ភ្នំពេញ៖ ប្រទេសកម្ពុជាមានសក្តានុពលសម្រាប់វិស័យកសិកម្ម ជាពិសេសក្នុងវិស័យវារីវប្បកម្ម ព្រោះមានប្រភពទឹកគ្រប់គ្រាន់។ ប៉ុន្តែបច្ចុប្បន្ននេះ ទីផ្សារត្រីក្នុងកម្ពុជាមួយចំនួនធំ បាននាំចូលពីប្រទេសជិតខាងទៅវិញ ដូច្នេះវាជាការបង្ហាញថា កម្ពុជាមិនទាន់មានសមត្ថភាពបង្កើនផលត្រីឲ្យបានគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គងតម្រូវការទីផ្សារក្នុងស្រុកនៅឡើយ។
លោក Jim Hershey នាយកប្រតិបត្តិគម្រោង CAST នៅកម្ពុជា បាននិយាយថា បញ្ហាប្រឈមគឺមកពីកសិករមិនទាន់មានចំណេះដឹង និងបច្ចេកទេសផ្សេងៗដែលទាក់ទងនឹងការចិញ្ចឹមត្រីសម្រាប់ផ្គត់ផ្គងតម្រូវការទីផ្សារ។ ជាពិសេសពួកគេមិនទាន់មានបណ្ដាញទីផ្សារទូលំទូលាយនៅឡើយ។ ដោយសារតែបញ្ហានេះហើយ ទើបដ្ឋាភិបាលសហរដ្ឋអាមេរិកលើកយកគម្រោង ពង្រីក និងអភិវឌ្ឍវារីវប្បកម្មនេះឡើង ដើម្បីជួយកម្ពុជាឲ្យក្លាយជាអ្នកប្រើប្រាស់ និងអ្នកផ្គត់ផ្គង់ត្រីប្រកបដោយគុណភាព តាមរយៈការផ្ដល់ជំនាញបច្ចេកទេសចិញ្ចឹមក្នុងស្រុក។
ផ្ដល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ នាយកប្រតិបត្តិគម្រោង CAST នៅកម្ពុជា បាននិយាយដូច្នេះថា៖ « កម្ពុជាមានប្រភពទឹកជាច្រើន ហេតុអ្វីត្រូវនាំត្រីចូលពីប្រទេសវៀតណាមជាច្រើន?ហេតុអ្វីមិនព្រមផលិតខ្លួនឯង? ក្រុមការងារបានរកឃើញមូលហេតុចម្បងគឺ កសិករខ្វះចំណេះដឹងបច្ចេកទេស មិនទាន់ចេះផលិតចំណី រួមទាំងការផលិតឆ្លើយតបទៅនឹងទីផ្សារ ទាំងបរិមាណ និងគុណភាព។ ដូច្នេះពួកគេត្រូវការរៀនសូត្រពីបច្ចេកទេសចិញ្ចឹម ការថែទាំ និងការគ្រប់គ្រងការផលិត ហើយនេះជាឱកាសល្អសម្រាប់កសិកកម្ពុជា»។
រដ្ឋាភិបាលអាមេរិក បានផ្ដល់ជំនួយជាថវិកាជាង១៧លានដុល្លារ សម្រាប់ជួយដល់ប្រជាពលរដ្ឋកម្ពុជា លើការចិញ្ចឹមត្រីទឹកសាបសម្រាប់ពាណិជ្ជកម្ម។ គម្រោងមានឈ្មោះថា អភិវឌ្ឍន៍វារីវប្បកម្ម សម្រាប់និរន្តភាពពាណិជ្ជកម្ម ឬហៅកាត់ជាភាសាអង់គ្លេសថា (CAST) ។ គម្រោងនេះមានរយៈពេល ៥ឆ្នាំ ដែលធ្វើការផ្ដោតទៅលើការបណ្ដុះបណ្ដាលលើបច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ ផ្ដល់ការប្រឹក្សាយោបល់ និងជួយរកទីផ្សារ តាមរយៈការធ្វើការដោយផ្ទាល់ជាមួយប្រជាពលរដ្ឋក្នុងខេត្តគោលដៅចំនួន៦ នៅជុំវិញបឹងទន្លេសាប ក្នុងប្រទេសកម្ពុជា។
