ជាតិ
របាយការណ៍​មួយ​បង្ហាញថា កសិករ​កម្ពុជា​ត្រូវការ​ជំនួយ​ជាច្រើន​បន្ថែមទៀត ដើម្បី​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​
29, Jan 2019 , 7:59 pm        
រូបភាព
លោកស្រី​ Johanna Palmberg​ លោក​ តឹក វណ្ណារា​ និង​លោក​ Clemens Beckers ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៨ ខែ​មករា ឆ្នាំ​២០១៩ នៅ​ក្រុង​ភ្នំពេញ។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
លោកស្រី​ Johanna Palmberg​ លោក​ តឹក វណ្ណារា​ និង​លោក​ Clemens Beckers ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៨ ខែ​មករា ឆ្នាំ​២០១៩ នៅ​ក្រុង​ភ្នំពេញ។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
ដោយ: VOA
​ភ្នំពេញ ៖ ស្រប​ពេលដែល​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​នៅតែ​ជា​បញ្ហា​ចោទ​មួយ​នៅលើ​ពិភពលោក កសិករ​កម្ពុជា​ជាច្រើន យល់ដឹង​តិចតួច​ពី​បញ្ហា​នេះ និង​ត្រូវការ​ការជួយជ្រោមជ្រែង​ជាច្រើន​បន្ថែមទៀត​ដើម្បី​បន្ស៊ាំ​នឹង​ការប្រែប្រួល​ធាតុអាកាស នេះ​បើ​យោងតាម​អ្នកជំនាញ​និង​របាយការណ៍​នៃ​ការសិក្សា​មួយ​ដែល​ចេញផ្សាយ​នា​ថ្ងៃ​ចន្ទ​នេះ​។​

 
​របាយការណ៍​ស្តីពី​ការវាយតម្លៃ​លើ​ការ​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា ដែល​ត្រូវបាន​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​បង្ហាញថា បញ្ហា​ប្រឈម​នៅក្នុង​ការលើកកម្ពស់​កា​រ​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​រួមមាន ការសម្រេចចិត្ត​របស់​អាជ្ញាធរ​នៅមានកម្រិត កង្វះ​ប្រតិបត្តិការ​ដោយ​ស្វ័យភាព កង្វះ​គណនេយ្យភាព និង​ការទទួលខុសត្រូវ​មាន​កម្រិត​ទាប​។​
 
​របាយការណ៍​ដែល​ធ្វើការ​សិក្សា​លើ​ការ​បន្ស៊ាំ​ខ្លួន​របស់​កសិករ​កម្ពុជា​ស្ថិតក្នុង​ឃុំ​ពីរ​នៃ​ខេត្តតាកែវ​និង​ព្រៃវែង បន្ថែមថា ការជួយ​ឧបត្ថម​ទុន​ក្នុងការ​ត​យល់ដឹង​លើ​ការ​បន្ស៊ាំ​ខ្លួន​ទៅនឹង​ការប្រែប្រួល​ធាតុអាកាស​នៅ​សម្រាប់​កសិករ​ខ្មែរ​មាន​ត្រឹម ៣០​ភាគរយ​តែប៉ុណ្ណោះ ខណៈ​អាជ្ញាធរ​ឃុំ​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​បង្កើត​សកម្មភាព​នានា​ដើម្បី​បញ្ជ្រៀប​ការយល់ដឹង​ដល់​ប្រជាកសិករ​នៅតាម​ភូមិ​។​
 
​របាយការណ៍​ដដែល ដែល​បាន​ចូលរួម​ស្រាវជ្រាវ​ដោយ​អង្គការ​បរិស្ថាន​មួយចំនួន​បាន​សរសេរ​សង្ខេប​យ៉ាង​ដូច្នេះ​៖
 
«​សកម្មភាព​នានា​សម្រាប់​ការ​បន្ស៊ាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​កម្ម​វី​ធី​វិនិយោគ​ឃុំ​-​សង្កាត់ ប៉ុន្តែ​សកម្មភាព​ទាំងនេះ​មាន​តិចតួច​បំផុត ដោយសារតែ​ខ្វះខាត​ថវិការ​ឧបត្ថម្ភ និង​ការផ្តួចផ្តើម​នៅតាម​មូលដ្ឋាន​។ ក្រុមប្រឹក្សាឃុំ​មិនអាច​បង្កើត​ចំណូល​ផ្ទាល់ខ្លួន​បាន​នោះទេ និង​ការអនុវត្ត​កម្មវិធី​វិនិយោគ​ឃុំ​-​សង្កាត់ ត្រូវការ​ថវិកា​ពី​រដ្ឋាភិបាល និង​អង្គការក្រៅរដ្ឋាភិបាល​នានា​»​។​
 
