អន្តរជាតិ
សេត​វិមាន តតាំង​ជាមួយ​បក្ស​ប្រជាធិបតេយ្យ ដើម្បី​បង្ហាញថា​ពួកគេ​ចង់បាន​សន្តិសុខ​ព្រំដែន​
28, Jan 2019 , 10:59 pm        
រូបភាព
ដោយ: VOA
​សេត​វិមាន បាន​តតាំង​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​ដែលជា​បក្សប្រឆាំង កាលពី​ថ្ងៃអាទិត្យ ដើម្បី​បង្ហាញថា​ពួកគេ​ចង់បាន​សន្តិសុខ​រឹងមាំ​នៅតាម​ព្រំដែន​ប៉ែក​ខាងត្បូង​ជាប់​ប្រទេស​ម៉ិ​ក​ស៊ិ​ក ដោយហេតុថា ពេលនេះ ការបិទ​រដ្ឋាភិបាល​មួយផ្នែក​ដែល​អូស​បន្លាយពេល​យូរ​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក​នោះ បាន​ចប់​ទៅហើយ ហើយ​រយៈពេល​បី​សប្ដាហ៍​សម្រាប់​ការចរចា​គ្នា ក៏បាន​ចាប់ផ្ដើម​ហើយ​ដែរ​។​

 
​លោក Mick Mulvaney នាយក​ស្ដីទី​ទទួលបន្ទុក​ចាត់ចែង​ថវិកា​របស់​សេត​វិមាន បាន​ថ្លែងប្រាប់​បណ្ដាញ​ព័ត៌មាន Fox News កាលពី​ថ្ងៃអាទិត្យ​ថា ​«​‍​នេះ​គឺជា​ឱកាស​សម្រាប់​ឱ្យ​ពួក​ប្រជាធិបតេយ្យ​មើលឃើញថា​តើ​ពួកគេ​ជឿជាក់​ទៅលើ​សន្តិសុខ​នៅតាម​ព្រំដែន​ដែរឬទេ​» ដើម្បី​កុំឱ្យ​មាន​ជនអន្តោប្រវេសន៍​ខុសច្បាប់​និង​គ្រឿងញៀន​ខុសច្បាប់​ហូរ​ចូលក្នុង​សហរដ្ឋអាមេរិក​។​
 
​ប៉ុន្តែ លោក Mick Mulvaney មានប្រសាសន៍ថា មេដឹកនាំ​អាមេរិក នឹង​ធ្វើឱ្យ​ព្រំដែន​មាន​សន្តិសុខ «​‍​ទោះបី​ជាមាន​ឬ​គ្មាន​សភា​ក៏ដោយ​» ដោយ​រួមទាំង​តាមរយៈ​ការប្រកាស​ដាក់​ប្រទេស​ស្ថិតក្នុង​ស្ថានភាព​អាសន្ន​ផងដែរ ប្រសិនបើ​លោក​ប្រធានាធិបតី ត្រាំ ត្រូវតែ​ធ្វើ​នោះ​។​
 
​លោក Mick Mulvaney និយាយថា សេត​វិមាន «​‍​កំពុង​មើលឃើញថា​គណបក្ស​ប្រជាធិបតេយ្យ កំពុង​ចាប់ផ្តើម​យល់ស្រប​ជាមួយ​លោក​ប្រធានាធិបតី​ហើយ​» ទៅលើ​តម្រូវការ​ជញ្ជាំង​ដែលមាន​ប្រវែង​ជិត​៤០០​គីឡូម៉ែត្រ​តាម​បណ្ដោយ​ព្រំដែន​អាមេរិក​និង​ម៉ិ​ក​ស៊ិ​ក ដែលមាន​ប្រវែង​សរុប​៣២០០​គីឡូម៉ែត្រ​នោះ​។​
 
​លោក ត្រាំ បានទាមទារ​ទឹកប្រាក់​ចំនួន​៥​ពាន់​៧​រយ​លាន​ដុល្លារ ដើម្បី​សង់​របាំង​បែប​ណាមួយ​នៅតាម​ព្រំដែន​ប្រវែង​ជិត​៤០០​គីឡូម៉ែត្រ​នោះ​។​
 
​ជម្លោះ​រវាង​លោក​ប្រធានាធិបតី​និង​រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្សប្រឆាំង បានធ្វើឱ្យ​ប្រតិបត្តិ​ការប្រមាណ​១​ភាគ​៣​នៃ​រដ្ឋាភិបាល​អាមេរិក ត្រូវ​បិទ​អស់​រយៈពេល​៣៥​ថ្ងៃ មុនពេល​ដែល​លោក​ត្រាំ បាន​យល់ព្រម​កាលពី​ថ្ងៃ​សុក្រ តាម​ការទាមទារ​រប​ស់​គណបក្ស​ប្រជាធិបតេយ្យ​ឱ្យ​បើក​រដ្ឋាភិបាល​ឡើងវិញ​រហូតដល់​ថ្ងៃទី​១៥​ខែកុម្ភៈ ដោយ​គ្មាន​ថវិកា​សម្រាប់​សង់​ជញ្ជាំង​ណាមួយ​ឡើយ​។​
 
​ពេលនេះ ភាគី​ទាំងពីរ កំពុង​ចរចា​គ្នា​អំពី​បញ្ហា​ថវិកា​ដែល​ត្រូវ​ចំណាយ​លើ​សន្តិសុខ​នៅតាម​ព្រំដែន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com