ជាតិ
នាយ ក្ដិ​ប ត្រូវ​វះកាត់​ជំងឺ​២​មុខ​ទៀត ដោយ​ត្រូវ​ការចំណាយ​ប្រាក់ ១៦,០០០​ដុល្លារ​
31, Jan 2019 , 2:50 pm        
រូបភាព
រូបពី​ហ្វេសប៊ុក Chanlakhena Chorn
រូបពី​ហ្វេសប៊ុក Chanlakhena Chorn
​ភ្នំពេញ​៖ ជំងឺ​កៀប​ស​រសៃ​ឈាម​បេះដូង និង​កកស​រសៃ​ឈាម​ខួរក្បាល ជា​ជំងឺ​ដែល​លោក ឃុន ក្ដិ​ប ចាំបាច់​ត្រូវ​វះកាត់ ដោយ​ចំណាយ​ប្រាក់​ប្រមាណ ១៦,០០០​ដុល្លារ​អាមេរិក​។ នេះ​បើ​យោងតាម​វីដេអូ ដែល​បង្ហោះ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកនាង ច​ន ច័ន្ទលក្ខិណា ប្រធាន​សមាគម​សិល្បករខ្មែរ​។​


 
​ដោយសារតែ​មិនមាន​ប្រាក់​ព្យាបា​ន​ជំងឺ កៀប​សរ​សៃ​ឈាម​បេះដូង និង​កកស​រសៃ​ឈាម​ខួរក្បាល លោក ឃុន ក្ដិ​ប បាន​អំពាវនាវ​តាមរយៈ​វីដេអូ​ខ្លី​មួយ ដល់​សប្បុរសជន មេត្តាជួយ​ជា​ថវិកា​ដើម្បី​លោក​បាន​ព្យាបាល​បន្ត​។ តារា​កំប្លែង​រូបនេះ បាន​លើកដៃ​សំពះ ក្នុង​សភាព​រាងកាយ​ស្គមស្គាំង ទាំង​សំឡេង​ខ្សោយ​មិនសូវ​ច្បាស់​ថា ប្រាក់ ១៦,០០០ ដុល្លារ​អាមេរិក លោក​មិនមាន​លទ្ធភាព​ឡើយ​។ 
 
​តារា​កំប្លែង​នាយ ក្ដិ​ប អំពាវនាវ​ទាំង​ទឹកមុខ​ស្រងូត ៖« អំពាវនាវ​ដល់​សប្បុរ​សជន​ជួយ​ខ្ញុំ​ផង ព្រោះ​ពេទ្យ​ប្រាប់ថា ខ្ញុំ​ត្រូវ​ត្រៀម​ប្រាក់ ១៦,០០០​ដុល្លារ ដើម្បី​វះ​បេះដូង ហើយនឹង​ឈាមកក​ក្នុង​ខួរក្បាល​។ ខ្ញុំ​មានលទ្ធភាព​ឯណា​លោក​អើយ​? លក់​ផ្ទះ​មើលខ្លួន ខ្លួន​ជា​បាន​អ្វី​រស់នៅ​? អំពាវនាវ​ដល់​អ្នកមាន​គុណ សូមជួយ​ខ្ញុំ​ម្ដង​ទៀតផង​»​។  
 
​កន្លងមក លោក ឃុន ក្ដិ​ប ហៅ​នាយ​ក្ដិ​ប បាន​ទៅ​ព្យាបាល​ជំងឺ​ទឹក​ដក់​ក្នុង​សួត នៅ​ខេត្ត​ឧ​ប៊ុន ប្រទេស​ថៃ ចំណាយ​ប្រាក់​អស់​ប្រមាណ ៦,០០០​ដុល្លារ​អាមេរិក​ផងដែរ​។ 
 
​សូមបញ្ជាក់ថា លោក ឃុន ក្តិ​ប ហៅ​នាយ ក្ដិ​ប វ័យ​៥៨​ឆ្នាំ បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​នៅ​ដើមឆ្នាំ​២០១៩​។ បច្ចុប្បន្ន​នាយ ក្ដិ​ប មាន​ជំងឺ​កៀប​ស​រសៃ​ឈាម​បេះដូង កកស​រសៃ​ឈាម​ខួរក្បាល​ធ្ងន់ធ្ងរ និង​ស្លាប់​មួយ​ចំហៀង​ខ្លួន​៕

Tag:
 នាយ ក្ដិ​ប
  តារា​កំប្លែង​
  សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com