កីឡាអន្តរជាតិ
អន្តរជាតិ
ករណី​បាត់​ខ្លួន Sala៖ ប្រតិបត្តិ​ការចុះទៅ​បាតសមុទ្រ ក្រោយ​រកឃើញ​កៅអី និង​ពូក​យន្តហោះ​
31, Jan 2019 , 11:43 am        
រូបភាព
​ក្រុម​អ្នកស្វែងរក​យន្តហោះ​ដែល​ដឹក​កីឡាករ Emiliano Sala ហើយ​បាត់​ការទាក់ទង​នោះ បាន​និយាយ​នៅ​ថ្ងៃទី​៣០ ខែមករា​នេះ​ថា ការរុករក​ក្រោម​ទឹកនឹង​ចាប់ផ្តើម​ចុង​សប្តាហ៍​នេះ បន្ទាប់ពី​ពួកគេ​បាន​រកឃើញ​កៅអី និង​ពូក​នៅលើ​ឆ្នេរសមុទ្រ​បារាំង​ដែល​ទំនងជា​របស់​យន្តហោះ​នោះ​។​

 
Sala ដែល Cardiff City ទិញ​ពី​ក្រុម Nantes ក្នុងតម្លៃ​ឯតទគ្គ​កម្ម​ក្លិប ១៥​លាន​ផោន (១៩​លាន​ដុល្លារ​អាមេរិក​) បានធ្វើ​ដំណើរ​ជាមួយ​អ្នកបើក​យន្តហោះ​លោក David Ibbotson ពី​ប្រទេស​បារាំង​ទៅ​ក្រុង Cardiff ប្រទេស​វែ​លិ៍ ដើម្បី​ចូលរួម​ជាមួយ​ក្លិប​ថ្មី​ប៉ុន្តែ​ជា​អកុសល យន្តហោះ​ដែល​រូបគេ​ជិះ​បាន​បាត់​ការទាក់ទង​កាលពី​ថ្ងៃទី​២២ ខែមករា រហូតមកទល់​ពេលនេះ​។​
 
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្រុម​អ្នកស៊ើប​អង្កេត​ជើង​អាកាស​ចក្រភព​អង់គ្លេស (AAIB) និយាយថា​ពួកគេ​បាន​រកឃើញ​បំណែក​កៅអី​ពូក​យន្តហោះ​នៅលើ​ឆ្នេរ​ក្បែរ​តំបន់ Surtainville ក្នុង​ឧបទ្វីប Cotentin ភាគ​ខាងជើង​ប្រទេស​បារាំង​។ ហើយ​ពូក​ទ្រនាប់​កៅអី​មួយទៀត​ក៏​រកឃើញ​នៅក្នុង​តំបន់​នោះដែរ​។​


 
AAIB សន្និដ្ឋានថា ពូក​និង​កៅអី​នោះ​ទំនងជា​របស់​យន្តហោះ​ដែល​បាន​បាត់​ជាមួយនឹង​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន វ័យ​២៨​ឆ្នាំ រួមទាំង​ពី​ឡុ​ត​សញ្ចា​តិ​អង់គ្លេស​វ័យ​៥៩​ឆ្នាំ នោះ​ហើយ​។​
 
​ក្រោយ​រកឃើញ​របស់រ​បរ​ទាំងនេះ ក្រុម​អ្នករុករក​គ្រោង​នឹង​ចាប់ផ្តើម​ចុះទៅ​ក្រោម​បាតសមុទ្រ​ដើម្បី​ស្វែងរក​បំណែក​យន្តហោះ​នោះ​។ ប៉ុន្តែ​យ៉ាងណា​ដោយសារ​លក្ខខណ្ឌ​អាកាសធាតុ ការស្វែងរក​នឹងត្រូវ​ចាប់ផ្តើម​នៅ​ចុង​សប្តាហ៍​នេះ និង​ចំណាយពេល​៣​ថ្ងៃ​។​
 
​បើ​ផ្អែកលើ​ការវាយតម្លៃ​លម្អិត​នៃ​ផ្លូវ​ហោះហើរ និង​ទីតាំង​រ៉ា​ដា​ដែល​បានកំណត់​ចុងក្រោយ​បន្ទាប់ពី​បាត់​ការទាក់ទង​ជាមួយ​យន្តហោះ​ធុន​តូច​ម៉ាក Piper Malibu នោះ ភាគី​ខាង AAIB អាច​កំណត់​តំបន់​ត្រូវ​រុករក​ដែលមាន​អាទិភាព​ជាងគេ​ក្នុង​រង្វង់​ប្រមាណ​ជាង​៦​គីឡូម៉ែត្រ​បួន​ជ្រុង​៕
 

Tag:
 បាល់ទាត់​
  Emiliano Sala
  Cardiff City
© រក្សាសិទ្ធិដោយ thmeythmey.com