កីឡាអន្តរជាតិ
អន្តរជាតិ
របាយការណ៍ FIFA៖ ទីផ្សារ​ដោះដូរ​កីឡាករ​ឆ្នាំ​២០១៨ ចំណាយ​លើស ៧ ពាន់​លាន​ដុល្លារ​
31, Jan 2019 , 9:19 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) បានចេញ​របាយការណ៍​ពី​ការចំណាយ​សរុប​លើ​ការ​ទិញដូរ​កីឡាករ​សម្រាប់​ឆ្នាំ​២០១៨ ដែលមាន​ទឹកប្រាក់រ​ហូ​តដល់ ៧,០៣​ពាន់​លាន​ដុល្លារ​អាមេរិក ។ ទំហំ​ទឹកប្រាក​ដោះដូរ​កីឡាករ​នេះ លើស​ការចំណាយ​កាលពី​ឆ្នាំ​២០១៧ ចំនួន​១០,៣​ភាគរយ និង​ជា​កំណត់ត្រា​ខ្ពស់បំផុត ដែល​មិន​ធ្លាប់មាន​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​គេហទំព័រ​ផ្លូវការ FIFA ​។​

 
FIFA បាន​រៀបរាប់​លម្អិត​អំពី​តួលេខ និង​ស្ថិតិ​នៃ​ប្រាក់​ទាំងអស់ ដែល​បាន​ចំណាយ​លើ​ការផ្ទេរ​កីឡាករ​ក្នុង​ក្លិប​បាល់ទាត់​អាជីព​នៅ​ជុំវិញ​ពិភពលោក​ក្នុង​ឆ្នាំ ២០១៨ ដូចខាងក្រោម​៖ 
 
​ការចំណាយ​ជា​កំណត់ត្រា​ក្នុង​រង្វង់​ទឹកប្រាក់ ៧,០៣​ពាន់​លាន​ដុល្លារ​អាមេរិក​នេះ គឺ​លើស ១០,៣ ភាគរយ ខ្ពស់ជាង​ការចំណាយ​កាលពី​ឆ្នាំ ២០១៧​។ ទឹកប្រាក់​ដ៏​សន្ធឹកសន្ធាប់​នេះ គឺមាន​ដំណើរ​ការផ្ទេរ​លើ​កីឡាករ​សរុប ១៦,៥៣៣​នាក់ មកពី​១៧៥ ជាតិ​សាសន៍​ផ្សេងគ្នា កើន ឡើង​៥,៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ដែលមាន ១៤,១៨៦​នាក់​។​
 
​យ៉ាងណាក៏ដោយ ក្នុងចំណោម​ទឹកប្រាក់​លើ​ការផ្ទេ​ទាំងអស់ ៧៨,២ ភាគរយ ស្ថិតក្នុង​ការដោះដូរ​កីឡាករ​រវាង​ក្លិប​ក្នុង​តំបន់​អ៊ឺរ៉ុប (UEFA)​។ ក្នុងនោះដែរ ការ​ទិញដូរ​ក្នុង​ក្របខណ្ឌ​លី​គ​ទាំងអស់​នៅ​បារាំង ត្រូវបាន​គេ​គណនា​ឃើញថា មានតម្លៃ​សរុប​ច្រើន​បំផុត ៤៦៧,២ លាន​ដុល្លារ​អាមេរិក ខណៈដែល​អង់គ្លេស​មាន​ការផ្ទេរ​ក្នុងតម្លៃ​ទាប​បំផុត ១,០៥ ពាន់​លាន​ដុល្លារ​អាមេរិក​។​
 
​ដោយឡែក​ក្លិប​ក្នុង​តំបន់​អាស៊ី ពោលគឺ​ក្នុងប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​៧ ក្នុងចំណោម​ក្លិប​ទាំងអស់​លើ​លោក ដែល​ចំណាយ​ច្រើន​បំផុត​លើ​ការផ្ទេរ​កីឡាករ​ក្នុង​ចំនួន​ទឹកប្រាក់ ១៧៣,៩ លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៨៕

Tag:
 បាល់ទាត់​
  FIFA
  ទីផ្សារ​ដោះដូរ​កីឡាករ​
© រក្សាសិទ្ធិដោយ thmeythmey.com