អន្តរជាតិ
អឺរ៉ុប​ចាប់ផ្តើម​បើក​យន្តការ​ហិរញ្ញវត្ថុ​ថ្មី​មួយ​បញ្ចៀស​ការប៉ះពាល់​ដល់​ទ​ណ្ឌ​កម្ម​ពា​ណិ​ជ្ជក​ម្ម​លើ​អ៊ីរ៉ង់​
01, Feb 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​ចក្រភព​អង់គ្លេស បារាំង និង​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បើក​ឲ្យ​ដំណើរការ​ស្ថាន​ប័ន​យន្តការ​ហិរញ្ញវត្ថុ​ថ្មី​មួយ​ដើ​ម្ប​បញ្ចប់​កិច្ចព្រមព្រៀង​អាជីវកម្ម​មិន​ប្រើ​លុយ​ដុល្លារ​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ដើម្បី​ចៀសវាង​កុំ​ឲ្យ​ប៉ះពាល់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ដែល​សហរដ្ឋអាមេរិក​បាន​ដាក់​លើ​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​បន្ទាប់ពី​លោក​ប្រធានាធិបតី Donald Trump ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិ​ឆ្នាំ​២០១៥​ដែលមាន​បំណង​កាត់បន្ថយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​។

 
​ស្ថាប័ន​ហិរញ្ញវត្ថុ​នេះ​ត្រូវបាន​ចុះបញ្ជី​នៅ​ប្រទេស​បារាំង​ដោយមាន​ការគ្រប់គ្រង​ពី​ប្រទេស​អាល្លឺម៉ង់ និង​បានទទួល​ថវិកា​ពី​ប្រទេស​ទាំងបី​។ ស្ថាប័ន​នេះ​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នានា​របស់​សហភាព​អឺរ៉ុប​អាចធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​អ៊ីរ៉ង់​បាន បើទោះបីជា​មានទណ្ឌ​កម្ម​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក៏ដោយ​។​
 
​មន្ត្រី​សហរដ្ឋអាមេរិក​ថា ពួកគេ​បាន​តាមដាន​អំពី​ការវិវត្ត​នេះ ប៉ុន្តែ​បាន​ច្រានចោល​ទស្សនៈ​ដែល​យល់ថា​យន្តការ​ពិសេស​ដើម្បី​ទូទាត់​ប្រាក់​នេះ​អាច​ចៀស​ផុតពី​ទណ្ឌកម្មសេដ្ឋកិច្ច​ដែល​អាមេរិក​បានដាក់​លើ​ក្រុង​តេ​ហេ​រ៉ង់​។​
 
​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​អាល្លឺម៉ង់​បាន​និយាយថា លោក Trump បានប្រកាស​យ៉ាងច្បាស់​ថា រាល់​ក្រុមហ៊ុន​ឬ​ស្ថាប័ន​ណា​ដែល​នៅ​បន្តធ្វើ​ជំនួញ​ជាមួយ​ប្រទេស​អ៊ីរ៉ង់ នឹងត្រូវ​ប្រឈម​នឹង​ហានិភ័យ​ធ្ងន់ធ្ងរ​ដែល​អាច​ឈានដល់​បាត់បង់​សិទ្ធិ​ទទួលបាន​ប្រព័ន្ធ​ហរិញ្ញវត្ថុ​អាមេរិក និង​បាត់បង់​ឱកាស​ធ្វើ​ជំនួញ​ជាមួយនឹង​សហរដ្ឋអាមេរិក​ឬ​ក្រុមហ៊ុន​នានា​របស់​អាមេរិក​។ យន្តការ​ហិរញ្ញវត្ថុ​ដែលមាន​ឈ្មោះថា INSTEX ដែលជា​យន្តការ​គាំទ្រ​ដល់​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​បានទទួល​ការគាំទ្រ​ពី​ប្រទេស​ទាំង​២៨​នៃ​សមាជិក​សហភាព​អឺរ៉ុប​។​
 
​តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប​លោកស្រី Federica Mogherini បាន​ថ្លែងថា​«​ការបង្កើត​យន្តការ​ហ​រិញ្ញ​វត្ថុ​នេះ​គឺជា​រថយន្ត​ដែលមាន​គោលបំណង​ពិសេស​មួយ​។​ហើយ​ខ្ញុំ​ជឿជាក់ថា​យន្តការ​នេះ​នឹង​អនុញ្ញាត​ឲ្យ​មាន​ពាណិជ្ជកម្ម​ស្របច្បាប់​ជាមួយ​អ៊ីរ៉ង់​បាន ដើម្បី​ឲ្យ​យើង​អាច​បន្ត​ពិនិត្យមើល​នៅក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​។ យើង​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​យន្តការ​ថ្មី​នេះ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com