​យោងទៅតាម​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កម្ពុជា​បាន​ខាត​បង់អស់ ១,៥⁠ ពាន់​លាន​ដុល្លារ ដែលមាន​ប្រហែល ១០​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ដោយសារ​ផលវិបាក​នៃ​បម្រែបម្រួល​អាកាសធាតុ​។​
 
​រដ្ឋាភិបាល​កម្ពុជា​ទទួល​ស្គាល់​ពេញលេញ​ពី​ផលប៉ះពាល់​ពី​បម្រែបម្រួល​អាកាសធាតុ និង​បានចាត់ទុក​បម្រែបម្រួល​អាកាសធាតុ​ជា​អាទិភាព​ចម្បង​មួយ​នៅក្នុង​ផែនការ​អភិវឌ្ឍ​យុទ្ធសាស្ត្រ​ជាតិ​ឆ្នាំ ២០១៤-២០១៨ និង​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​ផ្នែក​បម្រែបម្រួល អាកាសធាតុ​កម្ពុជា​ឆ្នាំ ២០១៤-២០២៣​។​
 
​លោក តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ដែល​បាន​ចូលរួម​ក្នុងការ​សិក្សា​និង​ផ្សព្វផ្សាយ​របាយការណ៍​នេះ​បាន​បញ្ជាក់ថា កង្វះខាត​មូលនិធិ​នៅតែ​ជា​ឧបសគ្គ​លើ​កម្មវិធី​អភិវឌ្ឍន៍​សហគមន៍​មូលដ្ឋាន​នៅក្នុង​ការ​បន្ស៊ាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។​
 
​ដើម្បី​ឲ្យ​កម្មវិធី​អភិវឌ្ឍន៍​ថ្នាក់ក្រោម​ជាតិ​លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​បោះជំហាន​ទៅមុខ​នេះ លោក តឹក វណ្ណា​រ៉ា បានស្នើ​ឲ្យ​មានការ​ប្រើប្រាស់​ធនធាន​ឲ្យ​ត្រូវ​គោលដៅ​។ លោក​បាន​និយាយថា​៖
 
«​ចំណុច​ដែល​ត្រូវ​បន្តទៀត​គឺ​ធ្វើ​ដូចម្តេច ដើម្បី​ឲ្យ​ធនធាន​រវាង​ថ្នាក់ស្រុក ថ្នាក់​ខេត្ត ថ្នាក់ជាតិ​ហ្នឹង​មាន​លក្ខណៈ​បន្ស៊ី​គ្នា ហើយ​លំហូរ​ទៅដល់​ថ្នាក់ក្រោម​ជាតិ ដែល​តាម​លទ្ធភាព​អាចធ្វើ​ទៅបាន​ទាំង​ការចូលរួម​របស់​ធន​ធាន​ពី​រាជរដ្ឋាភិបាល ធនធាន​ពី​ដៃគូ​អភិវឌ្ឍន៍ ធនធាន​ពី​សង្គម​ស៊ីវិល​និង​ធនធាន​ពី​ប្រជាពលរដ្ឋ​ខ្លួនឯង​»​។​


លោក ​តឹក វណ្ណារា​ នាយកប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ ចូលរូម​ក្នុងសិក្ខា​សាលា​ផ្សព្វផ្សាយ​ស្តី​ពី​ការ​បញ្រ្ជាប​ការ​បន្ស៊ាំ​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​ផែនការ​អភិវឌ្ឍន៍​ និង​កម្មវិធី​វិនិយោគ​ឃុំ-សង្កាត់​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៨ ខែ​មករា ឆ្នាំ​២០១៩ នៅ​ក្រុង​ភ្នំពេញ។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
 
