អន្តរជាតិ
រដ្ឋ​អាមេរិក​ឡាទីន​ជំទាស់​អន្តរាគមន៍​យោធា​ទម្លាក់ ម៉ា​ឌុយ​រ៉ូ ខណៈ​ប្រធានាធិបតី​ថ្មី​រង​បម្រាម​ចេញពី​ប្រទេស​
30, Jan 2019 , 11:34 am        
រូបភាព
ទាហានវ៉េណេស៊ុយអេឡាស្ថិតក្នុងប្រតិបត្តិការបង្ក្រាបបាតុកម្ម​និងកុបកម្មនារដ្ឋធានីការ៉ាកាសថ្ងៃ ២១ ខែមករា (AFP)
ទាហានវ៉េណេស៊ុយអេឡាស្ថិតក្នុងប្រតិបត្តិការបង្ក្រាបបាតុកម្ម​និងកុបកម្មនារដ្ឋធានីការ៉ាកាសថ្ងៃ ២១ ខែមករា (AFP)
​ប៉េ​រូ បានប្រកាស​នៅ​ថ្ងៃ​អង្គារ​ទី ២៩ ខែមករា​ថា ដំណោះស្រាយ​ដោយ​អន្តរាគមន៍​យោធា​ប្រឆាំង​របប​ដឹកនាំ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​លោក នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ មិន​ត្រូវបាន​ស្វាគមន៍​ដោយ​បណ្តា​រដ្ឋ​អាមេរិក​ឡាទីន និង​កាណាដា​ឡើយ​។ ការទាត់ចោល​ដំណោះស្រាយ​ដោយ​ប្រើ​កម្លាំងបាយ​នេះ​កើតឡើង​បន្ទាប់ពី​មាន​ព័ត៌មាន​ថា អាមេរិក​អាច​នឹង​ប្រើប្រាស់​កម្លាំងយោធា​អន្តរាគមន៍​ចូលក្នុង​វិបត្តិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ក្នុង​ក្របខណ្ឌ​តំបន់​ផង​។​


 
​វិបត្តិ​វ៉េ​ណេ​ស៊ុយ​អេ​ឡាប​ន្ត​អូសបន្លាយ​និង​កាន់តែ​ដុនដាប​ខ្លាំង ដោយសារ​គ្មាន​ដំណោះស្រាយ​នយោបាយ​ណាមួយ​ត្រូវ​សម្រេច​ចេញ​នោះឡើយ​។ បច្ចុប្បន្ន​ប្រធានាធិបតី​ពីរ​នៅ​តាំងខ្លួន​ជា​មេដឹកនាំ​ស្របច្បាប់ ដោយ​ម្នាក់​មានអំណាច​ពេញដៃ ឯ​ម្នាក់ទៀត​មាន​ត្រឹម​ការទទួលស្គាល់​ពី​សហ​គម​ន៍​អន្តរជាតិ​ប៉ុណ្ណោះ​។ ចំណែក​បាតុកម្មហិង្សា​ផ្ទុះឡើង​ដើម្បី​ទាមទារ​រក​ការផ្លាស់ប្តូរ​កើតមាន​ពេញទី​ក្រុង​។​
 
​ជុំវិញ​ការបន្ត​អូសបន្លាយ​នៃ​វិបត្តិ​នេះ មាន​ព័ត៌មាន​ថា អន្តរាគមន៍​យោធា​អាច​នឹង​កើតឡើង​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ​ផ្នែក​នយោបាយ​ផង​។ 
 
​នៅ​អាមេរិក ទាំង​លោក ដូ​ណា​ល់ ត្រាំ រដ្ឋមន្ត្រី​ការពារជាតិ​ស្តីទី និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ សុទ្ធតែ​និយាយ​ក្នុង​ជំហរ​រួមគ្នា​លើ​វិធានការ​ដោះស្រាយ​វិបត្តិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ ពួកគេ​បាន​អះអាងថា រាល់​វិធានការ​ទាំងអស់​រាប់ទាំង​យោធា​ស្ថិតនៅលើ​តុ បើសិនជា​ស្ថិត​ក្នុងករណី​ចាំបាច់​នោះ​។​
 
