ជាតិ
កម្ពុជា-ចិន ប្ដេជ្ញាលុបបំបាត់ភាពអវិជ្ជមាន ដែលបង្កដោយជនជាតិចិនឲ្យអស់ក្នុងរយៈពេលខ្លីខាងមុខ រូបពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
× ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wentian បានប្ដេជ្ញាលុបបំបាត់ភាពអវិជ្ជមាន ដែលបង្កឡើងដោយជនជាតិចិន ឲ្យអស់ក្នុងរយៈពេលដ៏ខ្លីខាងមុខ។ ការប្ដេជ្ញារបស់ឯកអគ្គរដ្ឋទូតចិននេះ ធ្វើឡើងនៅក្នុងជំនួបជាមួយលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ មករា។
លោក Wang Wentian ចាត់ទុកការរីកចម្រើនគ្រប់វិស័យនៅខេត្តព្រះសីហនុ គឺកើតចេញពីចំណងមិត្តភាពខេត្ត-ក្រុងរវាងភាគីទាំងពីរ ទើបបានអ្វីៗគ្រប់យ៉ាងបានប្រសើរឡើងបែបនេះ។
ទន្ទឹមនឹងការរីកចម្រើននេះ លោក Wang Wentian ក៏សន្យាសហការជាមួយអាជ្ញាធរបង្ក្រាប និងទប់ស្កាត់បញ្ហាអសន្តិសុខនានា ដែលបង្កឡើងដោយជនជាតិចិនផងដែរ។
បើតាមហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ ដែលបានស្រង់សម្តីភាគីកម្ពុជា-ចិន ក្នុងជំនួបនោះ បានសរសេរដូច្នេះថា៖«អភិបាលខេត្តព្រះសីហនុ និង អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានប្តេជ្ញារួមគ្នាលុបបំបាត់ភាពអវិជ្ជមាននានាឲ្យអស់នាពេលដ៏ខ្លីខាងមុខ ហើយសន្យានឹងឧបត្ថម្ភគាំទ្រ សហការជាមួយនឹងសមត្ថកិច្ចទាំងអស់ ពិសេសកងកំលាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ»។
ដោយសារកំណើនវិនិយោគចិន បានសម្រុកបណ្ដាក់ទុននៅខេត្តព្រះសីហនុ រយៈពេលប៉ុន្មានឆ្នាំនេះ បានធ្វើឲ្យកំណើនចំណូលប្រជាពលរដ្ឋរស់នៅទីនោះ កើនឡើងរហូតដល់៣,៣៨០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ នេះបើតាមលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ។
រយៈពេល២ឆ្នាំចុងក្រោយនេះ សន្ទុះវិនិយោគិនចិន បានសម្រុកមករកស៊ីយ៉ាងគំហុកនៅកម្ពុជា ដែលមានដល់ទៅពាន់គម្រោងក្នុងមួយឆ្នាំៗ ហើយភាគច្រើនលើវិស័យអចលនទ្រព្យ និងសំណង់ ក្រៅពីវិស័យកាត់ដេរ វាយនភណ្ឌ។ ចំពោះលំហូរវិនិយោគចិនច្រើននេះ វាគឺជារឿងមួយល្អ សម្រាប់ចរន្តសេដ្ឋកិច្ចក្នុងប្រទេស។ នេះបើនិយាយផ្អែកទៅលើទស្សនសេដ្ឋកិច្ច។ ប៉ុន្តែបើពិនិត្យមើលទៅលើភាពអវិជ្ជមាននៃការវិនិយោគនេះវិញ វាក៏មានបញ្ហាគួរឲ្យកត់សម្គាល់ផងដែរ។
សហស្ថាបនិកនៃវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាយុទ្ធសាស្ត្រ លោក ឈាង វណ្ណារិទ្ធិ មើលឃើញថា ការវិនិយោគចិននេះ មិនទាន់ផ្ដល់ប្រយោជន៍ដល់ប្រជាជនកម្ពុជាច្រើននោះទេ ដោយសារពួកគេនាំចូលកម្មករជំនាញមកពីប្រទេសចិន ហើយខ្វះតម្លាភាព និងការចែករំលែកចំណេះជំនាញដល់កម្មករ ក៏នៅមានកម្រិតទាប។ ជាពិសេសបញ្ហាវិនិយោគចិន ដែលផ្ដោតលើកាស៊ីណូ ហើយនាំផលអវិជ្ជមានដល់កម្ពុជា។
បើនិយាយពីបញ្ហាសន្តិសុខ និងការចាប់ជំរិតតាមប្រព័ន្ធអ៊ីធឺណិតវិញ ក៏កើតមានច្រើនដែរ ហើយភាគច្រើនសុទ្ធតែបង្កឡើងដោយជនជាតិចិន។ជាក់ស្ដែងជនជាតិចិន៦៩នាក់ ក្នុងនោះមានស្រី១៦នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជាផ្នែកអន្តោប្រវេសន៍ សហការជាមួយសមត្ថកិច្ចចិន បានចាប់បញ្ចូនទៅប្រទេសចិនវិញកាលពីថ្ងៃទី២៨ មករា ដែលពាក់ព័ន្ធករណីក្លែងបន្លំ តាមប្រព័ន្ធទូរគមនាគមន៍។ ដោយឡែក កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៨ កម្ពុជាបានបញ្ជូនជនជាតិចិនដែលប្រព្រឹត្តបទល្មើសនៅខេត្តតាកែវ ចំនួន២៣២នាក់ ទៅស្រុកវិញ។ ក្រុមជនជាតិចិនទាំងនោះ ជាប់ពាក់ព័ន្ធករណីឆបោក គំរាមគំហែង ជំរិតទារប្រាក់ តាមប្រព័ន្ធទូរគមនាគមន៍ (VOIP)៕
© រក្សាសិទ្ធិដោយ thmeythmey.com