នាយកប្រតិបត្តិគម្រោង CAST នៅកម្ពុជា សង្ឃឹមថា គម្រោងនេះ នឹងជួយដល់សហគ្រាសខ្នាតតូច និងមធ្យម និងអ្នកចិញ្ចឹមត្រីសម្រាប់ធ្វើពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា លើបច្ចេកទេសចិញ្ចឹមត្រី ដូចជាការបង្កាត់ពូជ ការផលិតចំណី និងកន្លែងចិញ្ចឹមត្រី ត្រូវតាមបទដ្ឋាន ដែលអាចប្រកួតប្រជែងជាមួយទីផ្សារពិភពលោកបាន ក្នុងថ្ងៃអនាគត។
ខេត្តគោលដៅទាំង៦ ដែលក្រុមការងារគម្រោង CAST ត្រូវចុះសិក្សានោះ រួមមានខេត្តកណ្ដាល, កំពង់ចាម, កំពង់ធំ, សៀមរាប,បាត់ដំបង, និងពោធិ៍សាត់ ដោយសហការជាមួយក្រសួងកសិកម្ម សកលវិទ្យាល័យភូមិន្ទកសិកម្ម សកលវិទ្យាល័យបាត់ដំបង និងជាមួយអង្គការក្រៅរដ្ឋាភិបាលជាច្រើនទៀត។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិយាយថា វិស័យវារីវប្បកម្មនៅកម្ពុជា កំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ខណៈកម្ពុជាបានកាត់បន្ថយការនាំចូលត្រីពីបរទេសជាច្រើន។ ប៉ុន្តែវិស័យវារីវប្បកម្មនេះ ក៏នូវជួបបញ្ហាប្រឈមជាច្រើនផងដែរ។ បើតាមលោក វេង សាខុន បញ្ហាប្រឈមនោះរួមមាន គុណភាពកូនត្រីពូជមិនទាន់ឆ្លើយតបតាមតម្រូវការ, កង្វះខាតនូវការទទួលបានបច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ, តម្រូវការអនាម័យ និងស្តង់ដារភូតគាមអនាម័យ និងស្ថានភាពទីផ្សារដែលភ្ជាប់រវាងទីផ្សារក្នុងស្រុក និងអន្តរជាតិក៏នៅមានកម្រិត។
សម្រាប់លោក វេង សាខុន គម្រោងរបស់រដ្ឋាភិបាលអាមេរិកនេះពិតជាចាំបាច់ និងឆ្លើយតបទាន់ពេលវេលា ដើម្បីសម្រេចតាមគោលដៅនៃការសម្របសម្រួលផ្គត់ផ្គង់ត្រីបាន ទាំងបរិមាណ ហើយមានគុណភាពខ្ពស់ និងតម្លៃល្អប្រសើរនៅប្រទេសកម្ពុជា ក្នុងបរិបទនៃសាកលភាវូបនីយកម្ម។
« យើងចាត់ទុកថាជាគម្រោងមួយ ដែលបានចូលរូមចំណែកយ៉ាងពេញលេញទៅដល់ការរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ យើងមើលឃើញថាវិស័យកសិកម្មយើងពឹងតែស្រូវមិនអាចមានចំណូលខ្ពស់ប៉ុន្មានទេ ហើយពិបាករកទីផ្សារទៀត។ បច្ចុប្បន្ននេះ យើងមើលឃើញថាការចិញ្ចឹមត្រីគឺជាធនធានចូលរួមចំណែកសេដ្ឋកិច្ចសម្បើមណាស់ ជាពិសេសនៅក្នុងប្រទេសជិតខាងយើង និងក្រៅតំបន់ដែលកំពុងចាប់អារម្មណ៍ទៅលើការចិញ្ចឹមត្រី តាមលក្ខណៈគ្រួសារ ក៍ដូចតាមពាណិជ្ជកម្ម»។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម៕