ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក សយ សុភាព​៖ សមាគម​អ្នកសារព័ត៌មាន​កម្ពុជា​-​ចិន បង្កើតឡើង​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រទេស​ទាំង​ពីរ​
31, Jan 2019 , 9:41 am        
រូបភាព
រូបពីហ្វេសប៊ុកលោក សយ សុភាព
រូបពីហ្វេសប៊ុកលោក សយ សុភាព
​ភ្នំពេញ​៖ សមាគម​អ្នកសារព័ត៌មាន​កម្ពុជា​-​ចិន បង្កើតឡើង​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រទេស​ទាំង​ពីរ​។ នេះ​ជាការ​លើកឡើង​របស់លោក សយ សុភាព អគ្គនាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល ដែល​ទើបតែ​ទទួលបាន​សិទ្ធិ​បង្កើត​សមាគម​នេះ ពី​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅ​ថ្ងៃទី​៣០ មករា ឆ្នាំ​២០១៩​។​


 
​លោក សយ សុភាព ដែលជា​ស្ថាបនិក​ផ្តួចផ្ដើម​សមាគម​នេះ​ឡើង បាន​និយាយថា គោលបំណង​នៃ​ការបង្កើត​សមាគម​អ្នកសារព័ត៌មាន​កម្ពុជា​-​ចិន គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​ភាព​វិជ្ជមាន​នៃ​ដំណើរការ​ទំនាក់ទំនង​ពាណិជ្ជកម្ម វិនិយោគ​រវាង​ភាគី​ទាំងពីរ​ទៅវិញទៅមក​។ ប៉ុន្តែ​មិនមែន​និយាយ​តែ​ភាព​វិជ្ជមាន​នោះទេ ពោលគឺ​សមាគម​ក៏​នឹង​ផ្សព្វផ្សាយ​ពី​ចំណុច​អវិជ្ជមាន នៃ​ភាពអនាធិបតេយ្យ អសន្តិសុខ ដែល​បង្កឡើង​ដោយ​ជនជាតិ​ចិន​ផងដែរ​។​
 
​សូម​លោក​-​អ្នកនាង​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក សយ សុភាព អគ្គនាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល ដូចតទៅ​៖



 
«​ក្នុង​ក្តី​បំណង​របស់​យើង​ជា​អ្នកសារព័ត៌មាន​ហើយ យើង​ត្រូវតែ​រួម​សាមគ្គី​គ្នា​។ ហើយ​វា​មិន​ត្រឹមតែ​ផ្ដោតទៅលើ​ការបណ្ដុះបណ្ដាល​អ្នកសារព័ត៌មាន​វិជ្ជាជីវៈ​ប្រទេស​ទាំងពីរ​ទេ ក៏ប៉ុន្តែ​យើង​នឹង​ខិតខំ​សរសេរ​ព័ត៌មាន​នូវ​អ្វីដែល​វា​បម្រើ​ផលប្រយោជន៍​រវាង​ប្រជាជន​ប្រទេស​ទាំងពីរ ឲ្យ​បាន​យល់​គ្នា​កាន់តែច្រើន ក៏ដូចជា​ឆ្លុះ​បង្ហាញ​ឲ្យ​សហគម​ខាងក្រៅ​មើលឃើញ​អំពី​ចំណុច​ដែលថា វិជ្ជមាន​ល្អ​ច្រើន​ចំពោះ​ប្រទេស​ទាំងពីរ ។ ជាពិសេស​ប្រទេស​កម្ពុជា​ដែល​នៅពេលនេះ ទទួលបាន​ការវិនិយោគ​ច្រើន​ពី​ប្រទេស​ចិន​ជា​មិត្ត​។ ជារួម​បម្រើ​ផលប្រយោជន៍​ដល់​ប្រទេស​ទាំងពីរ​»​។ នេះ​ជាការ​អះអាង​របស់លោក សយ សុភាព​។​
 
​ក្រៅពី​មានបំណង​ជួយ​ជំរុញ​ការផ្សព្វផ្សាយ​ព័ត៌មាន​ពី​ទំនាក់ទំនង​កម្ពុជា​-​ចិន ឲ្យ​បាន​ទូលំទូលាយ​ហើយ លោក សយ សុភាព ក៏​ចង់​បង្កើត​សមាគម​សម្រាប់​ទុក​ឲ្យ​យុវជន​ជំនាន់​ក្រោយ ចូលរួម​បំពេញការងារ​ក្នុង​វិស័យ​សារព័ត៌មាន​ឲ្យ​បានល្អ​ត្រឹមត្រូវ ប្រកបដោយ​វិជ្ជាជីវៈ តាមរយៈ​ការផ្សព្វផ្សាយ​បម្រើ​ផលប្រយោជន៍​ជាតិ​ផងដែរ​។​
 
​បើតាម​អគ្គនាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល​រូបនេះ សមាគម​អ្នកសារព័ត៌មាន​កម្ពុជា​-​ចិន ដែល​បង្កើតឡើង​នេះ គឺ​គ្មាន​មូលនិធិ ឬ​ជំនួយ​ឧបត្ថម្ភ​ពី​ភាគី​ខាង​ណា​ទេ ពោលគឺ​បង្កើតឡើង​ដោយ​អ្នកសារព័ត៌មាន​ជើងចាស់​នៅ​កម្ពុជា ប្រមាណ​ជា​៦​នាក់ និង​ការ​សហប្រតិបត្តិការ​ជាមួយ​ភាគី​ចិន​ប៉ុណ្ណោះ​៕
 

Tag:
 សយ សុភាព​
  សារព័ត៌មាន​
  កម្ពុជា​
 ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com