អន្តរជាតិ
ចូលឆ្នាំចិនក៏ជាថ្ងៃសម្រាកនៅព្រុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី កូរ៉េ ផងដែរ តំបន់ Chinatown នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន រៀបចំស្វាគមន៍បុណ្យចូលឆ្នាំចិន។ រូបថត AFP
× ចូលឆ្នាំប្រពៃណីចិន មិនត្រឹមតែជាថ្ងៃសម្រាកសម្រាប់ពលរដ្ឋនៅប្រទេសចិនប៉ុណ្ណោះ ប៉ុន្តែប្រទេសមួយចំនួនក៏ត្រូវសម្រាកដើម្បីប្រារព្ធពិធីដូចគ្នានេះផងដែរ។ ក្រៅពីវៀតណាម ដែលមានប្រពៃណីដូចចិន ប្រទេសផ្សេងទៀតដែលមានសហគមន៍ចិនរស់នៅច្រើន ក៏ត្រូវឈប់សម្រាកផងដែរ ។
យោងតាមគេហទំព័រ Public Holidays Global ប្រទេសមួយចំនួននៅតំបន់អាស៊ី បានកំណត់យកថ្ងៃទី៥ ខែកុម្ភៈ ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំចិន។ ប្រទេសទាំងនោះរួមមាន ប្រទេសទាំងនោះមានដូចជា ព្រុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី កូរ៉េខាងជើង សិង្ហបុរី និងកូរ៉េខាងត្បូង។ វៀតណាម ត្រូវឈប់នៅថ្ងៃទី៤ ខែកុម្ភៈ ដែលជាថ្ងៃចូលឆ្នាំវៀតណាម ដូចប្រពៃណីចិន។
ខេត្តមួយចំនួននៅថៃដូចជា Narathiwat, Pattani, Yala និង Satun ក៏យកពិធីបុណ្យចូលឆ្នាំចិនជាថ្ងៃឈប់សម្រាកផងដែរ។
សម្រាប់ប្រទេសផ្សេងទៀត ដូចជា អូស្ត្រាលី កាណាដា ឥណ្ឌា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ជាពិសេសហ្វីលីពីន បើទោះបីជាមិនមែនជាថ្ងៃឈប់សម្រាករបស់រដ្ឋក៏ដោយ ប៉ុន្តែសហគ្រាស សាលារៀន និងអាជីវកម្មជាច្រើន ត្រូវបិទទ្វារដើម្បីប្រារព្ធពិធីបុណ្យមួយនេះ។
ទោះបីជា Public Holidays Global មិនបានលើកឡើងពីកម្ពុជា ក៏ដោយ ប៉ុន្តែគេសង្កេតឃើញថា មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន ស្ថាប័នរដ្ឋ និងសហគ្រាសឯកជនមួយចំនួន ក៏មិនទៅបំពេញការងាររបស់ខ្លួននោះដែរ នាឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន៕
© រក្សាសិទ្ធិដោយ thmeythmey.com