អន្តរជាតិ
ស្ថានភាព​ខ្យល់​កខ្វក់​មិន​ធូរស្បើយ លោក ប្រា​យុទ្ធ ព្រមាន​ចាត់វិធានការ​ក្តៅ​
31, Jan 2019 , 11:58 am        
រូបភាព
ដោយ:
​ខ្យល់​កខ្វក់​នៅតែ​ជា​បញ្ហា​សម្រាប់​ប្រជាជន​ដែល​កំពុង​រស់នៅ​រាជធានី​បាងកក និង​ខេត្ត​ក្បែរៗ​ខាង បើទោះបីជា​អាជ្ញាធរ​ថៃ​បាន​ប្រឹងប្រែង​យ៉ាងសកម្ម ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ ទាក់ទិន​នឹង​រឿងនេះ នាយករដ្ឋមន្ត្រី​ថៃ បានស្នើ​ឲ្យ​មានការ​ចូលរួមចំណែក​ពី​ប្រជាជន​គ្រប់គ្នា និង​ព្រមាន​អនុវត្ត​វិធានការ​ក្តៅ ប្រសិនបើ​បញ្ហា​ខ្យល់​កខ្វក់​នៅ​ក្រុង​បាងកក ពុំ​ត្រូវបាន​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព​ទេនោះ​។​

 
​ថ្លែង​នៅក្នុង​សុន្ទរកថា​បើក​កម្មវិធី​តាំង​ពិ​ព៌​ណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ទី ៣០ ខែមករា លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ព្រមាន​ថា ប្រសិនបើ​បញ្ហា​ខ្យល់​បំពុល​នៅ​ក្រុង​បាងកក​មិនមាន​ភាព​ធូរស្បើយ ទេនោះ រដ្ឋាភិបាល​នឹងដាក់​ចេញ​វិធានការ​ក្តៅ​មួយចំនួន ដូចជា ដាក់​បម្រាម​មិន​ឲ្យ​ប្រជាជន​បើកបរ​យានជំនិះ​តែ​ឯកឯង​, កំណត់​ចំនួន​ប្រើប្រាស់​យានយន្ត និង​ហាម​មិន​ឲ្យ​ប្រើប្រាស់​រថយន្ត​ដែល​ចាក់​ប្រេងម៉ាស៊ូត​ជាដើម​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​កាសែត The Nation លោក ប្រា​យុទ្ធ បានលើកឡើង​ទៀតថា​៖«​ប្រជាជន​មួយចំនួន​បាន​លើកយក​បញ្ហា​ខ្យល់​បំពុល​នេះ​មក​រិះគន់​រដ្ឋាភិបាល ប៉ុន្តែ​រដ្ឋាភិបាល​បាន​អះអាងថា យើង​បាន​អនុវត្ត​វិធានការ​ចាំបាច់​ជាច្រើន ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ រួមមាន ការបាញ់ទឹក​ដើម្បី​បន្ធូរបន្ថយ​កម្រិត​ខ្យល់​កខ្វក់ និង​ការចែក​ម៉ាស់​ការពារ​ជាដើម​។ យ៉ាងណាមិញ ប្រជាជន​ក៏មាន​កាតព្វកិច្ច​របស់​ពួកគេ​ផងដែរ ដើម្បី​រួមចំណែក​ដោះស្រាយ​ជាមួយ​រដ្ឋាភិបាល​»​។​


សិស្សានុសិស្សនៃសាលារៀនមួយក្នុងទីក្រុង បាងកក កំពុងរង់ចាំឪពុកម្តាយរបស់​ពួកគេមកទទួលយកទៅផ្ទះវិញ កាលពីរសៀលថ្ងៃទី ៣០ ខែមករា បន្ទាប់ពី​អាជ្ញាធរក្រុង បញ្ជាឲ្យបិទសាលាជាបណ្តោះអាសន្ន (The Nation)
 
​ទន្ទឹមនឹង​គ្នា​នេះដែរ លោក ប្រា​យុទ្ធ បាន​ព្រមាន​ខ្លាំងៗ​ចំពោះ​មន្ត្រី​ថា អាជ្ញាធរ​ថ្នាក់​តំបន់ និង​ភ្នាក់ងារ​ពាក់ព័ន្ធ​អាច​ប្រឈមមុខ​នឹង​ការដាក់ពិន័យ ប្រសិនបើ​ពួកគេ​បរាជ័យ​ក្នុងការ​គ្រប់គ្រង​បញ្ហា​ខ្យល់​បំពុល និង​ធ្វើ​ឲ្យ​ស្ថានការណ៍​មាន​ភាព​ធូរស្រាល​បានទេ​នោះ​។ 
 
​ក្រៅពី​ព្រមាន​លេង​ធម៌​ក្តៅ​ចំពោះ​មន្ត្រី​ទាក់ទិន​នឹង​អសមត្ថភាព​ដោះស្រាយ​បញ្ហា​ខ្យល់​កខ្វក់ មេដឹកនាំ​រូបនេះ ក៏បាន​ស្នើ​ឲ្យ​ម្ចាស់​រោងចក្រ និង​សហគ្រាស​នានា កាត់បន្ថយ​ប្រតិបត្តិការ​របស់​ពួកគេ អំឡុង​ពេលនេះ និង​ចង់​ឲ្យ​ពួកគេ​ពិនិត្យ​ឲ្យ​ច្បាស់​ថា រោងចក្រ​ទាំងនោះ​ត្រូវ​នឹង​ស្តង់ដារ​ការពារ​បរិស្ថាន​របស់​រដ្ឋាភិបាល​។ ត្រង់ចំណុច​នេះ លោក​ថែមទាំង​បានដាក់​បញ្ជា​ឲ្យ​មានការ​បញ្ជូន​កង​យោធា ទៅ​ត្រួតពិនិត្យ​ដល់ទី​តាំង​រោងចក្រ​ទាំងនោះ​ដោយផ្ទាល់​តែម្តង​។​
 
​គួរបញ្ជាក់​ផងដែរ​ថា ដោយសារតែ​គុណភាព​ខ្យល់​ក្នុង​ទីក្រុង​បាងកក និង​ខេត្ត​នៅក្បែរ​ខាង​នោះ​នៅតែ​បន្ត​ធ្លាក់ចុះ​ជា​លំដាប់ គិត​ត្រឹម​ថ្ងៃ​ពុធ​សប្តាហ៍​នេះ អាជ្ញាធរ​ថៃ​បានចាប់ផ្តើម​ដាក់ចេញ​វិធានការ​យ៉ាង​តឹងរ៉ឹង​ជា​បណ្តើរៗ​។  តួយ៉ាង អាជ្ញាធរ​ថៃ​បានប្រកាស​រាជធានី​បាងកក​ទៅជា «​តំបន់​គ្រប់គ្រង​ការបំពុល​» និង​បាន​ស្នើសុំ​ឲ្យ​សាលា និង​សកល​វិទ្យាល័យ​នៅក្នុង​ទីក្រុង​បាងកក បិទទ្វារ​ជា​បណ្តោះអាសន្ន​ត្រឹម​រយៈពេល​ពីរ​ថ្ងៃ​សិន​៕
 

Tag:
 ថៃ​
  ប្រា​យុទ្ធ​ចាន់​អូ​ចា​
  ខ្យល់​កខ្វក់
© រក្សាសិទ្ធិដោយ thmeythmey.com