ជាតិ
សង្គមជាតិ
UPR៖ កម្ពុជាអះអាងពីជំហរខ្លួនលើការគោរពសិទ្ធិ LGBT ទោះច្បាប់មិនទាន់ទទួលស្គាល់ លោក កែវ រ៉េមី ប្រធានប្រតិភូកម្ពុជា
× យ៉ាងហោចណាស់តំណាងប្រទេសចំនួន៥ក្នុងចំណោម៧៣ប្រទេស បានផ្តល់យោបល់ដល់កម្ពុជាក្នុងការពង្រឹងការគោរពសិទ្ធិអ្នកស្រឡាញ់់ភេទដូចគ្នា (LGBT) ជាពិសេសការបង្កើតច្បាប់សំដៅដល់ការលើកកម្ពស់និន្នាការភេទ និងអត្តញ្ញាណយេនឌ័រ។ អនុសាសន៍ទាំងនេះ ត្រូវបានលើកឡើង ខណៈដែលកម្ពុជាបង្ហាញរបាយការណ៍ជាតិស្តីពីយន្តការពិនិត្យជាសកលតាមកាលកំណត់ (URP) ជុំទីបីសម្រាប់កម្ពុជា នៅក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ។
លោកស្រី Sandra Maertha Elfride Lyngdorf តំណាងប្រទេសអ៊ីស្លង់ ស្នើឲ្យកម្ពុជាលុបបំបាត់ឲ្យនូវរាល់ទម្រង់នៃការរើសអើងទៅលើអ្នកដែលមាននិន្នាការភេទ និងផ្តល់សិទ្ធិស្របច្បាប់សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា។
លោក Jasper van Mastright តំណាងប្រទេសហូឡង់ ជុំរុញឲ្យកម្ពុជាពង្រឹងកម្មវិធីអប់រំ និងពិចារណាធ្វើវិសោធនកម្មមាត្រា៤៥នៃរដ្ឋធម្មនុញ្ញ ដើម្បីបើកច្រកទទួលស្គាល់តាមផ្លូវច្បាប់លើអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា។
លោកស្រី Veronkia Bard តំណាងប្រទេសស៊ុយអែត លោកស្រី Carla Giovanoni Perez នៃប្រទេសអ៊ុយរូហ្គាយ និងលោក Diego Ruiz Gayol នៃប្រទេសម៉ិកស៊ិក ក៏បានស្នើឲ្យកម្ពុជាផ្តោតយកចិត្តទុកដាក់ការទទួលស្គាល់ផ្លូវច្បាប់ និងការអប់រំនានាផងដែរ ដើម្បីឲ្យសហគមន៍ LGBT គេចផុតពីការរើសអើងក្នុងសង្គមកម្ពុជា។
ឆ្លើយតបនឹងការផ្តល់អនុសាសន៍នានា លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានប្រតិភូកម្ពុជា បានអះអាងពីកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ និងផ្តល់តម្លៃដល់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាទាំងការអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។
លោក កែវ រ៉េមី អះអាងថា ក្រុម LGBT នៅកម្ពុជា អនុវត្តសកម្មភាពរបស់ខ្លួនដោយសេរី និងគ្មានការរឹតត្បិតពីរដ្ឋាភិបាលនោះឡើយ បើទោះបីជាច្បាប់មិនទទួលស្គាល់ចំណងអាពាហ៍ពិពាហ៍របស់ពួកគេក៏ដោយ។
ជាមួយគ្នានេះប្រធានប្រតិភូកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលបន្តលើកកម្ពុជាការចូលរួម និងសកម្មភាពគាំទ្របន្ថែមទៀត ដើម្បីឲ្យសហគមន៍ LGBT កាន់តែមានការទទួលស្គាល់ក្នុងសង្គម។ លោកគូសបញ្ជាក់ផងដែរថា អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ដូចគ្នាប្រមាណ១០០០គូហើយ ដែលត្រូវបានរៀបចំឡើងតាមក្បួន និងពិធីប្រពៃណីរបស់ខ្មែរ៕
Tag:
LGBT
UPR
កែវ រ៉េមី
សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com