​ប៉ុន្តែ​ដំណោះស្រាយ​ប្រើ​កម្លាំងបាយ​នេះ ត្រូវបាន​ទាត់ចោល​ដោយ​បណ្តា​រដ្ឋ​អាមេរិក​ឡាទីន និង​កាណាដា​ដែលជា​សមាជិក​ក្រុម​លី​ម៉ា (Lima Group)​។ ថ្វីបើ​សមាជិក​ក្រុម​នេះ​ភាគច្រើន​មិន​ទទួលស្គាល់​លោក ម៉ា​ឌុយ​រ៉ូ​ជា​មេដឹកនាំ​ស្របច្បាប់​ក្នុង​អាណត្តិ​ទី​ពីរ​ក្តី ប្រទេស​ទាំងនេះ​យល់ថា ការប្រើ​កម្លាំងបាយ​នឹង​បង្កើត​វិបត្តិ​ធ្ងន់ធ្ងរ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP រដ្ឋមន្ត្រីការបរទេស​ប៉េ​រូ​លោក Nestor Popolizio បាន​ថ្លែង​ដូច្នេះ​៖« ក្នុងនាម​ជា​សមាជិក​ក្រុម​លី​ម៉ា យើង​បាន​និយាយ​ហើយ​ថា យើង​មិន​គាំទ្រ​ឡើយ​រាល់​ការអន្តរាគមន៍​ដោយ​ប្រើប្រាស់​យោធា​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​»​។ 
 
​ខណៈ​ប្រកាស​ទាត់ចោល​អន្តរាគមន៍​យោធា​ពី​សំណាក់​រដ្ឋមន្ត្រី​ប៉េ​រូ រដ្ឋមន្ត្រីការបរទេស​កាណាដា​លោកស្រី Chrystia Freeland ឯណោះ​វិញ បាន​បង្ហើប​ថា សមាជិក​ក្រុម​លី​ម៉ា​នឹង​ចាប់ផ្តើម​ជួបពិភាក្សា​មួយ​នៅ​ថ្ងៃ ៤ ខែកុម្ភៈ​ខាងមុខ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ឆ្លើយតប​នឹង​បញ្ហា​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។​
 
«​លោក ម៉ា​ឌុយ​រ៉ូ បង្កើត​វិបត្តិ​នយោបាយ សេដ្ឋកិច្ច និង​សង្គម​ធ្ងន់ធ្ងរ​ដែល​បង្កបញ្ហា​ដល់​តំបន់​ទាំងមូល​។ កាណាដា​នឹង​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​សមា​ជីក​ក្រុម​លី​ម៉ា​នៅ អូ​តា​វ៉ា ថ្ងៃ​ចន្ទ​ទី ៤ ខែកុម្ភៈ​នេះ​ដើម្បី​ជជែក​ពី​ជំហាន​បន្ទាប់​ដើម្បី​គាំទ្រ​ប្រធានាធិបតី​ស្តីទី ហ័ន ក្វៃដូ និង​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​»​។ 
 
​ទោះជា​មានការ​លើកឡើង​បែបនេះ​ក៏ដោយ រដ្ឋមន្ត្រី​រូបនេះ​មិនបាន​បញ្ជាក់​លម្អិត​ឡើយ​ថា តើ​ក្រុម​លី​ម៉ា​នឹង​អាច​ចាត់វិធានការ ឬ​ចេញ​ដំណោះស្រាយ​បែបណា​ជាក់លាក់​ដើម្បី​ឆ្លើយតប​នឹង​ស្ថានការណ៍​បច្ចុប្បន្ន​ឡើយ​។​
 
​ការលើកឡើង​ពី​កិច្ចប្រជុំ​តំបន់​នេះ​ធ្វើឡើង​បន្ទាប់ពី រដ្ឋបាល​អាមេរិក​សម្រេច​ដាក់ទណ្ឌកម្ម​បន្ថែម​ដោយ​លើក​នេះ​ផ្តោតលើ​ក្រុមហ៊ុន​ប្រេង​រដ្ឋ PDVSA ក្នុង​គោលដៅ​កាត់ផ្តាច់​ហិរញ្ញវត្ថុ​របប​ដឹកនាំ​លោក ម៉ា​ឌុយ​រ៉ូ ទាំងស្រុង​ផង​។ ជាការ​ឆ្លើយតប លោ​ល ម៉ា​ឌុយ​រ៉ូ ចេញ​បញ្ជា​ឲ្យ​មន្ត្រី​ខ្លួន​រៀបចំ​ពាក្យបណ្ដឹង​ប្រឆាំង​ចំណាត់ការ​រដ្ឋបាល​អាមេរិក​ទៅ​តុលាការ​អាមេរិក​ផងដែរ​។​
 
