ជាតិ
សង្គមជាតិ
កម្ពុជា បញ្ជូន​ទ័ព​ថ្មី​ជិត​២០០​នាក់ ទៅ​រក្សា​សន្តិសុខ​នៅ​លី​បង់ ហើយ​ទ័ព​ចាស់ ត្រូវ​មកវិញ
28, Jan 2019 , 9:39 pm        
រូបភាព
រូបពី​ក្រសួង​ការពារជាតិ​
រូបពី​ក្រសួង​ការពារជាតិ​
ដោយ:
​ភ្នំពេញ​៖ នៅ​យប់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ កម្ពុជា បាន​បញ្ជូន​កងកម្លាំង​មួក​ខៀវ​១៨៤​នាក់ ទៅ​ការពារ​សន្តិសុខ​នៅ​សាធារណរដ្ឋ​លី​បង់ ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​ក្រ​សួង​ការពារជាតិ​។


 
​ក្រសួងការពារជាតិ បាន​ចុះផ្សាយ​ពី​ប្រសាសន៍​របស់លោក សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ថា ដំណើរ​ទៅដល់​របស់​កងកម្លាំង​ទាំងនោះ ក៏មាន​អមដោយ​កម្លាំង​ដោះមីន​ផងដែរ ដែលជា​អ្នកមាន​ជំនាញ​ត្រូវ​តាម​ស្តង់ដារ​របស់​អង្គការសហប្រជាជាតិ​។ លោក អះអាងថា កងកម្លាំង​ទាំងអស់នេះ នឹង​អនុវត្ត​សកម្មភាព ដោះមីន សាងសង់​ព្រំដែន​សីមា រវាង​ប្រទេស​អ៊ីស្រាអែល និង​លី​បង់​។​
 
​ការបញ្ជូន​កងកម្លាំង​មួក​ខៀវ​ថ្មី​នេះ គឺជា​ការផ្លាស់ប្តូ​រកង​កម្លាំង​មួក​ខៀវចាស់ ដែល​ត្រូវផុត​អាណត្តិ នៅ​លី​បង់​។ ក្រសួងការពារជាតិ បាន​បញ្ជាក់ថា កងកម្លាំង​មួក​ខៀវចាស់​ទាំង​១៨៤​នាក់ នឹងត្រូវ​បញ្ជូនមក​ក​ម្ពុ​ជា​វិញ នៅ​ថ្ងៃទី​២៩ ខែមករា​នេះ​។  
 
​គិត​ត្រឹម​ឆ្នាំ​២០១៨ កម្ពុជា បាន​បញ្ជូន​កងកម្លាំង​សរុប​ជាង​៥៧០០​នាក់ ដោយ​ក្នុងនោះ​មាន​ស្ត្រី​ចំនួន​២៦០​នាក់ ចូលរួម​បេសកម្ម​របស់​អង្គការសហប្រជាជាតិ​។ ប​ច្ច​ប្បន្ន​កម្ពុជា មាន​កងកម្លាំង​ជិត​១០០០​នាក់ ដែល​កំពុង​បំពេញ​បេសកម្ម​នៅតាម​ប្រទេស​នានា ដូចជា ស៊ូដង់ ស៊ូដង់​ខាងត្បូង អាហ្វ្រិក​កណ្តាល លី​បង់ និង​ម៉ាលី ជាដើម​។ 
 
​កម្ពុជា ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រទេស ដែល​បរិច្ចាគ​កងកម្លាំង​បំពេញ​បេសកម្ម​របស់​អង្គការសហប្រជាជាតិ​លំដាប់​ទី​២ នៅ​តំបន់​អាស៊ាន​៕ 
 
 

Tag:
 កងកម្លាំង​
  សហប្រជាជាតិ​
  លី​បង់
© រក្សាសិទ្ធិដោយ thmeythmey.com