​ទាក់ទិន​នឹង​ចំណេះដឹង​របស់​ពលរដ្ឋ​នៅតាម​មូលដ្ឋាន​ពាក់ព័ន្ធ​នឹង​ការ​បន្ស៊ាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​លោក តឹក វណ្ណា​រ៉ា ក៏បាន​ទទួលស្គាល់​ផងដែរ​ថា ចំណេះដឹង​របស់​ពលរ​ដ្ឋ​នៅតាម​មូលដ្ឋាន​នៅមានកម្រិត​ទាប​នៅឡើយ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ជាក់ស្តែង​។ អាស្រ័យហេតុនេះ លោក​បានស្នើ​ឲ្យ​រដ្ឋាភិបាល​និង​ដៃគូ​ពាក់ព័ន្ធ​ជួយ​ជំរុញ​បន្ថែមទៀត​លើ​ផ្នែក​លើកកម្ពស់​សមត្ថភាព និង​វិធីសាស្ត្រ​នៅក្នុង​បន្ស៊ាំ​ទៅនឹង​បម្រែបម្រួល​អាកាសធាតុ​។​
 
​របាយការណ៍​ស្តីពី​ការវាយតម្លៃ​ពី​ការ​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ ដែល​បាន​ធ្វើឡើង​នៅ​ឃុំ​ចំនួន​ពីរ​នៅ​ខេត្តតាកែវ និង​ខេត្តព្រៃវែង បាន​លើកឡើងថា កម្ពុជា​ជា​ប្រទេស​ដែល​ងាយ​រងគ្រោះ​បំផុត​ពី​ការប្រែប្រួល​អាកាសធាតុ និង​គ្រោះធម្មជាតិ ដោយសារតែ​សមត្ថភាព​បន្ស៊ាំ​ទាប​និង​ភាព​មាន​កម្រិត​នៅក្នុង​ការអនុវត្ត​ផែនការអភិវឌ្ឍន៍​។​
 
​លោកស្រី ឈឿន សុ​ឌី ប្រធាន​សហគមន៍​ព្រៃឈើ​ចង្ក្រាន​រយ​នៅ​ស្រុក​វ៉ារិន ខេត្តសៀមរាប បាន​និយាយថា បម្រែបម្រួល​អាកាសធាតុ​បាន​ជះឥទ្ធិពល​ទៅលើ​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​របស់លោក​ស្រី​។​
 
​លោកស្រី​បាន​និយាយថា​៖
 
«​ពាក់ព័ន្ធ​នឹង​បម្រែបម្រួល​អាកាសធាតុ ការកើត​គ្រោះមហន្តរាយ​គឺ ពាក់ព័ន្ធ​នឹង​អាយុជីវិត​របស់​ពួកគាត់​។ បំផ្លាញ​កសិកម្ម​ដូច​ថា​ទឹកជំនន់​ហូរ​ច្រើន​បំផ្លាញ​កសិកម្ម​របស់​ពួកគាត់​។ ហើយ​វា​ឆ្លង​ជំងឺ វីរុស ជាច្រើន​»​។​
 
​លោកស្រី សុ​ឌី ក៏បាន​លើកឡើង​ផងដែរ​ថា ក្នុង​តំណែង​ជា​ប្រធាន​សហគមន៍ លោកស្រី​បាន​ចូលរួម​ជាមួយ​អាជ្ញាធរ និង​អង្គការក្រៅរដ្ឋាភិបាល​នៅក្នុង​ការអប់រំ​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​នៅ​ក្នុងការ​បន្ស៊ាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។ ប៉ុន្តែ​លោកស្រី​បាន​បន្តថា កិច្ចការងារ​នៅក្នុង​ការអប់រំ​នេះ​នៅមានកម្រិត​នៅឡើយ ដោយសារតែ​ថវិកា​ស្តួចស្តើង​។​
 
​លោកស្រី Johanna Palmberg អ្នកតំណាង​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​ការយល់ដឹង​ពី​សំណាក់​ពលរដ្ឋ​ថា្នក់​មូលដ្ឋាន​និង​ថ្នាក់ជាតិ​អំពី​បម្រែបម្រួល​អាកាសធាតុ​និង​វិធីសាស្ត្រ​នៅ​ក្នុងការ​បន្ស៊ាំ​ខ្លួន​។​
 
​លោកស្រី​បាន​និយាយ​ជា​ភាសា​អង់គ្លេស​និង​ត្រូវបាន​ប្រែ​សម្រួល​ក្នុងន័យ​ដើម​ថា​៖
 
«​មាន​តម្រូវការ​នៃ​ការយល់ដឹង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់មូលដ្ឋាន ពី​ការដែល​ការប្រែប្រួល​អាកាសធាតុ​បាន​ប៉ះពាល់​ទៅដល់​មនុស្ស​គ្រប់គ្នា​និង​ការដែល​មនុស្ស​គ្រប់គ្នា​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅលើ​បរិស្ថាន​។ ការណ៍​នេះ​បាន​ក្លាយជា​អ្វីដែល​សំខាន់​នៅពេល​រៀបចំ​ផែនការ​ស្តីពី​ការប្រើប្រាស់​ធនធាន និង​ការ​ធានាថា ការប្រើប្រាស់​ធនធាន​នឹងមាន​លក្ខណៈ​រួមបញ្ចូល​សម្រាប់​មនុស្ស​គ្រប់គ្នា​»​។​


