ជាតិ
សេដ្ឋកិច្ច
ចិនកាន់កាប់អាជីវកម្មទេសចរណ៍ជាង២៦០កន្លែង និងមានមគ្គុទេ្ទសក៍ជាង១០០០នាក់នៅខ្មែរ ពីឆ្វេងទៅស្តាំ៖ លោក ឡ ស៊ូកាង លោក ហោ ណាំហុង និងលោក ថោង ខុន នាពិធីផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នា កម្ពុជា -ចិន
× ភ្នំពេញ៖ ជនជាតិចិនបានក្លាយជាម្ចាស់ និងជាអ្នកកាប់កាន់អាជីវកម្មក្នុងវិស័យទេសចរណ៍នៅកម្ពុជាចំនួន ២៦២កន្លែង និងមានមគ្គុទ្ទេសក៍និយាយភាសាចិនជាង១០០០នាក់ នៅត្រឹមឆ្នាំ២០១៨។ នេះបើយោងតាមរបាយការណ៍ដែលផ្តល់ដោយក្រសួងទេសចរណ៍នាជំនួបរវាងលោករដ្ឋមន្ត្រី ថោង ខុន និងរដ្ឋមន្ត្រីទេសចរណ៍ និងវប្បធម៌ចិន លោក ឡ ស៊ូកាង (Luo Shugang) កាលពីរសៀលថ្ងៃទី២៩ ខែមករា នៅទីស្តីការក្រសួង។
សេវាកម្មមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាចិន មានរហូតដល់ទៅ១០៧៨នាក់ នៅឆ្នាំ២០១៨ រីឯអាជីវកម្មទេសចរណ៍ដែលមានម្ចាស់ជាជនជាតិចិន មានរហូតដល់ទៅ២៦២កន្លែង ក្នុងនោះ ភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍១០៨កន្លែង ទីភ្នាក់ងារទេសចរណ៍៦៣កន្លែង និងសេវាស្នាក់នៅ ៩១កន្លែង។
បើតាមរបាយការណ៍ដដែល ការវិនិយោគពីបរទេសក្នុងវិស័យទេសចរណ៍ ចាប់ពីឆ្នាំ១៩៩៤-២០១៨ មានចំនួន ១៩៧គម្រោង ដែលមានទុនវិនិយោគ (Fixed Asset) ១១ ,៣៤៤ លានដុល្លារ។ ក្នុងនោះ ចិនមាន ១២គម្រោង ដែលមានទុនវិនិយោគ ៩៤៥លានដុល្លារ ចាប់ពី ឆ្នាំ២០០៣-២០១៦។
សូមរម្លឹកផងដែរ ឆ្នាំ២០១៨ កម្ពុជា ទទួលបានភ្ញៀវទេសចរមានចិនប្រមាណ ១,៩ លាននាក់ ក្នុងកំណើន៧០ភាគរយ ធៀបទៅនឹងឆ្នាំ២០១៧។ ដោយឡែកឆ្នាំ២០២០ កម្ពុជាសង្ឃឹមថា នឹងទទួលទេសចរចិន ៣លាននាក់ ក្នុងចំនួនទេសចរសរុប ៧លាននាក់។ ឆ្នាំ២០២៥ ទទួលបានទេសចរចិន ៥លាននាក់ ក្នុងចំនួនទេសចរសរុប ១១លាននាក់ ៨លាននាក់ ក្នុងចំនួនទេសចរសរុប ១៥លាននាក់ ក្នុងឆ្នាំ២០៣០៕
Tag:
អាជីវកម្ម
ទេសចរណ៍
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com