កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ ម្ចាស់ផ្ទះ ឬកាតា ដែលឡើងទៅជួបជប៉ុនវគ្គផ្តាច់ព្រ័ត្រ?
× គ្រូបង្វឹករបស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកាតាលោក Felix Sanchez បានសារភាពថាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹងក្រុមម្ចាស់ផ្ទះអេមីរ៉ាតអារ៉ាប់រួម នឹងក្លាយជាជំនួបដ៏លំបាកបំផុតសម្រាប់ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ ២០១៩នេះ។
អេមីរ៉ាតអារ៉ាប់រួម នឹងបើកកីឡដ្ឋាន Mohammed Bin Zayed Stadium ដើម្បីទទួលភ្ញៀវកាតានៅវគ្គ១/២ផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៩ ខែមករានេះ វេលាម៉ោង ៩:០០នាទី [ម៉ោងនៅកម្ពុជា]។
កាតាបានទម្លាក់ក្រុមគីឡូ World Cup កូរ៉េខាងត្បូងនៅវគ្គ៨ក្រុមចុងក្រោយដោយលទ្ធផល ១-០ ដើម្បីឈានមកកាន់វគ្គ៤ក្រុមនេះជាលើកដំបូង សម្រាប់ប្រវត្តិសាស្ត្រក្រុម។ ចំណែកម្ចាស់ផ្ទះដែលធ្លាប់ទទួលបានចំណាត់ថ្នាក់ទី២មួយលើក បានទម្លាក់ក្រុមម្ចាស់ការពារជើងឯកអូស្ត្រាលីក្នុងលទ្ធផល ១-០ ដូចគ្នា។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Sanchez មើលឃើញថាការប៉ះគ្នារវាងក្រុមពីពិភពអារ៉ាប់ទាំងពីរជាជំនួបមួយដ៏តានតឹងនិងចាប់អារម្មណ៍បំផុតក្នុងព្រឹតិ្តការណ៍នេះ ដែលអ្នកទស្សនាមិនគួរមើលរំលងឡើយ។
Felix Sanchez គ្រូជម្រើសជាតិកាតា
កាតាដែលនឹងត្រៀមធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ២០២២ ផងដែរនោះ មានឱកាសបង្ហាញពិភពលោកថា ខ្លួនកំពុងរីកចម្រើនក្នុងវិស័យកីឡាបាល់ទាត់ដោយធ្វើយ៉ាងណាយកឈ្នះអេមីរ៉ាតអារ៉ាប់រួមឲ្យបាន ដើម្បីឡើងទៅដណ្តើមពាន Asian Cup ជាមួយជប៉ុនដែលកក់កៅអីសម្រាប់វគ្គផ្តាច់ព្រ័ត្ររួចហើយ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ប្រចាំទ្វីអាស៊ីលើកទី១៧នេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩៕
© រក្សាសិទ្ធិដោយ thmeythmey.com