អន្តរជាតិ
អាជ្ញាធរ​ក្រុង​បាងកក​ប្រើ​យន្តហោះ​ដ្រូ​ន​ដើម្បី​ជួយ​បន្ថយ​ការបំពុល​បរិយាកាស​ធ្ងន់ធ្ងរ​
01, Feb 2019 , 10:05 am        
រូបភាព
ក្រុមការងារស្ម័គ្រចិត្តរដ្ឋបាលក្រុងបាងកកកំពុងរៀបចំបង្ហោះដ្រូនបាញ់ទឹកដើម្បីសម្អាតបរិយាកាសថ្ងៃ ៣១ ខែមករា (រូបភាព៖ AFP)
ក្រុមការងារស្ម័គ្រចិត្តរដ្ឋបាលក្រុងបាងកកកំពុងរៀបចំបង្ហោះដ្រូនបាញ់ទឹកដើម្បីសម្អាតបរិយាកាសថ្ងៃ ៣១ ខែមករា (រូបភាព៖ AFP)
​នៅពេលដែល​ទីក្រុង​បាងកក​បន្ត​ប្រឈម​ម​នឹង​ការបំពុល​បរិយាកាស​ធ្ងន់ធ្ងរ សាលាក្រុង​បានសម្រេច​ប្រើប្រាស់​បច្ចេកវិទ្យា​ដ្រូ​ន​ដើម្បី​ជួយ​សម្រួល និង​សម្អាត​ភាពកខ្វក់​ក្នុង​បរិយាកាស​។​


​យោងតាម​កាសែត BangkokPost ចុះផ្សាយ​កាលពី​ថ្ងៃទី​៣១ ខែមករា សាលាក្រុង​បាងកក​បាន​ប្រើប្រាស់​យន្តហោះ​ដ្រូ​ន​ដែលជា​កម្មសិទ្ធិ​របស់​ក្រសួងកសិកម្ម មក​បាញ់​ទឹក​សម្អាត​បរិយាកាស​នៅ​ទីតាំង​ចំនួន​ប្រាំមួយ​ផ្សេងគ្នា​នៅក្នុង​ទីក្រុង​ដ៏​ធំ​មួយ​នេះ​។​

​ដ្រូ​ន​នីមួយៗ​អាច​ផ្ទុក​ទឹកបាន​ចន្លោះ​ប្រមាណ​ប្រាំពី​ទៅដល់​ដប់​លីត្រ​ក្នុង​មួយ​ជើង រួច​វា​អាច​រំភាយ​ទឹក​ទៅក្នុង​បរិយាកាស​ក្នុង​ទំហំ​ជាង​២​គីឡូម៉ែត្រ​ក្រឡា​។ នៅលើ​ដី គេ​ក៏បាន​ពង្រាយ​ឡាន​បាញ់​ទឹក​មួយចំនួន ដែល​អាច​បាញ់​តំណក់​ទឹកតូចៗ​ទៅកាន់​បរិយាកាស​ខាងលើ​បាន​។​

តំណក់​តូចៗ​ទាំងនោះ នឹង​ទៅ​តោង​ជាប់​ជាមួយ​កម្ទេចធូលី ហើយ​ធ្លាក់​មកវិញ​ជា​តំណក់ទឹក​កខ្វក់​។ បន្ទាប់មក អ្នក​សម្អាត​ចាប់ផ្តើម​សម្អាត​នៅតាម​បណ្តោយ​ដងផ្លូវ​នានា​។ អាជ្ញាធរ​ក្រុង​ក៏​គ្រោង​នឹង​ប្រើប្រាស់ Molasses ដែលជា​សារធាតុ​ម្យ៉ាង​ងាយ​ស្អិត​ជាប់​ជាមួយនឹង​ធូលី​ផងដែរ​។​

ធូលី​ដែល​គេ​កំពុងតែ​ព្រួយបារម្ភ​គឺជា​ប្រភេទ​លំអង​តូចៗ មាន​ទំហំ​ចាប់ពី​២,៥​មីក្រូ​ម៉ែត្រ​ឡើង​។ នេះ​មិនមែនជា​ធូលី​ទំហំ​ធំ​ប៉ុន្មាន​ទេ តែ​ចំនួន​ដ៏​ច្រើន​លើសលប់​របស់​វា​អាចធ្វើ​ឲ្យ​មាន​បញ្ហា​ផ្នែក​ផ្លូវដង្ហើម​បាន​។ សាលារៀន ៤៣៧ កន្លែង​បាន​ផ្អាក​ដំណើរការ​មួយរយៈ​ដោយសារ​បញ្ហា​បំពុលបរិយាកាស​ធ្ងន់ធ្ងរ​មួយ​នេះ​។​

​សូមបញ្ជាក់ថា បញ្ហា​បំពុលបរិយាកាស​នៅក្នុង​ទីក្រុង​បាងកក​នេះ​កើតឡើង​ដំបូង​ចាប់តាំងពី​ពាក់កណ្តាល​ខែមករា​មក​ម្ល៉េះ ហើយ​បញ្ហា​មិនមាន​ថមថយ​ឡើយ​។ បើតាម អ្នកជំនាញ មូលហេតុ​ចម្បង​ដែល​បណ្តាល​ឲ្យ​កម្រិត​បំពុល​ខ្យល់​ស្ថិតក្នុង​កម្រិត​ធ្ងន់ធ្ងរ​ខ្លាំង​បែបនេះ​គឺ​មកពី ផ្សែង​បំពុល​ដែល​ចេញពី​យានយន្ត​, ផ្សែង​បំពុល​ដែល​ចេញពី​រោងចក្រ​, ការដុត​បំផ្លាញ​ដីស្រែ និង​សំណង់​ជាដើម​៕

Tag:
 បាងកក​
  ថៃ​
  បំពុលបរិយាកាស
© រក្សាសិទ្ធិដោយ thmeythmey.com