ជាតិ
សង្គមជាតិ
ទ្វារ​ព្រំដែន កំពង់ផែ​សមុទ្រ តំបន់​សេដ្ឋកិច្ច​.... លែងមាន​កាំកុងត្រូល​ទៀតហើយ​
01, Feb 2019 , 8:19 pm        
រូបភាព
ច្រកទ្វារព្រំដែនកម្ពុជា-ថៃ
ច្រកទ្វារព្រំដែនកម្ពុជា-ថៃ
ដោយ: ថ្មីៗ
​រាល់​ស្ថាប័ន​ដែលមាន​សមត្ថកិច្ច​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​នាំចូល របស់​អគ្គនាយកដ្ឋាន​កម្ពុជា​ត្រួតពិនិត្យ​ទំនិញ​នីហរ័ណ​អាហរ័ណ និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កាំកុងត្រូល​) របស់​ក្រសួងពាណិជ្ជកម្ម ដែលមាន​នៅតាម​ច្រកទ្វារ​អន្តរជាតិ ច្រកទ្វារព្រំដែន​អន្តរជាតិ ច្រកទ្វារព្រំដែន​ទ្វេភាគី ច្រកទ្វារ​តំបន់​ព្រំដែន ច្រកទ្វារ​កំពង់ផែ​សមុទ្រ តំបន់​សេដ្ឋកិច្ច​ពិសេស ទីកន្លែង​សន្និធិ​គយ​បណ្តោះអាសន្ន និង​កន្លែង​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​នាំចូល​ផ្សេងទៀត នៅ​ទូទាំងប្រទេស​កម្ពុជា ត្រូវ​លុបចេញ​ទាំងអស់​។​


 
​ការប្រកាស​លុបចេញ​ជា​ផ្លូវការ​នូវ​កាំកុងត្រូល​នៅតាម​ទីតាំង​ទាំងអស់នេះ គឺធ្វើឡើង​ដោយ​អនុក្រឹត្យ ដែល​ប្រមុខ​រដ្ឋាភិបាល បាន​ចុះហត្ថលេខា នៅ​ពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩​។

អនុក្រឹត្យ កំណត់ថា អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច គឺជា​ស្ថាប័ន​តែមួយគត់ ដែលមាន​សមត្ថកិច្ច​ក្នុងការ​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​នាំចូល នៅតាម​ទីតាំង​ទាំងអស់នោះ​។​
 
​ប្រមុខ​រដ្ឋាភិបាល ប្រកាស​កាលពីពេល​ថ្មី​នេះ​ថា នៅ​ច្រកទ្វារព្រំដែន នឹងត្រូវ​ដាក់​មន្ត្រី​តែ​ពីរ​ផ្នែក​ប៉ុណ្ណោះ គឺ​មន្ត្រី​គយ​និង​មន្ត្រីនគរបាល​អន្តោប្រវេសន៍​។ ប្រមុខ​រដ្ឋាភិបាល អះអាងថា ការកែសម្រួល​បែបនេះ គឺ​ដើម្បី​ប្រសិទ្ធភាព​ការងារ​។​
 
​គួរ​បញ្ជាក់ថា រដ្ឋាភិបាល​នឹងត្រូវ​បាត់បង់​ប្រាក់ចំណូល​ក្នុង​មួយឆ្នាំ​ប្រមាណ ៣០​លាន​ដុល្លារ​។ នេះ​បើតាម​ការ​ថ្លែង​របស់​សម្ដេច ហ៊ុន សែន កាលពី​ចុងខែ​មករា ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កាត់ដេរ​នៅ​ខេត្តកំពត ដែល​សម្ដេច​បញ្ជាក់ថា រដ្ឋ​ខាត​ចំណូល ៣០​លាន​ដុល្លារ តែ​វិស័យ​ឯកជន​ចំណេញ​ដល់​ទៅ ៤០​លាន​ដុល្លារ ព្រោះ​ការយក​កម្រៃ​សេវា​ក្រៅផ្លូវការ​ប្រមាណ ១០​លាន​ដុល្លារ​ទៀត​៕

Tag:
 កាំកុងត្រូល​
© រក្សាសិទ្ធិដោយ thmeythmey.com