ជាតិ
ស្ថានទូត​អាមេរិក​ថា អាមេរិក​មិន​ពាក់ព័ន្ធ​រដ្ឋប្រហារ​រប​ស់ លន់ នល់ ឡើយ​
31, Jan 2019 , 4:33 pm        
រូបភាព
នៅ​ថ្ងៃទី​៣០​មករា ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ស្រាប់តែ​ផ្សាយ​សេចក្តីថ្លែងការណ៍​មួយ​ដែល​អបអរ​ព្រឹត្តិការណ៍​៧​មករា និង​ថ្កោលទោស​របប​ខ្មែរក្រហម នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​។ សេចក្តីថ្លែងការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ឆ្លងឆ្លើយ​ច្រើន​ដាក់គ្នា​ច្រើន ជុំវិញ​ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​នៅក្នុងពាក់កណ្តាលទស្សវត្សរ៍​១៩៧០នោះ ពិសេសរដ្ឋប្រហារ​ដែល​ដឹកនាំ​ដោយ​លោក​សេនាប្រមុខ លន់ នល់​។​

 
​វា​ជាការ​ឆ្លើយតប​ដ៏​កម្រ​មួយ ដែល​គេ​អាច​បានឃើញ​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ទាក់ទង​នឹង​ការចោទប្រកាន់​ជា​យូរ​ឆ្នាំ​ដែលថា អាមេរិក​គឺជា​អ្នកគាំទ្រ​ពីក្រោយ​រដ្ឋប្រហារ​របស់​លោក​សេនាប្រមុខ លន់ នល់ ទម្លាក់​សម្តេចព្រះ​ប្រមុខរដ្ឋ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​។​
 
​ស្ថានទូត​សហរដ្ឋអាមេរិក​បា​នស​រ​សេរ​ឆ្លើយតប​ទៅនឹង​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែល​សរសេរថា «​ប្រសិនបើ​អាមេរិក​មិន​ជួយ លន់ នល់ ទម្លាក់​សម្តេច​តា​ទេ ក៏​គ្មាន​ខ្មែរក្រហម​ដែរ​»​។ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ស្ថានទូត​អាមេរិក​បាន​ឆ្លើយតប​យ៉ាង​ដូច្នេះ​៖« តែ​យើង​សូម​ធ្វើការ​កត់សំគាល់ថា សហរដ្ឋអាមេរិក​មិនបាន​ពាក់ព័ន្ធ នៅក្នុង​រដ្ឋប្រហារ​ដែល​នាំអោយ​លោក លន់ នល់ ឡើងកាន់​អំណាច​នោះទេ​។ រហូតមកដល់​ពេលនេះ គ្មាន​ភស្តុតាង​ណាមួយ​ដែល​បញ្ជាក់​ពី​ការពាក់ព័ន្ធ​របស់​សហ​រដ្ឋ​អាមេរិក​ទេ​»​។ នៅក្នុង​សារ​ឆ្លើយតប​ដដែល ស្ថានទូត​អាមេរិក​បានលើកឡើង​ចំៗ​តែម្តង​ថា​ប្រទេស​ចិន​បាន​គាំទ្រ​របប​ខ្មែរក្រហម​។ ស្ថានទូត​អាមេរិក​បាន​សរសេរ​ប​ន្ត​យ៉ាង​ដូច្នេះ​៖«​ផ្ទុយទៅវិញ មាន​ភស្តុតាង​យ៉ាងច្រើន​ដែល​បង្ហាញថា រដ្ឋាភិបាល​ចិន​បាន​គាំទ្រ​យ៉ាងសកម្ម​ដល់​របប​ខ្មែរក្រហម ពី​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៧៩ និង​ក្នុង​រយៈកាល​ក្រោយពី​នោះមក​»​។​
 
​ការអធិប្បាយ​ឆ្លើយឆ្លង​នេះ បាន​កើតឡើង​នៅក្រោម​ការ​បង្ហោះ​សេចក្តីថ្លែងការណ៍​មួយ​របស់​ស្ថានទូត​អាមេរិក​ស្តីពី​ថ្ងៃ​៧​មករា និង​របប​ខ្មែរក្រហម ដោយមាន​ភ្ជាប់​ជាមួយ​រូបថត​នៃ​ទីក្រុង​ភ្នំពេញ​ដ៏​បាក់បែក​ក្នុង​ឆ្នាំ​១៩៧៩ រូបថត​ប៉ុល ពត និង​មន្ត្រីជាន់ខ្ពស់​ចិន និង​រូបថត​ខៀវ សំផន នៅក្នុង​សវនាការ​ផង​។​
 
​តាមរយៈ​សេចក្តីថ្លែងការណ៍ សហរដ្ឋអាមេរិក​បាន​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ស្លាប់​នៅ​ក្នុងសម័យ​ខ្មែរក្រហម​ផង បាន​រំឭក​ពី​សាលក្រម​កាត់ទោស​អតីត​មេដឹកនាំ​កំពូល​របប​ខ្មែរ ដែល​អាមេរិក​បាន​បន្ទោ​សថាបាន​ជឿ​យ៉ាង​ងប់​ង​ល់​ទៅលើ​ប្រទេស​ចិន​។​
 
​ឃ្លា​ចុងក្រោយ​នៃ​សេចក្តីថ្លែងការណ៍ ស្ថានទូត​សហរដ្ឋអាមេរិក​បាន​ផ្តោត​ចំ​រដ្ឋាភិបាល​តែម្តង ដោយបាន​សរសេរ​យ៉ាង​ដូច្នេះ​៖«​យើង​សូម​អំពាវនាវ​ឲ្យ​កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​នយោបាយ​ការបរទេស​ឯករាជ្យ អធិបតេយ្យ និង​ប្រកបដោយ​តុល្យភាព ដែល​រក្សាបាន​នូវ​អនាគត​របស់​ប្រទេស​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​»​។​
​សេចក្តីថ្លែងការណ៍​នេះ​ក៏​ទំនងជា​នឹងមិន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​នៅ​ស្ងៀម​ឡើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com