ជាតិ
រដ្ឋមន្ត្រី​ទេសចរណ៍​ចិន​ថា ទេសចរ​ចិន​សំណូមពរ ឲ្យ​កម្ពុជា​រក្សា​សុវត្ថិភាព​
01, Feb 2019 , 7:19 pm        
រូបភាព
រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា ជួបរដ្ឋមន្រ្តីទេសចរណ៍ចិន។ រូបបីក្រសួងទេសចរណ៍
រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា ជួបរដ្ឋមន្រ្តីទេសចរណ៍ចិន។ រូបបីក្រសួងទេសចរណ៍
​ភ្នំពេញ​៖ លោក ឡ ស៊ូ​កាង  រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​វប្បធម៌​នៃ​ប្រទេស​ចិន និយាយ ថា មាន​ភ្ញៀវទេសចរ​ចិន មកលេង​កម្ពុជា​កាន់តែ​ច្រើន ហើយ​ទេសចរ​ចិន​ទាំងនោះ បាន​សំណូមពរ​មួយចំនួន មក​កម្ពុជា ក្នុងការ​រក្សា​សុវត្ថិភាព​ទេសចរណ៍​។ រដ្ឋមន្ត្រី​ទេសចរណ៍​ចិន​រូបនេះ បាន​អះអាងថា សុវត្ថិភាព​ទេសចរណ៍ គឺជា​ផ្នែក​សំខាន់​ជាងគេ ដោយសារ​ការធានាបាន​នូវ​សុវត្ថិភាព​ទេសចរណ៍​នេះហើយ បាន​អាច​ផ្តល់​ការធានា​និង​ការទុកចិត្ត​ដល់​ភ្ញៀវទេសចរ មក​កម្សាន្ត​នៅ​កម្ពុជា​។


 
​លោក ឡ ស៊ូ​កាង បានបញ្ជាក់​ចំពោះមុខ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា ក្នុងជំនួប​ទ្វេភាគី កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩  ថា សុវត្ថិភាព​ទេសចរណ៍ គឺ​ទីមួយ សំដៅ​ដល់​ជីវិត និង​ទ្រព្យសម្បត្តិ​។ លោក ធ្លាប់​លើក​បញ្ហា​នេះ កាលពី​នៅ​ឆ្នាំមុន ក្នុងប្រទេស​ថៃ ដែល​បានធ្វើ​ឲ្យ​ទេសចរ​ចិន​ជាង​៤០​នាក់ ត្រូវ​បាត់​ប់​ជីវិត ដោយសារ​ការ​ក្រឡាប់​ទូក​។ បញ្ហា​នេះ បាន​ប៉ះពាល់​ច្រើនណាស់​ទៅដល់​វិស័យ​ទេសចរណ៍​ថៃ​។ មកដល់​ពេលបច្ចុប្បន្ន ចំនួន​ភ្ញៀវទេសចរ​ចិន ដែល​បាន​ទៅលេង​ប្រទេស​ថៃ បាន​ថយចុះ​៦០​ភាគរយ​។ ការធានា​សុវត្ថិភាព​ភ្ញៀវទេសចរ គឺជា​ភារកិច្ច​រដ្ឋាភិបាល ដែល​ប្រទេស​ចិន យកចិត្តទុកដាក់​ជាង​គេ​។​
 
​បញ្ហា​ទី​ពីរ គឺ​ធានា​សណ្តាប់ធ្នាប់ ក្នុងការ​គ្រប់គ្រង​សង្គម​ផងដែរ ដូចជា ចោរប្លន់ និង​ការ​លួច​អីវ៉ាន់​ផ្សេងៗ​។ រដ្ឋមន្ត្រី​ទេសចរ​ចិន​រូបនេះ បាន​និយាយ​យ៉ាង​ដូច្នេះ​«​ខ្ញុំ​សង្ឃឹមថា មានការ​ប្រឹង​ប្រែ​ពី​ភាគី​ទាំងពីរ ធ្វើយ៉ាងណា​ឲ្យ​សណ្តាប់ធ្នាប់​ក្នុងសង្គម​យើង ទទួល​បានល្អ​»​។ 
 
​លោក ឡ ស៊ូ​កាង បាន​បន្ត​លើក​ពី​សំណូមពរ​របស់​ភ្ញៀវទេសចរ​ចិន ថា​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គួរ​ដាក់​ស្លាក​សញ្ញា ជាពិសេស​ស្លាក​សញ្ញា​ជា​ភាសា​ចិន នៅ​កន្លែង​អាកាសយានដ្ឋាន សណ្ឋាគារ ស្ថានីយ៍​រថយន្ត និង​តំបន់​រមណីយដ្ឋាន​ជាដើម​។ 
 
​មួយវិញទៀត ក៏​សុំ​ឲ្យ​លើកស្ទួយ​មគ្គុទេសក៍ ដែល​និយាយ​ភាសា​ចិន សុំ​ឲ្យ​មាន​ប៉ុស្តិ៍​ទូរ​ស្សន៍​ជា​ភាសា​ចិន ក្នុង​សណ្ឋាគារ និង​សុំ​ឲ្យ​មានការ​ទូទាត់​កាត​ធនាគារ ឲ្យ​មាន​ភាពងាយស្រួល​ក្នុង​ប្រព័ន្ធ​ផងដែរ​។  
 
​អ្វីដែល​បានលើកឡើង​ខាង​នេះ គឺជា​សំណូមពរ​ដែល​ភ្ញៀវទេសចរ​ចិន បាន​មកលេង​កម្ពុជា​។ នេះ​បើតាម​ការបញ្ជាក់​ចុងក្រោយ​របស់លោក ឡ ស៊ូ​កាង​៕
 

Tag:
 ទេសចរណ៍​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com