ជាតិ
សង្គមជាតិ
ភូមិ​វប្បធម៌​ខ្មែរ អាច​នឹង​បង្កើន​នៅ​ជប៉ុន សម្រាប់​ខ្មែរ​ជួបជុំគ្នា​ពេល​បុណ្យទាន​
01, Feb 2019 , 10:19 pm        
រូបភាព
ជំនួបរវាងលោក អ៊ិត សំហេង និង លោក Fumio Yamada នៅទីស្តីការក្រសួងការងារ
ជំនួបរវាងលោក អ៊ិត សំហេង និង លោក Fumio Yamada នៅទីស្តីការក្រសួងការងារ
ដោយ: ថ្មីៗ
​អង្គការ​សមាគម​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន បាន​ស្នើសុំ​រដ្ឋាភិបាល​ក​ម្ពុ​ជា បង្កើត​ភូមិ​វប្បធម៌​ខ្មែរ​មួយ នៅ​ប្រទេស​ជប៉ុន​។ លោក Fumio Yamada ប្រធាន​អង្គការ​សមាគម​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន បាន​លើកសំណើ​នេះ នៅ​ចំពោះមុខ​លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួង​កា​ងារ ក្នុងជំនួប នៅ​ថ្ងៃ​១ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​។


 
​បើតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ​របស់​ក្រសួង​ការងារ ភូមិ​វប្ប​ធ៌​ម​នេះ ជា​កន្លែង​ជួបប្រជុំគ្នា​រវាង​ប្រជាជន​ខ្មែរ​នៅ​ជប៉ុន ក្នុង​ការធ្វើ​ពិធីបុណ្យ​ផ្សេងៗ​តាម​ប្រពៃណី ហើយ​ម្យ៉ាងវិញទៀត ពលរដ្ឋ​ខ្មែរ អាច​ទៅ​ជួបប្រជុំ​នៅ​ទីនោះ ដើម្បី​បង្ហាញ​ពី​វប្បធម៌​របស់​ខ្មែរ​។ យ៉ាងណាក៏ដោយ លោក Fumio Yamada ពុំបាន​ប្រាប់​លោក អុិត សំហេង លម្អិត​នោះទេ ថា​ភូមិ​វប្បធម៌​នេះ នឹងត្រូវ​បង្កើតឡើង​នៅពេលណា​។  
 
​លោក អុិត សំហេង បាន​ឯកភាព​ចំពោះ​សំណើសុំ​បង្កើត​ភូមិ​វប្បធម៌​នេះ ដោយ​លោក យល់ថា ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការជួបជុំ​សាច់ញាតិ​របស់​ពលករ និង​ប្រជាជន​ខ្មែរ​ទូទៅ នៅ​ប្រទេស​ជប៉ុន​។ គេហទំព័រ​របស់​ក្រសួង​ការងារ បាន​សរសេរ​ពីស​ម្តី​របស់លោក​រដ្ឋមន្ត្រី ក្នុងជំនួប​នោះ ថា ពលករ​ខ្មែរ​ប្រមាណ​៩​ពាន​ក់ ដែល​កំពុងធ្វើការ​នៅ​ជប៉ុន ហើយ​លោក​សង្ឃឹមថា នៅ​ឆ្នាំក្រោយ នឹងមាន​ការ​កើន​ចំនួន​ទ្វេរ​។ 
 
​បច្ចុប្បន្ន ក្រសួង​ការងារ កំពុង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​ប្រទេស​ជប៉ុន ដើម្បី​ពិនិត្យ និង​រៀបចំ​ឲ្យ​មាន​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយគ្នា ក្នុង​គោលបំណង​បង្កើន​ទីផ្សារការងារ និង​ឱកាស​ការងារ​ដល់​ប្រជាជន​កម្ពុជា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ក្រសួង​ការងារ​ដដែល​៕ 

Tag:
 កម្ពុជា​-​ជប៉ុន​
  ភូមិ​វប្បធម៌​
  អុិត សំហេង
© រក្សាសិទ្ធិដោយ thmeythmey.com