ជាតិ
២៥ខេត្ត/រាជធានី
«ភ្នំសំពៅ» បណ្តុំល្អាងទាំង១២ ដ៏ទាក់ទាញ! រូបភាពពីគេហទំព័រមន្ទីរទេសចរណ៍ខេត្តបាត់ដំបង
× បាត់ដំបង៖ នៅពេលដែលអ្នកទេសចរគយគន់ទេសភាពពីលើកំពូលភ្នំ ដែលមានកម្ពស់ប្រហែល១០០ម៉ែត្រ នឹងឃើញព្រៃប្រឹក្សាក្បែរជើងភ្នំ និងវាលស្រែធំល្វឹងល្វើយដាច់កន្ទុយភ្នែក។ ប្រសិនបើ អ្នកទេសចរងាកមកទស្សនាក្នុងរូងភ្នំវិញ នឹងទទួលអារម្មណ៍ប្លែកម្យ៉ាងពីលើកំពូលភ្នំ។ នោះគឺ «រមណីយដ្ឋានធម្មជាតិភ្នំសំពៅ» ដែលបណ្តុំដោយភ្នំសំខាន់ៗនៅក្បែជើងភ្នំសំពៅ និងបណ្ដុំរូងភ្នំទាំង១២ មានបង្កប់នូវជំនឿជាប់ទាក់ទងនឹងរឿងព្រេងនិទានខ្មែរ «ព្រះបាទរាជកុល និងនាងរំសាយសក់»។ រមណីយដ្ឋានប្រវត្តិសាស្ត្រ ដែលស្ថិតនៅឃុំភ្នំសំពៅ ស្រុកបាណន់ តាមបណ្តោយផ្លូវជាតិលេខ៥៧ ចម្ងាយ១២គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង មួយនេះ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនកុះករ ជាពិសេស នៅថ្ងៃឈប់សម្រាក។
«ភ្នំសំពៅ» ជារមណីយដ្ឋានធម្មជាតិដែលមានវត្តមួយឈ្មោះថា «វត្តគិរីរម្យ» នៅលើកំពូលភ្នំ។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ តែងតែឡើងទៅទស្សនា និងផ្តិតយកទិដ្ឋភាពនៅលើកំពូលភ្នំ ដែលពោរពេញដោយខ្យល់អាកាសល្អ និងទេសភាពដ៏ស្រស់ត្រកាលមួយនេះ។ ចំណែកឯ នៅក្បែរភ្នំសំពៅ គេហទំព័រ មន្ទីរទេសចរណ៍ខេត្តបាត់ដំបងសរសេរដូច្នេះថា «បណ្តុំដោយភ្នំសំខាន់ៗមួយចំនួន ដែលជាប់ទាក់ទងនឹងរឿងព្រេងនិទានខ្មែរ ព្រះបាទរាជកុល និងនាងរំសាយសក់ ដូចជា ភ្នំក្តោង, ភ្នំក្រពើ, ភ្នំអណ្តើក, ភ្នំទ្រុងមាន់, ទ្រុងទា, ភ្នំនាងរំសាយសក់, ភ្នំតាគ្រាម និងភ្នំសងក្បាល់»។
ក្រៅពីទស្សនាសម្រស់ធម្មជាតិនៅលើកំពូលភ្នំរមណីយដ្ឋានមួយនេះ ភ្នំសំពៅក៏បណ្ដុំដោយល្អាងភ្នំរហូតដល់ទៅ១២ផងដែរ។ គេហទំព័រមន្ទីរទេសចរណ៍ដដែលបានបញ្ជាក់ពីចំនួនល្អាងទាំង១២នោះ រួមមាន ១. ល្អាងផ្កាស្លា, ២. ល្អាងគក់ទ្រូង, ៣. ល្អាងខ្យល់, ៤. ល្អាងតែងខ្លួន, ៥. ល្អាងល្ខោន, ៦. ល្អាងជ្រៃ, ៧. ល្អាងពេជ្រ, ៨. ល្អាងខ្វែង, ៩. ល្អាងប្រេង, ១០. ល្អាងស្ថានីយ ឬល្អាងធំ, ១១. ល្អាងក្បាលខ្មោច និងទី១២ គឺល្អាងប្រចៀវ។ ល្អាងភ្នំដែលប្រសព្វអាចរកគ្នាពីល្អាងមួយទៅល្អាងមួយទៀតនេះ បានអន្ទងអ្នកទេសចរណ៍ទាំងជាតិ និងអន្តរជាតិឲ្យកាន់តែចង់ដឹង ចង់ស្គាល់ពីភ្នំសំពៅកាន់តែច្បាស់។
ទាំងអស់នេះ គឺជាផលិតផលទេសចរណ៍ដ៏ល្អមួយរបស់«រមណីយដ្ឋនាភ្នំសំពៅ» ដែលស្ថិតនៅឃុំភ្នំសំពៅ ស្រុកបាណន់ តាមបណ្តោយផ្លូវជាតិលេខ៥៧ ចម្ងាយ១២គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកទស្សនាជារៀងរាល់ថ្ងៃដោយមិនចេះជិនណាយ៕
Tag:
បាត់ដំបង
ទេសចរណ៍
រមណីយដ្ឋាន
ភ្នំសំពៅ
© រក្សាសិទ្ធិដោយ thmeythmey.com