ជាតិ
រដ្ឋមន្ត្រី​កសិកម្ម ចាត់ទុក​អ្នកយក​បញ្ហា​ស្រូវ​ធ្លាក់​ថ្លៃ ទៅ​ភ្ជាប់​ករណី​ពន្ធ​នាំចូល​អង្ករ​ទៅ​EU គឺជា​ជន​អគតិ​
28, Jan 2019 , 3:30 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
​ភ្នំពេញ​៖ បញ្ហា​ស្រូវ​ធ្លាក់​ថ្លៃ គ្មានអ្វី​ពាក់ព័ន្ធ​នឹង​ករណី​ពន្ធ​នាំចូល​អង្ករ​ទៅ​ទីផ្សារ​អឺរ៉ុប​នោះទេ ហើយ​អ្នក​ដែល​ភ្ជាប់​ករណីនេះ​ជាមួយគ្នា គឺជា​ជន​អគតិ និង​វិ​ទ្ធ​ង្ស​សេដ្ឋកិច្ច​។ នេះ​ជាការ​លើកឡើង​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​។​


 
​លោក វេ​ង សាខុន ដែល​កំពុង​រក​វិធី​ដោះស្រាយ​បញ្ហា​ស្រូវ​ធ្លាក់​ថ្លៃ​នេះ បាន​បញ្ជា​ឲ្យ​មន្ត្រី​កសិកម្ម បើក​កិច្ចប្រជុំ​បន្ទាន់​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ផ្ដល់​ជា​យោបល់​ដោះស្រាយ និង​ទប់ស្កាត់​បញ្ហា​តម្លៃ​ស្រូវ​នេះ​។ ទន្ទឹមនឹង​ការប្រជុំ​រក​វិធី​ដោះស្រាយ​នេះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏​មិន​ចង់​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ យក​បញ្ហា​ស្រូវ​ធ្លាក់​ថ្លៃ​នេះ ទៅ​ភ្ជាប់​នឹង​ករណី​ពន្ធ​អង្ករ​ចូល​ទីផ្សារ​អឺរ៉ុប​នោះទេ​។​
 
​ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​រប​ស់​មន្ត្រីរាជការ​កសិក​ម្ម នៅ​ខេត្តកំពង់ចាម នៅ​ថ្ងៃទី​២៨ មករា​នេះ រដ្ឋមន្ត្រី​កសិកម្ម បានលើកឡើង​ដូច្នេះ​ថា​៖« មន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រៀបចំ​កិច្ចប្រជុំ​ជាបន្ទាន់ ដោយ​អញ្ជើញ​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ក្រុមហ៊ុន ឬ​ឈ្មួញ​ប្រមូល​ទិញស្រូវ ពិសេស​អភិបាល​នៃ​គណ​អភិបាលខេត្ត ដើម្បី​សិក្សា​ពី​មូលបញ្ហា រួច​ដាក់ចេញ​នូវ​យន្តការ​ដោះស្រាយ និង​ចុះ​អន្តរាគមន៍​ជូន​ប្រជាពលរដ្ឋ​ជាបន្ទាន់ ។​ជាពិសេស​ទប់​ស្តា​ត់​ឱ្យបាន​នូវ​វិទ្ធង្សនា​សេដ្ឋកិច្ច​ដែល​បង្កឡើង​ដោយ​ជន​អគតិ​ដែល​យក​ហេតុផល​នៃ​ការធ្លាក់ចុះ​តម្លៃ​ស្រូវ​នាពេលនេះ គឺ​បណ្តាលមកពី​សហភាព​អឺរ៉ុប​យកពន្ធ​នាំចូល​អង្ករ​ពី​កម្ពុជា​ចំនួន ២០០​ដុល្លារ​ក្នុង​១​តោន​»​។​
 
​ក្រៅពីនេះ​លោក វេ​ង សាខុន ក៏​ប្រាប់​ឲ្យ​មន្ត្រី​កសិកម្ម​ទាំងនោះ ខិតខំ​ផ្សព្វផ្សាយ​ការងារ​បច្ចេកទេស​ទាក់​ទង​ផលិតកម្ម​ស្រូវ បន្លែ ដំណាំ​កសិឧស្សាហកម្ម ផលិតកម្ម​សត្វ និង​សុខភាព​សត្វ ។

ជាពិសេស​ផ្សព្វផ្សាយ​ពូជ ចំណី ជំងឺ និង​ពង្រឹង​ការគ្រប់គ្រង​លើ​ការធ្វើ​អាជីវកម្ម​សម្ភារ​កសិក​ម្ម​ឱ្យបាន​ល្អ​។ ដោយឡែក​វិស័យ​ព្រៃឈើ និង​ជលផល​វិញ រដ្ឋមន្ត្រី​កសិកម្ម បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ខ្លួន ត្រូវការពារ​ធនធាន​ធម្មជាតិ និង​អភិវឌ្ឍ​សហគមន៍​ឱ្យមាន​ការរីកចម្រើន ដើម្បី​កែលម្អ​ជីវភាព លើកកម្ពស់​ប្រាក់ចំណូល ក្នុងទិសដៅ​កាត់បន្ថយ​ភាពក្រីក្រ និង​ការពឹង​អាស្រ័យ​តែ​លើ​ផល និង​អនុផល​ព្រៃឈើ ហើយ​ត្រូវ​អភិ​វ​ឌ្ឃ​វិស័យ​វារីវប្បកម្ម​ផងដែរ​។ ជាពិសេស​អនុវត្ត​លិខិតបទដ្ឋាន​គតិយុត្ត​រប​ស់​ក្រសួង និង​រាជរដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព​។​
 
