​ជា​ស្រី​ប៉ុន្តែ​ខ្ញុំ​អាចធ្វើ​បាន អ្នក​ទាំងអស់គ្នា​ក៏​អាចធ្វើ​បានដែរ​»​។ នេះ​ជាការ​លើកឡើង​ជាមួយនឹង​ក្តីរំភើប​របស់​កញ្ញា សាឡា​ត់ ស្រី​ឡាង ដែល​ទំនងជា​តារា​ស្រី​ទីមួយ ដែល​បាន​ឡើងដល់​ភ្នំ​កម្ពស់​១៨១៣​ម៉ែត្រ​។​
 
​ស្រី​ឡាង ជា​តួឯក​ស្រី​ក្នុង​រឿងភាពយន្ត និង​ភាគ​ទូរទស្សន៍​មួយចំនួន​ដូចជា «​ខ្មោច​អាស​ង្ហា​», «​វិញ្ញាណ​ទីងមោង​», «​គូស្នេហ៍​បម្រុង​» «​ទីបញ្ចប់​នៃ​ស្នេហ៍​»​។ តារា​វ័យក្មេង​ដែលមាន​កំណើត​នៅ​ខេត្តកណ្តាល​រូបនេះ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការឡើង​ទៅដល់​កំពូល​ភ្នំ​ឱ​រ៉ា​ល់ គឺជា​ការទទួលបាន​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​។​
 
«​ផ្លូវ​ជីវិត​ខ្ញុំ​ដូច​ផ្លូវ​ឡើងទៅ​កំពូលភ្នំ​ឱ​រ៉ា​ល់​។ ឡើង​ចុះឡើង​ចុះ កាត់​ព្រៃ ក្ដៅ​ត្រជាក់ មាន​គ្រប់​រសជាតិ អ្វី​គ្រប់យ៉ាង​គឺ​ត្រូវ​ពឹង​លើ​ខ្លួនឯង​ជា​ជំហរ ដើរ​បណ្តើរ ស្ទើរតែ​យំ​បណ្ដើរ ដល់​កន្លែង​លំបាក​ខ្លះ​អាចមាន​អ្នក​ជួយ កន្លែង​ខ្លះ​គឺ​ត្រូវ​ជួយ​ខ្លួនឯង ត្រឡប់មកវិញ​កាន់តែ​ស្គាល់​រសជាតិ​ជីវិត​បន្ថែមទៀត​»​។ នេះ​ជាការ​រៀបរាប់​របស់​ស្រី​ឡាង ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​ដាក់ hashtag ខ្លួនឯង​ថា ជា #​កញ្ញា​ព្រៃ​ឫស្សី​។​
 
 
​កញ្ញា​ព្រៃ​ឫស្សី រាង​ស្លី​ម ខ្ពស់ស្រឡះ រូបនេះ បាន​ចំណាយពេល​២​យប់​៣​ថ្ងៃ​ក្នុង​ដំណើរ​ផ្សងព្រេង​ទៅកាន់​កំពូលភ្នំ​ឱ​រ៉ា​ល់ កាលពី​អំឡុង​ថ្ងៃទី​២០ ខែមករា​។ តារា​រូបនេះ ស្ថិតក្នុង​ចំណោម​នារី​៤​នៃ​សមាជិក​សរុប​១៩​នាក់ ដែល​រួម​ដំណើរ​ជាមួយគ្នា​។ ក្នុងនោះ មាន លោក តាន់ គឹម​សួរ ដែលជា​អ្នករៀបចំ​កម្មវិធី​សង្គម​ដ៏​ល្បីល្បាញ​ម្នាក់ និង​ជា​អ្នក​ដែលមាន​បទពិសោធន៍​ឡើង​ភ្នំ​ឱ​រ៉ា​ល់​ច្រើនលើក​ផងដែរ​។​
 
 
​សូម​ទស្សនា​រូបភាព​ដែល​ផ្តល់​ដោយ​កញ្ញា សាឡា​ត់ ស្រី​ឡាង ដូចខាងក្រោម​៖
 












Tag:
 ភ្នំ​ឱ​រ៉ា​ល់
 ​សាឡា​ត់​ស្រី​ឡាង
© រក្សាសិទ្ធិដោយ thmeythmey.com