ភ្នំពេញ៖ រដ្ឋាភិបាល មានបំណងប្រាថ្នាតែមួយគត់ គឺចង់ឲ្យអង្គការ សមាគមទាំងអស់ បំពេញការងារដោយចូលរួមដោះស្រាយបញ្ហានានា ដែលស្ថិតនៅត្រឹមដែនកំណត់សិទ្ធិ ក្នុងកិច្ចប្រតិបត្តិការរៀងៗខ្លួន។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក ប្រាក់ សុខុន ក្នុងកិច្ចប្រជុំលើកដំបូង ជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងមក ពិតជាមានការចូលរួមចំណែកមិនអាចខ្វះបានពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះមានវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល។ នេះជាការបរិយាយរបស់លោក ប្រាក់ សុខុន ដែលបានបន្ថែមថា អង្គការសង្គមស៊ីវិលទាំងក្នុងស្រុក និងបរទេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកផ្តល់សេវា និងគាំទ្រដល់វិស័យសំខាន់ៗដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ច សង្គមកិច្ចនៅតាមមូលដ្ឋានជនបទ និងសហគមន៍ដាច់ស្រយ៉ាល នៅក្នុងប្រទេសកម្ពុជា។
ដោយសារតែគុណតម្លៃរបស់សង្គមស៊ីវិល ដែលមិនអាចខ្វះបាននេះហើយទើបរាជរដ្ឋាភិបាល ប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធ និងបើកទ្វារចំហរង់ចាំនូវកិច្ចសហប្រតិបត្តិការ ជាមួយអង្គការមិនមែនរដ្ឋាភិបាលបរទេសទាំងអស់ ដែលប្រតិបត្តិដោយសុឆន្ទៈ និងឈរលើឧត្តមគតិនៃការគិតគូរដល់ប្រយោជន៍ប្រជាជនជាធំ។
អមជាមួយការនិយាយពីភាពវិជ្ជមានរបស់អង្គការ សមាគមន៍នេះ លោក ប្រាក់ សុខុន ក៏បន្តនិយាយពីច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជា។ រដ្ឋមន្ត្រីការបរទេស បានអះអាងថា រដ្ឋាភិបាលរៀបចំច្បាប់នេះឡើង ក្នុងគោលបំណងការពារសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ និងផលប្រយោជន៍សាធារណៈ។ ជាពិសេសលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាមួយអាជ្ញាធរសាធារណៈ ដើម្បីអភិវឌ្ឍសង្គមកម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ដូចមានចែង ក្នុងមាត្រា ១ និង មាត្រា ២ នៃច្បាប់នេះ។
ត្រង់ចំណុចនេះលោក ប្រាក់ សុខុន ក៏ស្នើឲ្យអង្គការ សមាគមទាំងអស់ បំពេញការងារដោយចូលរួមដោះស្រាយបញ្ហានានា ដែលស្ថិតនៅត្រឹមដែនកំណត់សិទ្ធិប្រតិបត្តិការរបស់ខ្លួន។ «រាជរដ្ឋាភិបាលកម្ពុជា តែងប្រកាន់ខ្ជាប់នូវគោលការណ៍នៃការអភិវឌ្ឍប្រកប ដោយបរិយាប័ន្ន ហើយតែងឲ្យតម្លៃជានិច្ចដល់ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដែលជាផ្នែកមួយដំណើរ ការលទ្ធិប្រជាធិបតេយ្យ។ ក្នុងនាមជារដ្ឋអធិបតេយ្យ និងជាអង្គដែលទទួលបានអាណត្តិស្របច្បាប់តែមួយគត់ ពីប្រជាពលរដ្ឋម្ចាស់ឆ្នោតក្នុងការដឹកនាំ, រាជរដ្ឋាភិបាលមានបំណងប្រាថ្នាតែមួយគត់ គឺរួមគ្នាធ្វើយ៉ាងណាឲ្យការចូលរួមទាំងនោះប្រព្រឹត្តទៅដោយការគោរពគ្នាទៅវិញទៅមកនូវអាណត្តិកិច្ច និងស្ថិតត្រឹមដែនកំណត់នៃសិទ្ធិ ក្នុងកិច្ចប្រតិបត្តិការរៀងៗខ្លួន»។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេស។
លោក ប្រាក់ សុខុន បានបន្ថែមថា បើអង្គការ សមាគមគោរពបានទាំងស្រុងនូវច្បាប់នេះ នឹងធានាបាននូវប្រសិទ្ធិភាព និងនិរន្តរភាពយូរអង្វែងនៃភាពជាដៃគូ ក្នុងការរួមចំណែកកសាងនិងអភិវឌ្ឍន៍កម្ពុជា ឲ្យសម្រេចបាននូវគោលដៅរបស់ខ្លួនជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។
ក្រោយច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលចូលជាធរមាន ក្រសួងបានកែតម្រូវខ្លឹមសារនៃ MoU គំរូចាស់ឲ្យស្របតាមខ្លឹមសារនៃច្បាប់ និងបានអនុវត្ត MoU គំរូថ្មី ចាប់ពីខែមករា ឆ្នាំ២០១៦ ព្រមទាំងទទួលបានអង្គការមិនមែនរដ្ឋាភិបាលបរទេសថ្មីចំនួន៦៥ បន្ថែមទៀត។ គិតត្រឹមខែធ្នូ ឆ្នាំ២០១៨ មានអង្គការមិនមែនរដ្ឋាភិបាលបរទេសចំនួន ៣៨៦ នៅមានសុពលភាព ។ ក្នុងនោះអង្គការមិនមែនរដ្ឋាភិបាលបរទេសមកពីប្រទេសផ្សេងៗនៃទ្វីបអាស៊ី អាមេរិក អឺរ៉ុប និងអូស្ត្រាលី ដែលមានគម្រោងសំខាន់ៗផ្តោតលើវិស័យអប់រំ សុខាភិបាល សង្គមកិច្ច កសិកម្ម បណ្តុះបណ្តាល វិជ្ជាជីវៈ អភិវឌ្ឍន៍សហគមន៍ បរិស្ថាន និងបោសសម្អាតមីន។
សម្រាប់កិច្ចប្រជុំនៅក្រសួងការបរទេស នាព្រឹកថ្ងៃទី២៩មករានេះ គឺជាវេទិកាផ្ដល់ឲ្យអង្គការ សមាគមលើយកបញ្ហាប្រឈមនានា និងស្វែងរកដំណោះស្រាយសមស្រប ដើម្បីពង្រឹងការអនុវត្ត ច្បាប់និងបទបញ្ញត្តិជាធរមាន ឲ្យកាន់តែមានប្រសិទ្ធភាពសក្តិសមជានីតិរដ្ឋ៕