ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
២៥ខេត្ត/រាជធានី
កេរ្តិ៍ឈ្មោះកសិករឆ្នើមវ័យ៧៣ឆ្នាំ ទីវ ឆាត ធ្វើឲ្យគ្រួសារទទួលផលពីបន្លែសរីរាង្គតកូនចៅ
30, Jan 2019 , 10:30 am        
រូបភាព
ភ្នំពេញ៖ ១០ឆ្នាំចុងក្រោយនៃជីវិតជាកសិករ ជីដូន ទីវ ឆាត បានកែប្រែកេរ្តិ៍ឈ្មោះពីអ្នកដាំបន្លែដោយប្រើប្រាស់សារធាតុគីមី មកជាអ្នកដាំបន្លែសរីរាង្គវិញ រហូតក្លាយជាកសិករគំរូប្រចាំភូមិថ្មរាប ដែលអ្នកភូមិឃ្មុំ, អតិថិជន និងអង្គការសេដាកទទួលស្គាល់។ គ្រាន់តែកេរ្តិ៍ឈ្មោះដាំបន្លែសរីរាង្គរបស់លោកយាយ ទីវ ឆាត បានធ្វើឲ្យកូនចៅទទួលផលដោយងាយស្រួល និងមិនពិបាករកទីផ្សារ។ លោកយាយវ័យ៧៣ឆ្នាំ រស់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រូបនេះ បានពន្យល់ពីការងាកមកដាំបន្លែតាមគោលការណ៍សរីរាង្គសេដាកដូច្នេះថា៖«បានជាខ្ញុំដាំបន្លែសរីរាង្គ ព្រោះដាំបន្លែគីមី ធ្វើឲ្យប៉ះពាល់ដល់សុខភាព ហើយខ្ញុំក៏បានប្រែមកដាំបន្លែសរីរាង្គវិញ ដើម្បីកុំឲ្យប៉ះពាល់សុខភាព និងធ្វើឲ្យមានចំណូលផងដែរ»។ ក្នុងផ្ទៃដីទំហំ៧អា ដែលលោកយាយ ឆាត កំពុងដាំបន្លែសរីរាង្គជាច្រើនប្រភេទនោះ អនុញ្ញាតឲ្យលោកយាយរកចំណូលបានពី៨០ម៉ឺនរៀលទៅ១លានរៀលក្នុងមួយខែ។


រយៈពេល១០ឆ្នាំហើយដែលកសិករវ័យ៧៣ឆ្នាំ លោកយាយ ទីវ ឆាត បានងាកមកដាំបន្លែសរីរាង្គ ក្រោមការជួយជ្រោមជ្រែងបច្ចេកទេសពីអ្នកជំនាញអង្គការសេដាក។ ក្នុងបទសម្ភាសជាមួយសារព័ត៌មាន ThmeyThmey កសិករឆ្នើមដែលដាំបន្លែសរីរាង្គនៅភូមិថ្មរាប ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងរូបនេះ លើកឡើងថា៖ «កត្តាដែលជំរុញឲ្យខ្ញុំដាំបន្លែសរីរាង្គ ព្រោះបន្លែនេះ មានតម្លៃថ្លៃជាងបន្លែធម្មតា និងមានការទទួលស្គាល់។ ជាពិសេស ហូបទៅមានសុខភាពល្អ»។
 
ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោកយាយ ទីវ ឆាត កសិករឆ្នើមដាំបន្លែសរីរាង្គនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៖ 
 

ស្ពៃ, សាឡាដ, សណ្ដែកគួរ, ត្រសក់, ជី និងបន្លែសរីរាង្គជាច្រើនទៀត ដែលលោកយាយ ទីវ ឆាត បានដាំ សម្រាប់លក់ឲ្យអតិថិជននៅក្នុងភូមិស្រុក និងផ្គត់ផ្គង់ឲ្យផ្សារកសិផលសរីរាង្គសេដាកនៅរាជធានីភ្នំពេញ។ បន្លែសរីរាង្គរបស់លោកយាយ ទីវ ឆាត មានតម្លៃថ្លៃចាប់ពី៥ពាន់ ដល់១ម៉ឺនរៀលក្នុង១គីឡូក្រាម។ ក្នុងផ្ទៃដីទំហំ៧អា ដែលលោកយាយ ឆាត កំពុងដាំបន្លែសរីរាង្គជាច្រើនប្រភេទនោះ ធ្វើឲ្យលោកយាយអាចរកចំណូលបានពី៨០ម៉ឺនរៀលទៅ១លានរៀលក្នុងមួយខែ។ 
 
បើទោះជា មានបទពិសោធដាំបន្លែច្រើនឆ្នាំក៏ពិតមែន ក៏លោកយាយ ទីវ ឆាត នៅតែជួបប្រទះនឹងបញ្ហាប្រឈម ដោយសត្វល្អិតបំផ្លាញបន្លែទាំងនោះម្តងម្កាលផងដែរ។ ប៉ុន្តែ បញ្ហាទាំងនេះមិនមែនជាឧបសគ្គធំសម្រាប់កសិករវ័យ៧៣ឆ្នាំម្នាក់នេះឡើយ។
 
បទពិសោធ១០ឆ្នាំជាមួយនឹងការដាំបន្លែតាមគោលការណ៍សរីរាង្គសេដាក លោកយាយ ទីវ ឆាត បានប្រឡងជាប់ជាកសិករគំរូប្រចាំភូមិថ្មរាប ឃុំពង្រ នៃស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ។ ក្រោយជាប់ឈ្មោះជាកសិករគំរូ មានកសិកររស់នៅក្នុងភូមិស្រុក និងមកពីតាមខេត្ត រួមទាំងបណ្ដាប្រទេសមួយចំនួនផង បានមករៀនស្រូតពីបច្ចេកទេស និងការអនុវត្តពីរបៀបដាំ និងថែទាំបន្លែសរីរាង្គផ្ទាល់ពីលោកយាយ ទីវ ឆាត ។ បច្ចុប្បន្ន លោកយាយ ទីវ ឆាត បានលាឈប់ពីការដាំបន្លែសរីរាង្គនេះ ដោយលោកយាយ ផ្ទេរមុខរបរដាំបន្លែសរីរាង្គនេះទៅកូនចៅគ្រប់គ្រងវិញ៕​
 

Tag:
 កសិករ
  កសិកម្ម
  បន្លែ
  សរីរាង្គ
  កំពង់ឆ្នាំង
© រក្សាសិទ្ធិដោយ thmeythmey.com