-​ប្រធានាធិបតី​ថ្មី​ត្រូវ​បង្កក​ទ្រព្យ និង​ស្ថិតក្រោម​បម្រាម​ចាក​ចេញពី​ប្រទេស​
 
​ខណៈដែល​ស្ថានការណ៍​បន្ត​ដុនដាប ដោយមាន​សម្ពាធ​ពី​អន្តរជាតិ និង​កើនឡើង​ចលនា​តវ៉ា​ហិង្សា​ប្រឆាំងនឹង​របប​ដឹកនាំ​លោក ម៉ា​ឌុយ​រ៉ូ តុលាការ​កំពូល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែលមាន​ចៅក្រម​សិ្ន​ទ្ធ​នឹង​រដ្ឋាភិបាល​បានចេញ​សេចក្តីសម្រេច​មួយ​ហាមឃាត់​លោក ហ័ន ក្វៃ​ដូ ចាក​ចេញពី​ប្រទេស និង​បង្ក​ទ្រព្យសម្បត្តិ​របស់លោក​ផង​។​
 
​ប្រ​ធានា​តុលាការ​កំពូល​វ៉េ​ណេ​ស៊ុយ​អេ​ឡា Maikel Moreno បានបញ្ជាក់​ដូច្នេះ​៖ «​លោក ហ័ន ក្វៃ​ដូ វ័យ ៣៥​ឆ្នាំ​ជា​ប្រធាន​រដ្ឋ​ភា​ត្រូវ​ហាមឃាត់​ចាក​ចេញពី​ប្រទេស​រហូតដល់​មានការ​បញ្ចប់​ការស៊ើបអង្កេត​បឋម​ជុំវិញ​ការបង្ក​គ្រោះថ្នាក់​ដល់​សន្តិភាព​ជាតិ​»​។  
 
​គេ​ដឹង​ច្បាស់​ថា ការដាក់ចេញ​វិធានការ​ថ្មី​នេះ​បង្ហាញ​ពី​ចេតនា​របស់លោក ម៉ា​ឌុយ​រ៉ូ ក្នុងការ​បំបាត់​ឥទ្ធិពល​នឹង​គូប្រជែង​របស់ខ្លួន​លោក ហ័ន ក្វៃ​ដូ ដែល​នឹង​អាច​ជំនួស​តំណែង​លោក​ក្នុងពេល​ឆាប់ៗ​ផង​នោះ​។ 
 
​ក្រោយ​តុលាការ​ដាក់ចេញ​បម្រាម​ធ្វើដំណើរ និង​បង្កក​ទ្រព្យសម្បត្តិ​លោក ក្វៃ​ដូ បាន​សរសេរ​សា​រលើ​គណនី Twitter របស់ខ្លួន​ដោយ​ព្រមាន​តុលាការ​កំពូល​ថា របប​ដឹកនាំ​លោក ម៉ា​ឌុយ​រ៉ូ ស្ថិតក្នុង​ដំណាក់កាល​ចុងក្រោយ​ហើយ​។ លោក​បន្ថែមថា តុលាការ​នេះ​មិនគួរ​ប្រឹង​ធ្វើ​គ្រប់យ៉ាង​ដោយ​លះបង់​ខ្លួនឯង​ដើម្បី​មេដឹកនាំ​ផ្តាច់ការ និង​បក្សពួក​ឡើយ​។​
 
​ពី​វ៉ាស៊ីនតោន ទីប្រឹក្សា​សន្តិសុខ​របស់លោក ត្រាំ លោក ច​ន បុល​តុ​ន បាន​ព្រមាន​ក្រុង​កា​រ៉ា​កាស់​តាម​សារ Twitter ថា រាល់​ចំណាត់ការ​ទាំងឡាយណា​ដែល​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ឬ​ប៉ះពាល់​ដល់​លោក ក្វៃ​ដូ នឹងត្រូវ​ទទួលលទ្ធផល​ជាទី​គាប់ចិត្ត​។ 
 
«​អនុ​ញ្ញា​ឲ្យ​ខ្ញុំ​និយាយ​ម្តងទៀត​។ វា​នឹងមាន​លទ្ធផល​ធ្ងន់ធ្ងរ​ចំពោះ​រាល់​ជន​ទាំងឡាយណា​ដែល​ប៉ុនប៉ង​ធ្វើ​វិទ្ធង្សនា​ប្រឆាំង​ប្រជាធិបតេយ្យ និង​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​លោក ហ័ន ក្វៃ​ដូ​»​។ លោក បុល​តុ​ន គំរាម​បែបនេះ បន្ថែម​ពីលើ​ការ​ប្រកាសថា រាល់​វិធានការ​ទាំងអស់​រាប់ទាំង​កម្លាំងបាយ​ផង​គឺជា​ជម្រើស​របស់​អាមេរិក​៕
 

Tag:
 អាមេរិក​ឡាទីន​
  នី​កូ​ឡា​
  ម៉ា​ឌុយ​រ៉ូ​
  ហ័ន កៃ្វដូ​
  កាណាដា​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com