លោកស្រី​ Johanna Palmberg អ្នក​តំណាង​ស្ថានទូត​ស៊ុយអែត ចូលរូម​ក្នុងសិក្ខា​សាលា​ផ្សព្វផ្សាយ​ស្តី​ពី​ការ​បញ្រ្ជាប​ការ​បន្ស៊ាំ​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​ផែនការ​អភិវឌ្ឍន៍​ និង​កម្មវិធី​វិនិយោគ​ឃុំ-សង្កាត់​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៨ ខែ​មករា ឆ្នាំ​២០១៩ នៅ​ក្រុង​ភ្នំពេញ។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
 
​លោក Clemens Beckers អនុព័ន្ធ​-​គ្រប់គ្រង​ផ្នែក​ធនធានធម្មជាតិ​និង​ការប្រែប្រួល​អាកាសធាតុ ប្រតិភូ​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​លើក​ថា សហភាព​អឺរ៉ុប​នឹង​បន្ត​ជួយ​ជ្រោមជ្រែង​រដ្ឋាភិបាល និង​អង្គការក្រៅរដ្ឋាភិបាល​នៅក្នុង​ការឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​ចាប់តាំងពី​ឆ្នាំ ២០១០ ដែល​រួមមាន​ជំនួយ​ផ្នែក​ថវិកា និង​បច្ចេកទេស ដែល​នៅមានកម្រិត​នាពេល​បច្ចុប្បន្ន​។​
 
​លោក Clemens បាន​បន្តថា​ត្រូវមាន​ការលើកកម្ពស់​កា​រ​យល់ដឹង​បន្ថែម​នៅក្នុង​ចំណោម​ពលរដ្ឋ​មូលដ្ឋាន នៅក្នុង​ការជួយ​ជំរុញ​ដល់​កិច្ចការងារ​បន្ស៊ាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ហើយ​សហភាព​អឺរ៉ុប​នឹង​បម្រុង​ទុន​ចំនួន​៦​លាន​អឺរ៉ូ​ទៀត ដើម្បី​ជួយ​ដល់​កម្មវិធី​របស់​សម្ព័ន្ធ​ភាពប្រែប្រួល​អាកាសធាតុ​កម្ពុជា​។​
 
​លោក​បាន​និយាយថា​៖
 
«​ខ្ញុំ​គិតថា អ្វីដែល​ត្រូវ​លើកកម្ពស់​នៅ​ដំណាក់កាល​ដំបូង គឺ ការយល់ដឹង​ពីអ្វី​ទៅជា ការប្រែប្រួល​អាកាសធាតុ​។ ដូច្នេះ ខ្ញុំ​គិតថា​វា​មាន​សារៈសំខាន់​សម្រាប់​ពលរ​ដ្ឋ​ទូទៅ​នៅក្នុង​ការយល់ដឹង​ឲ្យ​បាន​ប្រសើរ​ជាង​មុន​ពីអ្វី​ទៅជា​បម្រែបម្រួល​អាកាសធាតុ និង​ប្រៀបធៀប​ពី​ស្ថានភាព​បម្រែបម្រួល​អាកាសធាតុ ដែល​កម្ពុជា​កំពុង​ប្រឈមមុខ​ដូចជា ទឹកជំនន់ និង​កម្រិត​ភ្លៀង​ធ្លាក់​»​។​
 
​ស្រប​ពេលដែល​កម្ពុជា​បាន​ចូលរួម​សហការ​ជាមួយ​ដៃគូ​ផ្សេងៗ​នៅក្នុង​ការចាត់វិធានកា​រ​ផ្សេងៗ​លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ការប្រើប្រាស់​ធនធាន​ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធភាព​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​នៅតែ​ជា​កត្តា​ចម្បង​មួយ ដែល​ត្រូវការ​ការជំរុញ និង​ការជជែក​វែកញែក​បន្ថែ​ម​ទៀត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com