កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ស្នើ​នាយករដ្ឋមន្ត្រី​ថៃ​ឲ្យ​ដោះលែង​កីឡា​ករបា​រ៉ែ​ន Hakeem al-Araibi
28, Jan 2019 , 10:39 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) បានស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា ដោះលែង​កីឡាករ​បាល់ទាត់​សញ្ជាតិ​បា​រ៉ែ​ន​ម្នាក់ ដែល​កំពុង​ឃុំខ្លួន​ក្នុងប្រទេស​នេះ​ដើម្បី​អាច​ត្រលប់​ទៅ​អូស្ត្រាលី​វិញ​បើ​ទោះ​រូបគេ​ជា​ជនភៀសខ្លួន​ក៏ដោយ​។ នេះ​បើតាម​ការផ្សាយ​របស់​កា​រ​សែត​បាងកក​ប៉ុស្តិ៍​។

 
​អគ្គលេខាធិការ FIFA លោកស្រី Fatma Samoura បាន​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​ជាបន្ទាន់​លើ​ករណី​កីឡាករ Hakeem al-Araibi ដែល​បាន​សិទ្ធិ​ជ្រកកោន​រស់នៅក្នុង​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី ប៉ុន្តែ​ត្រូវបាន​ប៉ូលិស​អន្តរជាតិ​ក្រុង​បាងកក​ចាប់ខ្លួន​នៅពេល​រូបគេ​ដើរ​កម្សាន្ត​វិស្សមកាល កាលពី​ខែវិច្ឆិកា​កន្លងទៅ​។​
 
​ប្រទេស​បា​រ៉ែ​ន​ចង់​ឲ្យ​អតីត​កីឡាករ​ជម្រើសជាតិ​របស់ខ្លួន Hakeem al-Araibi រូបនេះ វិល​ត្រលប់​ទៅ​ទទួលទោស​ជាប់ពន្ធនាគារ​រយៈពេល ១០ ឆ្នាំ​វិញ​ក្រោយ​ការកាត់ទោស​កំបាំងមុខ បន្ទាប់ពី​រូបគេ​ត្រូវបាន​ចោទប្រកាន់​ពីបទ​បំផ្លាញ​សម្បត្តិ​រដ្ឋ (​បំផ្លាញ​ស្ថានីយ៍​ប៉ូលីស​) ខណៈដែល​ចុងចោទ​បដិសេធ​លើ​បទ​ចោទ​នេះ​។​


 
​នៅក្នុង​សារ​អេឡិចត្រូនិក​មួយ លោកស្រី Samoura បានស្នើ​សុំ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា ចាត់វិធានការ​ចាំបាច់​ដើម្បី​ធានាថា AI-Araibi ត្រូវបាន​អនុញ្ញាត​ឲ្យ​វិល​ត្រលប់​ទៅ​អូស្ត្រាលី​វិញ​ដោយ​សុវត្ថិភាព​បំផុត​តាម​ពេលវេលា​ដែល​អាចធ្វើ​ទៅបាន​។​
 
​ជុំវិញ​ករណីនេះ សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) ដែល​ដឹកនាំ​ដោយ​លោក Sheikh Salman Bin Ibrahim Al-Khalifa និង​ជា​សមាជិកគ្រួសារ​រាជវង្ស​បា​រ៉ែ​ន​នោះ មិនទាន់​និយាយ​គាំទ្រ​ពី​ចំណាត់ការ​របស់ FIFA ឬ​យ៉ាងណា​នោះទេ​។​
 
​តាមពិតទៅ AI-Araibi វ័យ​២៥​ឆ្នាំ​រូបនេះ ត្រូវបាន​គេ​ដឹងថា មាន​ជម្លោះ​ផ្ទាល់ខ្លួន​និង​ជា​សាធារណៈ​ជាមួយ​ប្រធាន AFC លោក Sheikh Salman ជុំវិញ​បញ្ហានយោបាយ​មិនធម្មតា​ដែរ​។ 
 
AI-Araibi ធ្លាប់​រៀបរាប់​ដែរ​ថា ខ្លួន​ត្រូវបាន​គេ​ធ្វើ​ទារុណកម្ម​នៅក្នុង​ប្រទេស​កំណើត​បន្ទា​ប់​ពី​មានការ​ចាប់ខ្លួន​ក្នុង​ឆ្នាំ ២០១២​។ ឆ្នាំ ២០១៤ រូបគេ​បាន​រត់គេចខ្លួន​ទៅ​អូស្ត្រាលី​ដែលជា​ប្រទេស​ផ្តល់​សិទ្ធិ​ជ្រកកោន​សម្រាប់​អ្នកទោសនយោបាយ​នៅ​ឆ្នាំ ២០១៧ និង​ជាទី​ដែល​រូបគេ​ប្រកប​អាជីព​បាល់ទាត់​ឲ្យ​ក្លិប Pascoe Vale ក្នុង​ក្រុង Melbourne៕

Tag:
 បាល់ទាត់​
  FIFA
  Hakeem al-Araibi
© រក្សាសិទ្ធិដោយ thmeythmey.com