Djokovic ឈ្នះ​ពាន Australian Open លើក​ទី​៧ និង​ជា Grand Slam លើក​ទី​១៥
កីឡាអន្តរជាតិ
អន្តរជាតិ
Djokovic ឈ្នះ​ពាន Australian Open លើក​ទី​៧ និង​ជា Grand Slam លើក​ទី​១៥
28, Jan 2019 , 2:24 pm        
រូបភាព
​កីឡាករ​វាយ​កូន​បាល់​លំដាប់​ទី​១​ពិភពលោក Novak Djokovic បាន​យកឈ្នះ​កីឡាករ​លំដាប់​ទី​២​ពិភពលោក Rafael Nadal ដើម្បី​លើក​ពាន Australian Open ជា​លើក​ទី​៧​ក្នុង​អាជីព និង​ជាការ​បំបែក​កំណត់ត្រា​របស់ Roger Federer ដែល​ឈ្នះ​៦​ដង​។​


 
​ពានរង្វាន់​ដែល​កីឡាករ​សញ្ជាតិ​ស៊ែ​ប៊ី​វ័យ​៣១​ឆ្នាំ​រូបនេះ​ទទួលបាន​ពី​ព្រឹត្តិការណ៍​វាយ​កូន​បាល់​ដែល​រៀបចំ​នៅ​ប្រទេស​អូស្ត្រាលី​សម្រាប់​ឆ្នាំ​២០១៩ ក៏​ជា​ពាន Grand Slam លើក​ទី​១៥ផងដែរ​ដែល​រូបគេ​ទទួលបាន បន្ទាប់ពី​ផ្តួល Nadal របស់​អេ​ស្ប៉ា​ញ​៣​សិត​ជាប់​គ្នា​តែម្តង​ក្នុង​លទ្ធផល ៦-៣ ៦-២ និង ៦-៣ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី ២៧ ខែមករា​។​
 
​ជ័យជម្នះលើកទី៧​នេះ​បាន​នាំ Djokovic អាច​បំបែក​កំណត់ត្រា​របស់​កីឡាករ​ស្វី​ស Federer ដែល​ឈ្នះ​ពាន Australian Open ​នេះ​៦​ដង។


 
Djokovic ដែល​ឈរ​លំដាប់​ទី​១​ពិភពលោក ឈ្នះ​ពាន​នេះ​លើកដំបូង​ក្នុង​ឆ្នាំ​២០០៨ ដោយ​ការ​ផ្តួល​កីឡាករ​បារាំង Jo-Wilfried Tsonga និង​ទទួល​ជ័យជម្នះ​បន្តបន្ទាប់​ទៀត​ក្នុង​ឆ្នាំ ២០១១, ២០១២, ២០១៣, ២០១៥, ២០១៦​។​
 
​ចំណែក​អ្នក​វាយ​កូន​បាល់​លំដាប់​ទី​៦​ពិភពលោក វ័យ​៣៧​ឆ្នាំ Federer  ធ្លាប់​ឈ្នះ​ពាន​នេះ​៦​ដង ក្នុង​ឆ្នាំ ២០០៤, ២០០៦, ២០០៧, ២០១០, ២០១៧ និង ២០១៨ ប៉ុន្តែជាជើងឯក Grand Slam ២០​ដង​លើសគេ​។​
 
​ដោយឡែក Nadal ធ្លាប់​លើក​ពាន​នេះ​តែ​ម្តងគត់​ក្នុង​ឆ្នាំ​២០០៩ ប៉ុន្តែ​កីឡាករ​លំដាប់​ទី​២​ពិភពលោក វ័យ​៣២​ឆ្នាំ​ដែល​ជំនាញ​នៅ​តារាង​ដីក្រហម​រូបនេះ បាន​គ្រង​ពាន French Open រហូតដល់​ទៅ​១១​ដង និង​សរុប Grand Slam ចំនួន ១៧​លើក​។ 
 
​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ Nadal បាន​បរាជ័យ​ក្រោម​ថ្វីដៃ​របស់ Djokovic ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Grand Slam ចំនួប​៣​លើកចុងក្រោយ​នេះ​ជាប់ៗ​គ្នា​តែម្តង ពោលគឺ​ពាន Wimbledon, US Open កាលពី​ឆ្នាំ​២០១៨ និង Australian Open ដើមឆ្នាំ​២០១៩​នេះ​៕

Tag:
 វាយ​កូន​បាល់
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម