កីឡាអន្តរជាតិ
អន្តរជាតិ
នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ក៏​ស្នើ​ថៃ​ឲ្យ​ដោះលែង​កីឡាក​បា​រ៉ែ​ន Hakeem al-Araibi ផងដែរ​
30, Jan 2019 , 9:19 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison បាន​អំពាវនាវ​ដល់​សម​ភាគី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា ឲ្យ​ដោះលែង​កីឡាករ​បាល់ទាត់​សញ្ជាតិ​បា​រ៉ែ​ន Hakeem al-Araibi ដែល​ត្រូវ​ឃុំខ្លួន​ក្នុងប្រទេស​នេះ​ជាង​២​ខែ​មកហើយ​។ ការស្នើ​នេះ​ធ្វើឡើង​បន្ទាប់ពី​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) បាន​ផ្ញើលិខិត​សុំ​ឲ្យ​នាយករដ្ឋមន្ត្រី​ថៃ ដោះលែង​ជនភៀសខ្លួន​រូបនេះ​ទៅកាន់​អូស្ត្រាលី​វិញ​ដែរ​។


Hakeem al-Araibi ជា​ជនភៀសខ្លួន​ពី​ប្រទេស​បា​រ៉ែ​ន រត់គេច​ទៅ​រស់នៅ​អូស្ត្រាលី​ដោយ​ទទួលបាន​សិទ្ធិ​ជ្រកកោន​នៅ​ទីនោះ ដ្បិត​មានការ​ភ័យខ្លាច​បន្ទាប់​ពី​មាន​ការធ្វើ​ទារុណកម្ម​មកលើ​ខ្លួន​ជុំវិញ​បញ្ហានយោបាយ​។ អ​តី​សមាជិក​ជម្រើសជាតិ​បា​រ៉ែ​ន​វ័យ​២៥​ឆ្នាំ​រូបនេះ ធ្លាប់បាន​រិះគន់​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) លោក Sheikh Salman Bin Ibrahim Al-Khalifa ដែលជា​សមាជិកគ្រួសារ​រាជវង្ស​បា​រ៉ែ​ន​ផង​។​


 
​ខាង​ភាគី​បា​រ៉ែ​ន​ចង់​ឲ្យ al-Araibi វិល​ត្រលប់​ទៅ​ទទួលទោស​ជាប់ពន្ធនាគារ​រយៈពេល ១០ ឆ្នាំ​វិញ​ក្រោយ​ការកាត់ទោស​កំបាំងមុខ ដោយ​ចោទប្រកាន់​រូបគេ​ពីបទ​បំផ្លាញ​សម្បត្តិ​រដ្ឋ (​បំផ្លាញ​ស្ថានីយ៍​ប៉ូលីស​)​។​
 
​ស្របពេល​រូបគេ​ចាក​ចេញពី​អូស្ត្រាលី ដើម្បី​ដើរ​កម្សាន្ត​វិស្សមកាល​ជាមួយ​ប្រពន្ធ ទៅកាន់​ប្រទេស​ថៃ​កាលពី​ខែវិច្ឆិកា​កន្លងទៅ Al-Khalifa ក៏ត្រូវ​បាន​ប៉ូលិស​អន្តរជាតិ​ក្រុង​បាងកក​ចាប់ខ្លួន​តែម្តង​។ ប្រសិនបើ​ត្រូវ​បញ្ជូនទៅ​ប្រទេស​កំណើត​វិញ​មែន​នោះ រូបគេ​អាច​នឹងត្រូវ​ស្លាប់​ទៀតផង​។ នេះ​បើតាម​ការផ្សាយ​ពី​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​ជុំវិញ​បញ្ហា​នេះ លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​បានចេញ​មុខ​ផ្ទាល់​តែម្តង​ដោយបាន​ផ្ញើលិខិត​ទៅកាន់​នាយករដ្ឋមន្ត្រី​ថៃ ស្រប​ពេលដែល​ក្រុង​កង់​បេ​រ៉ា​ព្យាយាម​ធ្វើយ៉ាងណា​ដើម្បី​ជួយ Araibi ត្រលប់​ទៅ​អូស្ត្រាលី​វិញ​ដោយ​សុវត្ថិភាព​។​
 
​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​លោកស្រី Marise Payne បាន​ប្រាប់ AFP នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៩​នេះ ថា​រដ្ឋាភិបាល​លោកស្រី​កំពុង​ប្រឹងប្រែង​ដោយ​បើកចំហ ក្នុងនាម​ជា​តំណាង​របស់ Al-Araibi ។ លោកស្រី​បន្ថែមទៀតថា​៖«​រដ្ឋាភិបាល​ថៃ និង​បា​រ៉ែ​ន​ពិតជា​បានដឹង​យ៉ាងច្បាស់​អំពី​សារសំខាន់​នៃ​បញ្ហា​នេះ និង​អ្វីដែល​អូស្ត្រាលី​ចង់បាន​»​។​
 
Al-Araibi ធ្លាប់​លេង​ឲ្យ​ក្រុម​ជម្រើស​យុវជន​បា​រ៉ែ​ន មុនពេល​រត់ចេញ​ពី​មាតុភូមិ​កំណើត​ទៅសុំ​សិទ្ធិ​ជ្រកកោន​នៅ​អូស្ត្រាលី ជាទី​ដែល​រូបគេ​ប្រកប​អាជីព​បាល់ទាត់​ឲ្យ​ក្លិប Pascoe Vale នៃ​លី​គ​ពាក់កណ្តាល​អាជីព ក្នុង​ក្រុង Melbourne៕
 
 

Tag:
 ​បាល់ទាត់​
  FIFA
  Hakeem al-Araibi
  Scott Morrison
© រក្សាសិទ្ធិដោយ thmeythmey.com