​ទាក់ទង​នឹង​បញ្ហា​ស្រូវ​អង្ករ​នេះ លោក វេ​ង សាខុន ក៏បាន​ប្រកាស​ដាក់​វិធានការ​សំខាន់​៤​ចំណុច ក្នុងការ​លើកកម្ពស់​ផលិតកម្ម និង​ធុរកិច្ច​ស្រូវ​អង្ករ ដើម្បី​ជំរុញ​លទ្ធភាព​នៃ​ប្រកួតប្រជែង​នាំចេញ​។​វិធានការ​សំខាន់​ទាំង​៤​ចំណុច ដែល​ត្រូវ​អនុវត្តតាម​នោះ​មាន ចំណុច​១ មន្ត្រី​ជំនាញ​របស់​ក្រសួង ត្រូវ​បន្ត​ការស្រាវជ្រាវ និង​បញ្ចេញ​ប្រភេទ​ពូជស្រូវ​ក្រអូប​ប្រណិត និង​ផលិតកម្ម​គ្រាប់​ពូជស្រូវ​ក្រអូប​សុទ្ធ តាមរយៈ​ការផលិត​នៅ​ថ្នាក់​សហគមន៍ និង​ក្រុម​កសិករ​ផលិត​គ្រាប់ពូជ​។​ចំណុច​២៖ ត្រូវ​ព្យាយាម​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម ណា​ដែល​មិនចាំបាច់ ហើយ​ត្រូវ​ជំរុញ​ឱ្យបាន​ខ្លាំង​បន្ថែម នូវ​វិធានការ​បច្ចេកទេស​ផលិតកម្ម ដែល​ទទួលបាន​ទិន្នផល​ខ្ពស់ និង​ចំណាយ​តិច រួម​ជាមួយនឹង​ការអនុវត្ត​ទំនើបភាវូបនីយកម្ម​ក​សិ​កម្ម​។​
 
​ចំណុច​៣៖ អ្នកប្រមូល​ទិញស្រូវ​ពី​អ្នក​ផលិត ត្រូវ​បន្ត​ទំនាក់ទំនង​ជាមួយ​ធនាគារ​អភិវឌ្ឍ​ជនបទ ដើម្បី​ទទួលបាន​ឥណទាន ប្រមូល​ទិញស្រូវ​ពី​កសិករ សហគមន៍​កសិកម្ម ដោយ​មិន​ត្រូវយក​ហេតុផល​នៃ​ការដាក់​វិធានការ​ការពារ​ទីផ្សារ​របស់​សហគមន៍​អឺរ៉ុប មក​ទម្លាក់​ថ្លៃ​ទិញស្រូវ​ពី​កសិករ​ឡើយ​។​ចំណុច​៤៖ សហព័ន្ធ​ស្រូវ អង្ករ​កម្ពុជា គួរ​យកចិត្តទុកដាក់​ជំរុញ​ឱ្យ​សមាគមន៍​ម៉ាស៊ីនកិនស្រូវ ខិតខំ​បង្កើន​សមត្ថភាព​កែច្នៃ​អង្ករ ឱ្យមាន​គុណភាព​បន្ថែមទៀត សម្រាប់​បម្រើឱ្យ​ទីផ្សារ​អន្តរជាតិ​។ ពិសេស​ទីផ្សារ​ប្រទេស​ចិន ដែលមាន​រហូតដល់​៤០​ម៉ឺន​តោន ក្នុង​ឆ្នាំ​២០១៩​។​
 
​ឆ្នាំ​២០១៧-២០១៨ កម្ពុជា​ផលិត​ស្រូវ​បាន​ជាង​១០,៥​លាន​តោន និង​មាន​ភាព​លើស​(​អតិរេក​)​ស្បៀង​ជា​អង្ករ​ចំនួន​៣,៥៥​លាន​តោន ឬ​៥,៥៦​លាន​តោន​ស្រូវ សម្រាប់​បម្រើឱ្យ​ការប្រើប្រាស់​ឧស្សាហកម្ម​ស្បៀង​ក្នុងស្រុក និង​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​។ ក្នុងនោះ​ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​សហគមន៍​អឺរ៉ុប​មាន​ជិត ២៧​ម៉ឺន​តោន ស្មើនឹង​៧,៥​ភាគរយ នៃ​ចំនួន​អង្ករ​សរុប ក្នុងប្រទេស និង​ស្មើ​ជិត​៤៣​ភាគរយ នៃ​ចំនួន​នាំ​ចេញទៅ​ទី​អន្តរជាតិ​សរុប​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងកសិកម្ម​៕

Tag:
 វេ​ង សាខុន​
  កសិកម្ម​
  ស្រូវ​
© រក្សាសិទ្ធិដោយ thmeythmey.com