កីឡាអន្តរជាតិ
អន្តរជាតិ
Fellaini អាច​ទៅលេង​ឲ្យ​ក្លិប​ចិន ក្រោយ​ត្រូវ​រូ​វ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​
30, Jan 2019 , 5:31 pm        
រូបភាព
​ខ្សែបម្រើ Marouane Fellaini របស់​ក្រុម Manchester United បាន​យល់ព្រម​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយ​ក្លិប Shandong Luneng ដើម្បី​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្រុម​នៃ​លី​គ​កំពូល​ចិន Chinese Super League មួយ​នេះ​។


 
​បើ​ទោះ​សាមីខ្លួន​បាន​យល់ព្រម​ហើយ​ក្តី ប៉ុន្តែ​ក្លិប​រហស្សនាម​បិសាច​ក្រហម​នៅ​មិនទាន់​ត្រូវ​រូ​វ​គ្នា​ពី​តម្លៃ​ផ្ទេរ​សម្រាប់​កីឡាករ​សញ្ជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​រូបនេះ​នៅឡើយ​ទេ ខណៈដែល​រូបគេ​បាន​យល់ព្រម​បន្ត​កិច្ចសន្យា​ថ្មី​កាលពី​ឆ្នាំ​២០១៨​។​
 
Fellaini គឺជា​កីឡាករ​ដំបូង​គេ​បង្អស់​ដែល​ផ្លាស់​មកកាន់​ទឹកដី Old Trafford ពី Everton បន្ទាប់ពី​ការចាកចេញ​របស់លោក Sir Alex Ferguson ក្នុង​ឆ្នាំ​២០១៣ ដែលមាន​តម្លៃ​ផ្ទេរ ២៧,៥​លាន​ផោន (៣៦​លាន​ដុល្លារ​អាមេរិក​)​។ 
 
​ខ្សែបម្រើ​វ័យ​៣១​ឆ្នាំ​រូបនេះ បាន​បន្ត​កិច្ចសន្យា​រយៈពេល ២​ឆ្នាំ​ជាមួយ Man Utd កាលពី​ខែមិថុនា ឆ្នាំមុន​។ អ្នកគាំទ្រ​របស់​ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​២០​សម័យ មិនសូវ​ពេញចិត្ត​ទម្រង់​លេង​របស់គេ​ឡើយ បើ​ទោះ​ស្ថិតក្នុង​ជម្រើស​របស់លោក David Moyes, Louis van Gaal និង Jose Mourinho ក៏ដោយ​។​
 
​ខណៈ​ទីផ្សារ​ទិញដូរ​កីឡាករ​នៃ​លី​គ​កំពូល​ចិន​បិទទ្វារ​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ​នោះ ក្លិប Shandong Luneng ក៏​កំពុង​បន្ត​ការចរចា​បន្ថែមទៀត​ដើម្បី​នាំយក Fellaini ទៅ​រួម​ក្រុម ស្របពេល​រូបគេ​មិន​ជាប់​ជម្រើស​របស់​អ្នកចាត់ការ​ទូទៅ​បណ្តោះអាសន្ន​លោក Ole Gunnar Solskjaer នា​រយៈពេល​ចុងក្រោយ​នេះ​៕

Tag:
 ​បាល់ទាត់​
  Marouane Fellaini
  Shandong Luneng
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com