កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ​វៀតណាម ថា​ក្រុម​លោក​ទទួលលទ្ធផល​ល្អ​នៅ Asian Cup ដោយសារ​សំណាង​ប៉ុណ្ណោះ​
29, Jan 2019 , 5:32 pm        
រូបភាព
​លោក Park Hang-seo គ្រូបង្វឹក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​វៀតណាម​នៅ​ថ្ងៃទី​២៩ ខែមករា​នេះ បាន​សារភាពថា ក្រុម​របស់លោក​បានទទួល​ជ័យជម្នះ​ដោយ​សំណាង​ប៉ុណ្ណោះ​ក្នុងការ​ប្រកួត​ដណ្ដើម​ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩ ដែល​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ធ្វើជា​ម្ចាស់ផ្ទះ​នេះ​។​


 
​បន្ទាប់ពី​ដឹកនាំ​វៀតណាម​ឈានដល់​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​អាស៊ី​លើក​ទី​១៧​នេះ លោក Park បាន​វិល​ត្រលប់​ទៅ​ស្រុកកំណើត​នៅឯ​កូរ៉េខាងត្បូង​សម្រាប់​វិស្សមកាល​លំហែកាយ​ជាមួយ​ក្រុមគ្រួសារ​លោក​នៅ​ទីនោះ​។ 
 
​ក្រុម​រហស្សនាម​ផ្កាយ​មាស អាច​ឆ្លង​ផុត​វគ្គ​សន្សំ​ពិន្ទុ​ដោយ​ទទួលបាន​ចំណាត់ថ្នាក់​ទី​៣​ល្អ​បំផុត ក្រោយ​ប្រកួត​ឈ្នះ​១ និង​ចាញ់​២​ប្រកួត​ក្នុង​ពូ​ល D​។ បន្ត​ដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ​ពួ​គេ​បាន​យកឈ្នះ​ហ្សកដានី ១-០ ដើម្បី​នាំ​ម្ចាស់​ជើងឯក Suzuki Cup ឆ្នាំ​២០១៨ ឈានទៅ​វគ្គ​បន្ត​។ 


 
​ក្រោម​ការដឹកនាំ​របស់​គ្រូ​សញ្ជាតិ​កូរ៉េខាងត្បូង​រូបនេះ វៀតណាម​បាន​ក្លាយជា​ក្រុម​តំបន់​អាស៊ាន​តែមួយគត់​ដែល​អាច​ឆ្លង​ចូលដល់​វគ្គ​៨​ក្រុម​ចុងក្រោយ​។ យ៉ាងណា​ពួកគេ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ខ្លាំង​ជប៉ុន​ត្រឹម​លទ្ធផល ១-០ នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។ 
 
​ទោះជា​ទទួលបាន​លទ្ធផល​គាប់ប្រសើរ​យ៉ាងនេះ​ក្តី តែ​លោក Park ថា​វៀតណាម​អាចឈាន​ទៅដល់​វគ្គ​នេះ​គឺ​ដោយសារ​សំណាង​ប៉ុណ្ណោះ បើ​ធៀប​នឹង​កម្រិត​នៃ​ការលេង​របស់​ក្រុម​ផ្សេងៗ​ទៀត​ក្នុង​ទ្វីបអាស៊ី​។ គ្រូបង្វឹក​វ័យ​៦០​ឆ្នាំ​ខាងលើ បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Incheon ប្រទេស​កូរ៉េខាងត្បូង​ដូច្នេះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។​
 
​លោក​បន្ថែមថា វៀតណាម​មិនទាន់​ស្ថិតនៅក្នុង​កម្រិត​កំពូល​នៃ​ក្រុម​អាស៊ី​ទេ​។ វៀតណាម​ត្រូវការ​ផែនការ​រយៈពេល​វែង​សម្រាប់​ការអភិវឌ្ឍ​ដើម្បី​ឲ្យ​កីឡាករ​មាន​ស្តង់ដា​ពិតប្រាកដ​មួយ​។​
 
​ឆ្លើយ​នឹង​សំនួរ​អ្នកការ​សែត​វៀតណាម​មួយចំនួន​ដែល​សួរថា​តើ​ពេលណា​វៀតណាម​អាច​លេង​នៅ World Cup បាន លោក Park រៀបរាប់ថា​៖«​វៀ​ណា​ម​ត្រូវការ​ពេលវេលា​ច្រើន​ទៀត​។ ខ្ញុំ​បាន​ប្រាប់​សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម (VFF) ហើយ​ថាបើ​ចង់​សង្ឃឹម​ទៅលេង​ពាន​លំដាប់​ពិភពលោក យើង​ត្រូវការ​វិនិយោគ​ទៅលើ​កីឡាករ​វ័យក្មេង ដែល​យ៉ាងហោចណាស់​មាន​អាយុ​តិចជាង​សមាជិក​ក្រុម​ជម្រើសជាតិ​បច្ចុប្បន្ននេះ​ចំនួន​១០​ឆ្នាំ​»៕
 

Tag:
 បាល់ទាត់​
  Asian Cup
  Park Hang-seo
  វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com