ជាតិ
សង្គមជាតិ
មន្ត្រី​ឧ​ទ្យា​នុ​រក្ស​៦​នាក់​នៅ​មណ្ឌលគិរី រង​ការបាញ់ប្រហារ ពេល​ដើរល្បាត​ព្រៃ
30, Jan 2019 , 3:15 pm        
រូបភាព
មន្រ្តីឧទ្យានុរក្ស ត្រូវរបួសត្រង់ភ្លៅ ដោយសារការបាញ់ប្រហារពីពួកអ្នកប្រមាញ់សត្វព្រៃ។ រូបពីមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្រ្តីឧទ្យានុរក្ស ត្រូវរបួសត្រង់ភ្លៅ ដោយសារការបាញ់ប្រហារពីពួកអ្នកប្រមាញ់សត្វព្រៃ។ រូបពីមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
ដោយ: ថ្មីៗ
​ខណៈ​កំពុង​ដើរល្បាត​ព្រៃ ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​៦​នាក់ ត្រូវបាន​ខ្មាន់កាំភ្លើង បាញ់ប្រហារ នៅ​តំបន់​ការពារ​សត្វព្រៃ ក្នុងស្រុក​កោះ​ញែក ខេត្ត​ម​ណ្ឌ​គិរី កាលពី​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ នា​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩​។


 
​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​មន្ទីរ​ព័ត៌មាន បានសរសេរថា ក្នុងការ​បាញ់ប្រហារ​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ម្នាក់ បាន​រងរបួស​ធ្ងន់ ដោយ​គ្រាប់កាំភ្លើង​ត្រូវចំ​ភ្លៅ​។ មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដឹងថា អ្នក​ដែល​បាញ់ប្រហារ​នោះ គឺជា​ក្រុម​ប្រមាញ់​សត្វព្រៃ​។ ខាង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ក៏បាន​បាញ់​តប​វិញ​ដែរ​។​
 
​បើតាម​ប្រភព​ដដែល លោក កែវ សុភ​ក៌ ប្រធាន​មន្ទីរ​បរិស្ថាន​ប្រចាំខេត្ត​ម​ណ្ឌ​គិរី បាន​រៀបរាប់ថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំង​៦​នាក់ ដោយមាន​កាំភ្លើង​២​ដើម បាន​ដើរល្បាត ដើម្បី​ស្វែងរក​បទល្មើស​នានា ហើយក៏​ឃាត់​សួរ​ក្រុម​អ្នកប្រមាញ់​សត្វព្រៃ​៥-៦​នាក់ ដែល​ធ្វើ​សកម្មភាព​បរបាញ់​សត្វព្រៃ​។ ប៉ុន្តែ ដោយសារ​អាង​មាន​គ្នា និង​មាន​អាវុធ​ទៀត​នោះ  ជនល្មើស ក៏បាន​ផ្ទុះអាវុធ​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​តែម្តង​។ 
 
​លោក កែវ សុភ​ក៌ លើ​ល​ឡើង​ថា បន្ទាប់មក មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​ដកថយ​ទៅ​ជំរំ​វិញ​។ លោក បន្តថា លុះដល់​ម៉ោង​៥​ព្រលឹម ស្រាប់តែ​ជនល្មើស​ទាំងនោះ បាន​ឆ្លៀត​ទៅ​ជំរំ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​បាន​បាញ់រះ​ចំ​ម៉ូតូ​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ហើយក៏​រត់​គេចខ្លួនបាត់​។ 
 
​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​មន្ទីរ​ព័ត៌មាន បាន​សរសេរ​ពីស​ម្តី​របស់លោក សូ សុវណ្ណ ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី ថា លោក បានដាក់​កម្លាំង ឲ្យ​ចុះទៅ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​នៅ​កន្លែងកើតហេតុ ដើម្បី​ប្រមូល​វត្ថុតាង​។ ប៉ុន្តែ រហូតមកដល់​ពេលនេះ កម្លាំង​របស់លោក មិនទាន់​ត្រឡប់មកវិញ​ទេ ដូច្នេះ លោក មិនទាន់​អាចសន្និដ្ឋាន​បានឡើយ​៕ 
 

Tag:
 ​ឧ​ទ្យា​នុ​រក្ស​
  សត្វព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com