ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល ប្រកាស​ព្យួរ​ការបង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល​របស់​សហគ្រាស​ក្នុង​វិស័យ​កសិកម្ម
31, Jan 2019 , 8:59 pm        
រូបភាព
លោក  អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​សម្រេច​ព្យួរទុក​ការបង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល​របស់​សហគ្រាស​ប្រកប​អាជីវកម្ម​ផលិត​និង​ផ្គត់ផ្គង់​ក្នុងស្រុក ឬ​នាំចេញ​ផលិត​កសិកម្ម​មួយចំនួន​។ នេះ​បើតាម​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ថ្ងៃទី​២៩​ខែមករា ។​

 
​ក្រសួង​សេដ្ឋកិច្ច បាន​បញ្ជាក់ថា ការប្រកាស​ព្យួរ​នេះ ក្នុង​បំណង​ជំរុញ​ផលិតកម្ម និង​ការនាំចេញ​ផលិតផល​កសិកម្ម​ស្របតាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ។ ចំពោះ​ផលិតផល​កសិកម្ម​មួយចំនួន ដែល​លើកឡើង​ក្នុង​ប្រកាស​នេះ ត្រូវ​សំដៅ ស្រូវ អង្ករ ពោត សណ្ដែក ម្រេច គ្រាប់ស្វាយចន្ទី ដំឡូង​មី និង​កៅស៊ូ​។​
 
​សហគ្រាស​ដែល​ត្រូវ​បានកំណត់​ខាងលើនេះ ត្រូវ​ទទួលបាន​ការអនុគ្រោះ​ព្យួរ​ទុកជា​បណ្ដោះអាសន្ន​នូវ​ការបង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំខែ រយៈពេល​៥​ឆ្នាំ គិត​ចាប់ពី​ខែមករា ឆ្នាំ​២០១៩ តទៅ​។​
 
​ប៉ុន្តែ​សហគ្រាស​ទាំងនោះ​ត្រូវបំពេញ​លក្ខខណ្ឌ​ពីរ គឺ​កាន់​បញ្ជិកា​គណនេយ្យ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បញ្ញត្តិ​នៃ​ច្បាប់​សារពើពន្ធ និង​ច្បាប់​គណនេយ្យ និង​ត្រូវ​ប្រកាស​បង់ពន្ធ​អាករ​ដទៃទៀត​ជា​ធរមាន​តាម​កាលកំណត់​៕
 

Tag:
 ពន្ធ​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com