អន្តរជាតិ
អាជ្ញាធរក្រុងបាងកកប្រើយន្តហោះដ្រូនដើម្បីជួយបន្ថយការបំពុលបរិយាកាសធ្ងន់ធ្ងរ ក្រុមការងារស្ម័គ្រចិត្តរដ្ឋបាលក្រុងបាងកកកំពុងរៀបចំបង្ហោះដ្រូនបាញ់ទឹកដើម្បីសម្អាតបរិយាកាសថ្ងៃ ៣១ ខែមករា (រូបភាព៖ AFP)
× នៅពេលដែលទីក្រុងបាងកកបន្តប្រឈមមនឹងការបំពុលបរិយាកាសធ្ងន់ធ្ងរ សាលាក្រុងបានសម្រេចប្រើប្រាស់បច្ចេកវិទ្យាដ្រូនដើម្បីជួយសម្រួល និងសម្អាតភាពកខ្វក់ក្នុងបរិយាកាស។
យោងតាមកាសែត BangkokPost ចុះផ្សាយកាលពីថ្ងៃទី៣១ ខែមករា សាលាក្រុងបាងកកបានប្រើប្រាស់យន្តហោះដ្រូនដែលជាកម្មសិទ្ធិរបស់ក្រសួងកសិកម្ម មកបាញ់ទឹកសម្អាតបរិយាកាសនៅទីតាំងចំនួនប្រាំមួយផ្សេងគ្នានៅក្នុងទីក្រុងដ៏ធំមួយនេះ។
ដ្រូននីមួយៗអាចផ្ទុកទឹកបានចន្លោះប្រមាណប្រាំពីទៅដល់ដប់លីត្រក្នុងមួយជើង រួចវាអាចរំភាយទឹកទៅក្នុងបរិយាកាសក្នុងទំហំជាង២គីឡូម៉ែត្រក្រឡា។ នៅលើដី គេក៏បានពង្រាយឡានបាញ់ទឹកមួយចំនួន ដែលអាចបាញ់តំណក់ទឹកតូចៗទៅកាន់បរិយាកាសខាងលើបាន។
តំណក់តូចៗទាំងនោះ នឹងទៅតោងជាប់ជាមួយកម្ទេចធូលី ហើយធ្លាក់មកវិញជាតំណក់ទឹកកខ្វក់។ បន្ទាប់មក អ្នកសម្អាតចាប់ផ្តើមសម្អាតនៅតាមបណ្តោយដងផ្លូវនានា។ អាជ្ញាធរក្រុងក៏គ្រោងនឹងប្រើប្រាស់ Molasses ដែលជាសារធាតុម្យ៉ាងងាយស្អិតជាប់ជាមួយនឹងធូលីផងដែរ។
ធូលីដែលគេកំពុងតែព្រួយបារម្ភគឺជាប្រភេទលំអងតូចៗ មានទំហំចាប់ពី២,៥មីក្រូម៉ែត្រឡើង។ នេះមិនមែនជាធូលីទំហំធំប៉ុន្មានទេ តែចំនួនដ៏ច្រើនលើសលប់របស់វាអាចធ្វើឲ្យមានបញ្ហាផ្នែកផ្លូវដង្ហើមបាន។ សាលារៀន ៤៣៧ កន្លែងបានផ្អាកដំណើរការមួយរយៈដោយសារបញ្ហាបំពុលបរិយាកាសធ្ងន់ធ្ងរមួយនេះ។
សូមបញ្ជាក់ថា បញ្ហាបំពុលបរិយាកាសនៅក្នុងទីក្រុងបាងកកនេះកើតឡើងដំបូងចាប់តាំងពីពាក់កណ្តាលខែមករាមកម្ល៉េះ ហើយបញ្ហាមិនមានថមថយឡើយ។ បើតាម អ្នកជំនាញ មូលហេតុចម្បងដែលបណ្តាលឲ្យកម្រិតបំពុលខ្យល់ស្ថិតក្នុងកម្រិតធ្ងន់ធ្ងរខ្លាំងបែបនេះគឺមកពី ផ្សែងបំពុលដែលចេញពីយានយន្ត, ផ្សែងបំពុលដែលចេញពីរោងចក្រ, ការដុតបំផ្លាញដីស្រែ និងសំណង់ជាដើម៕
Tag:
បាងកក
ថៃ
បំពុលបរិយាកាស
© រក្សាសិទ្ធិដោយ thmeythmey.com