អន្តរជាតិ
ក្រុម​តា​លី​បាន​ថា អាមេរិក​នឹង​ជួយ​សា្ត​រអា​ហ្វ​ហ្គា​នី​ស្ថាន​ឡើងវិញ​បន្ទាប់ពី​ការចាកចេញ​របស់​កង​ទ័ព​
31, Jan 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​សហរដ្ឋអាមេរិក និង​ក្រុម​តា​លី​បាន​ព្រមព្រៀងគ្នា​បង្កើត​ក្រុមការងារ​បច្ចេកទេស​ពីរ​ក្រុម ដើម្បី​កំណត់​អំពី​សេចក្តីលម្អិត​នៃ​ការដក​កងទ័ព​អាមេរិក និង​កងទ័ព​របស់​អង្គការ​អូតង់​ពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ទប់ស្កាត់​មិន​ឲ្យ​ក្រុម​ភេរវកម្ម​ប្រើប្រាស់​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រឆាំងនឹង​អាមេរិក និង​ពួក​សម្ព័ន្ធមិត្ត​របស់ខ្លួន​។ នេះ​បើ​យោងតាម​ក្រុម​បះបោរ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​។​

 
​មេដឹកនាំ​ក្រុម​ចរចា​ខាង​ក្រុម​តា​លី​បាន​លោក Mullah Sher Mohammad Abbas Stanikzai បានបង្ហាញ​ព័ត៌មាន​លម្អិត​បន្ទាប់ពី​កិច្ចពិភាក្សា​ជា​ហូរហែ​ជិត​មួយ​សប្តាហ៍ ដែល​រួម​ប​ញ្ជូ​ល​ទាំង​កិច្ចពិភាក្សា​កាលពី​ថ្ងៃ​សៅរ៍​នៅ​ប្រទេស​កាតា​ជាមួយ​តំណាង​ពិសេស​ខាង​ភាគី​សហរដ្ឋអាមេរិក​ស​ម្រា​ប់​ការផ្សះផ្សារ​ជម្លោះ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក Zalmay Khalilzad​។​
 
​លោក Stanikzai បាន​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​មួយ​ដែល​គាំទ្រ​ក្រុម​តា​លី​បាន​ថា​«​ក្រុមការងារ​បច្ចេកទេស​ទាំងពីរ​ក្រុម​នឹង​រៀបចំ​សំណើរ​នានា និង​ធ្វើ​សេចក្តីសម្រេច បន្ទាប់មក​នឹង​នាំយក​សំណើរ​ទាំងនោះ​ទៅក្នុង​កិច្ចប្រជុំ​នៅ​រដ្ឋធានី​ដូ​ហា ប្រទេស​កាតា​នៅ​ថ្ងៃទី​២៥​ខែកុម្ភៈ​ខាងមុខ​»​។ លោក​បាន​និយាយ​បន្ថែមទៀតថា កិច្ចប្រជុំ​ទ្រង់ទ្រាយ​ធំ​នេះ​នឹងត្រូវ​រៀបចំឡើង ដោយមាន​ការចូលរួម​ពី​អង្គការសហប្រជាជាតិ​ដ៏​មាន​ឥទ្ធិពល និង​តំណាង​មកពី​ប្រទេស​ម៉ូ​ស្លី​ម​នានា​ដើម្បី​ធ្វើជា​អ្នកធានា​អះអាង​អំពី​ការដក​កងទ័ព​បរទេស​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​
 
​ក្រុម​តា​លី​បាន​នឹងធ្វើ​ការធានា​អះអាង​នៅក្នុង​កិច្ចប្រជុំ​នោះ​ថា នឹង​គ្មាន​ន​ណា​ម្នាក់​នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន​ដើម្បី​ធ្វើ​សកម្មភាព​ភេរវកម្ម​អន្តរជាតិ​ឡើយ​។ ភាគី​សហរដ្ឋអាមេរិក​ក៏​នឹង​ប្រកាស​អំពី​ពេលវេលា​សម្រាប់​ដក​កងទ័ព​របស់ខ្លួន​ផងដែរ​។ លោក Stanikzai​ក៏បាន​ទទួលស្គាល់​ដែរ​ថា កងទ័ព​ទាំងនេះ​មិនអាច​ដកចេញ​ឲ្យ​អស់​ក្នុង​រយៈពេល​មួយថ្ងៃ ឬមួយ​សប្តាហ៍​នោះទេ​។ វា​នឹង​ត្រូវការ​ពេលវេលា​។ លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា​សហរដ្ឋអាមេរិក​បាន​យល់ព្រម​ជួយ​កសាង​តំបន់​ឡើងវិញ​បន្ទាប់​ដក​កងទ័ព​ហើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com