ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​ទទួលទាន​”​បន្លែ​ផ្លែឈើ​ពណ៌​លឿង​”​ឱ្យបាន​ច្រើន វា​ប្រសើរ​ណាស់​ចំពោះ​សុខភាព​ជួយ​ទប់ស្កាត់​ជំងឺ​ផ្សេងៗ​
29, Jan 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​បានដឹងហើយថា ការទទួល​ទាន​បន្លែ និង​ផ្លែឈើ​ច្រើនជាង​អាហារ​ដទៃ គឺ​ល្អប្រសើរ​ណាស់​ចំពោះ​សុខភាព ខណៈដែល​បន្លែ​ផ្លែឈើ​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​វីតាមីន​, ជាតិ​រ៉ែ រួមទាំង​សារធាតុចិញ្ចឹម​សំខាន់ៗ​ជាច្រើន​ទៀត​ដែល​រាងកាយ​ត្រូវការ​។ ទោះជា​យ៉ាងណា តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ការទទួល​ទាន​បន្លែ​ផ្លែឈើ​ពណ៌​លឿង​ទៀងទាត់​អាច​ផ្ដល់​អត្ថប្រយោជន៍​កាន់តែ​ប្រសើរ​ចំពោះ​សុខភាព និង​ជួយ​ទប់ស្កាត់​ជំងឺ​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​ចាប់ផ្ដើម​ទទួលទាន​អាហារ​ពណ៌​លឿង​ឱ្យបាន​កាន់តែច្រើន ៖

១. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​
 
​បន្លែ​ផ្លែឈើ​ពណ៌​លឿង​ភាគច្រើន គឺមាន​ផ្ទុក​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែលជា​ជាតិ​រ៉ែ​មួយ​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​។ ហើយ​ដូចដែល​ធ្លាប់​បានដឹង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ជា​កត្តា​ចម្បង​មួយ​ដែល​បង្កបញ្ហា​នៃ​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ បន្លែ​ផ្លែឈើ​ពណ៌​លឿង​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែល​ជួយ​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ផងដែរ​។ វេជ្ជបណ្ឌិត​ជាច្រើន​និយាយថា​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ខ្ពស់​ជា​កត្តា​ហានិភ័យ​គួរឱ្យ​ព្រួយបារម្ភ​នៃ​ជំងឺ​បេះដូង​។​
 
២. ទប់ស្កាត់​រោគ​ឆ្លង​
 
​ផ្លែឈើ និង​បន្លែ​ផ្សេងៗ​ដែលមាន​ពណ៌​លឿង គឺមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C​។ ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​បានដឹងហើយថា វីតាមីន C គឺ​ចាំបាច់​ណាស់​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ឱ្យ​កាន់តែ​រឹងមាំ​ឡើង និង​សកម្ម​ទប់ស្កាត់​រោគ​ឆ្លង​ដូចជា ផ្ដាសាយ ឬ​គ្រុនផ្ដាសាយ​។ វីតាមីន C ក៏មាន​ប្រសិទ្ធិភាព​ប្រយុទ្ធប្រឆាំង​កម្ចាត់​ពពួក​មេ​រោគ​បាក់តេរី និង​វីរុស​មុនពេល​ពួកវា​បង្ក​ជា​បញ្ហា​សុខភាព​ផ្សេងៗ​បាន​ផងដែរ​។​

៣. សុខភាព​ស្បែក​
 
​ការទទួល​ទាន​បន្លែ​ផ្លែឈើ​ពណ៌​លឿង​កាន់តែច្រើន​ក៏​ផ្ដល់​អត្ថប្រយោជន៍​ចំពោះ​សម្រស់​គួរឱ្យកត់សម្គាល់​។ បន្លែ និង​ផ្លែឈើ​ពណ៌​លឿង​អាចជួយ​ឱ្យ​ស្បែ​កមាន​សុខ​ភាពល្អ​មើលទៅ​ក្មេង​ជាង​វ័យ និង​ស្រស់ស្អាត​តាមរយៈ​បរិមាណ​ខ្ពស់​នៃ​វីតាមីន C ដែលមាន​ផ្ទុក​។ ក្នុងនាម​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វី​តា​មិន C កម្ចាត់​នូវ​រាល់​រ៉ាឌីកាល់​សេរី​មុនពេល​ពួកវា​បំផ្លាញ​កោសិកា​ស្បែក​។ វីតាមីន C ក៏​ជួយ​ជម្រុញ​ឱ្យ​រាងកាយ​ផលិត​កូ​ឡា​ជែ​ន​កាន់តែ​ច្រើនឡើង​ទប់ស្កាត់​ស្នាម​ជ្រួញ​ផងដែរ​។​

៤. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​
 
​ភាគច្រើន​នៃ​បន្លែ​ផ្លែឈើ​ដែលមាន​ពណ៌​លឿង​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម​ផងដែរ​។ ដូចដែល​គ្រប់គ្នា​បានដឹង កាល់ស្យូម គឺជា​ជាតិ​រ៉ែ​មួយ​ប្រភេទ​ដែល​សំខាន់​សម្រាប់​រក្សា​សុខភាព​ឆ្អឹង​ល្អប្រសើរ​រឹងមាំ​។ ដូច្នេះ​ការទទួល​ទាន​បន្លែ​ផ្លែឈើ​ពណ៌​លឿង​នឹង​ជួយ​ឱ្យ​អ្នក​ជៀស​ផុតពី​ជំងឺ​ពុក​ឆ្អឹង ជាពិសេស​ប្រសិនបើ​បាន​ហាត់ប្រាណ​ជាប្រចាំ​ទៀត​នោះ​! ក្រៅពី​ល្អ​ចំពោះ​ឆ្អឹង ជាតិ​កាល់ស្យូម​ក៏​ជួយ​ឱ្យ​ធ្មេញ​រឹងមាំ​ដូចគ្នា​។​

៥. បង្កើន​សុខភាព​ភ្នែក​
 
​ភាគច្រើន​នៃ​បន្លែ​ផ្លែឈើ​ពណ៌​លឿង គឺមាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម lutein និង  zeaxanthin ដែល​ចាំបាច់​ជួយ​រក្សា​សុខភាព​ភ្នែក​មើលឃើញ​បាន​កាន់តែច្បាស់​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ទាំងពីរ​នេះ​ក៏​ជួយ​ទប់ស្កាត់​ជំងឺ​ភ្នែក​ផ្សេងៗ​មិនឱ្យ​កើតឡើង​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com